(ភ្នំពេញ)៖ ក្រុមកីឡារាំកម្ពុជា បានបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡារាំអាស៊ីអាគ្នេយ៍នៃព្រឹត្តិការណ៍ជើងឯកអាស៊ី-ជើងឯកអាស៊ីអាគ្នេយ៍ (WDSF Asian-WDSF Southeast Asian Championship 2025) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ហើយ ដោយដណ្ដើមបានមេដាយសរុប ១៨គ្រឿង ក្នុងនោះមានមេដាយមាស ៣ ប្រាក់ ៤ និងសំរឹទ្ធ ១១គ្រឿង។

ក្រោយបញ្ចប់បេសកកម្មជិត ១សប្ដាហ៍ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ បានត្រឡប់មកដល់មាតុភូមិវិញ ដោយសុវត្ថិភាព កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដាកន្លងទៅ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំសហព័ន្ធផ្សេងទៀត។

ក្នុងនាមសហព័ន្ធ លោកស្រី ញ៉ែម មរកត បានសម្ដែងនូវសេចក្ដីរំភើបរីករាយជាខ្លាំង ដែលក្រុមប្រតិភូកីឡារាំកម្ពុជា បានបញ្ចប់ការប្រកួតជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ ដោយជោគជ័យ ក្នុងការនាំមេដាយមាស ប្រាក់ និងសំរឹទ្ធសរុប ១៨គ្រឿងជូនជាតិមាតុភូមិ ។ លោកស្រីបានចាត់ទុកសមិទ្ធផលនេះ គឺជាលទ្ធផលលើសពីការរំពឹងទុក ដោយកីឡាករ-កីឡាការិនីរាំកម្ពុជាមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។

លោកស្រីបន្ដថា ភាពជោគជ័យនេះ ស្ថិតក្រោមការយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡាគ្រប់សហព័ន្ធកីឡាជាតិទាំងអស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជំរុញឱ្យវិស័យកីឡានានា មានការអភិវឌ្ឍ និងរីកចម្រើន ក្នុងនោះក៏មានកីឡារាំផងដែរ ។ លើសពីនេះ លោកស្រីក៏បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ដើម្បីទទួលបាននូវលទ្ធផលដ៏ល្អប្រសើរជូនជាតិពេលនេះ។

គួរបញ្ជាក់ថា សហព័ន្ធកីឡារាំកម្ពុជា បានបញ្ជូនប្រធានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចំនួន ២០នាក់ ទៅចូលរួម ក្នុងនោះមានកីឡាករ-កីឡាការិនី ១៨នាក់ ដឹកនាំដោយលោក ស៊ូវ តុង នាយកបច្ចេកទេសសហព័ន្ធ ទទួលបន្ទុកប្រធានប្រតិភូ និងលោកស្រី YOU SHU JIE គ្រូបង្វឹកក្រុមជម្រើសជាតិ។ ព្រឹត្តិការណ៍ដែលវៀតណាម ធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៥នេះ មានកីឡាករ-កីឡាការិនីជាង ៣០០០នាក់ មកពី ៣៧ប្រទេសចូលរួម៕