(ឡុងដ៏)៖ ក្លិបសារិការព្រៃ Newcastle United អំឡុងពេលនេះបានកំពុងតែព្យាយាមធ្វើការផ្លាស់ប្តូរមួយលើកីឡាករ Hugo Ekitike របស់ក្លិប Eintracht Frankfurt ដែលអាចជាការផ្ទេរស្ថិតក្នុងកំណត់ត្រាមួយផងដែរ ។ នេះបើតាមប្រភពពី BBC នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ។
ប្រភពពីក្លិប Newcastle បានឱ្យដឹងថា ឥឡូវនេះក្លិបកំពុងស្វែងរកកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ ដើម្បីធ្វើយ៉ាងណាអាចចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងរូបនេះ ដែលទំនងជាមានតម្លៃលើសពី ៧០លានផោន ឬជិត ១០០លានដុល្លារ ។
ជាមួយការស្វែងរកជម្រើសខ្សែប្រយុទ្ធថ្មីនេះ ក្លិបក៏បានបញ្ជាក់ថា ក៏មិនមានគោលការណ៍លក់ខ្សែប្រយុទ្ធ Alexander Isak ដែលកំពុងមានការចាប់អារម្មណ៍ពីក្លិបធំៗ នៅទូទាំងតំបន់អឺរ៉ុប ជាពិសេសគូប្រជែងក្នុងលីគ ហ្សងក្រហម Liverpool ផងដែរ ដ្បិតរូបគេមានតម្លៃកំណត់ត្រាប្រមាណ ៦៣លានដផោនរបស់ក្លិបផ្ទេរមកពី Real Sociedad កាលឆ្នាំ២០២២ ។
Hugo Ekitike ជាខ្សែប្រយុទ្ធមានវ័យ ២៣ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងល្អនឹងលេចធ្លោ ជាមួយការស៊ុតបញ្ចូលទីបាន ១៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៨ដង កាលពីរដូវកាលមុន ខណៈដែលក្រុមរបស់គាត់បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅលីគអាល្លឺម៉ង់ Bundesliga ក្រោមការដឹកនាំដោយលោក Dino Toppmoller ។
សូមជម្រាបផងថា Newcastle បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ ក្នុងក្របខ័ណ្ឌលីគ Premier League កាលពីរដូវកាលមុន មានកៅអីលេងការប្រកួតជម្រុះពាន UEFA Champions League 2025/26 ។ កាលពីសប្តាហ៍មុនក្លិបបានបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Anthony Elanga ពីក្លិប Nottingham Forest ក្នុងតម្លៃ ៥៥លានផោន ស្ថិតក្នុងការស្វែងរកជម្រើសកីឡាករមកពង្រឹងក្រុមសម្រាប់រដូវកាលថ្មីខាងមុខ ៕