(អ៉ឺតាលី)៖ ជាផ្លូវការខ្សែបម្រើឆ្នើម Luka Modric បានបញ្ចប់ការផ្ទេរទៅកាន់ក្លិប AC Milan លើការផ្ទេរដោយឥតគិតថ្លៃបន្ទាប់ពីបានរួមរស់ជាមួយ Real Madrid អស់រយៈពេល ១៣ឆ្នាំជាមួយភាពជោគជ័យជាច្រើននៅអេស្ប៉ាញ ។

ខ្សែបម្រើមានវ័យ ៣៩ឆ្នាំរូបនេះ បានសម្រេចចុះកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៦ ដោយភាគីក្លិបលីគអ៊ីតាលី ក៏មានជម្រើសក្នុងការពិភាក្សាបន្តកុងត្រារយៈពេលមួយឆ្នាំទៀតផងដែរ ។ Modric បានប្រកាសកាលពីខែឧសភាហើយថា រូបលោកនឹងចាកចេញពីក្លិបយក្សអេស្ប៉ាញ Real Madrid បន្ទាប់ពីបញ្ចប់ការប្រកួត FIFA Club World Cup នៅសហរដ្ឋអាមេរិក។

ការទៅដល់ក្លិបថ្មី ពីសំណាក់ម្ចាស់ពានបាល់មាស Ballon d’Or 2018 រូបនេះបានឱ្យដឹងថា នេះជាការចាប់ផ្តើមជំពូកថ្មីនៃអាជីពរបស់លោក ។ ជាមួយគ្នានោះ លោក Massimiliano Allegri ដែលបានត្រលប់មកវិញដឹកនាំ AC Milan ជាថ្មីម្តងទៀតនេះ បានចាត់ទុក Modric ថា «ជាកីឡាករមិនធម្មតា»

Modric ក៏មានបំណងចង់ជាប់ជម្រើសទៅលេងនៅ World Cup ឆ្នាំក្រោយផងដែរ ដែលធ្វើឡើងនៅប្រទេសកាណាដា ម៉ិកស៊ិក និងអាមេរិក។ ខណៈរដូវកាលមុន AC Milan បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៨ក្នុងក្របខ័ណ្ឌលីគ Serie A នឹងខកខានមិនបានទៅលេងពាននៅអឺរ៉ុបណាមួយឡើយ ៕