(បរទេស)៖ ក្រុមហ៊ុន Nvidia បានប្រកាសថា ការលក់ឈីប AI H20 ទៅកាន់ទីក្រុងប៉េកាំងនឹងចាប់ផ្ដើមឡើងវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណនាំចេញផ្សាយជាផ្លូវការ ទៅកាន់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ អាជ្ញាប័ណ្ណនេះអាចអនុញ្ញាតឱ្យក្រុមហ៊ុនបន្តផ្គត់ផ្គង់ឧបករណ៍ឈីបអភិវឌ្ឍន៍ AI ដែលមានប្រសិទ្ធភាពខ្ពស់ទៅកាន់ទីផ្សារចិនវិញបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងពេលជាមួយគ្នា Nvidia ក៏បានប្រកាសដាក់ឱ្យប្រើ GPU ម៉ូដែលថ្មីមួយមានឈ្មោះថា RTX Pro ដែលត្រូវបានរចនាឡើងពិសេសសម្រាប់ទីផ្សារចិន ដោយបំពេញតាមបទបញ្ញត្តិជាក់លាក់របស់សហរដ្ឋអាមេរិក។ GPU នេះមានគោលបំណងប្រើប្រាស់សម្រាប់វិស័យឧស្សាហកម្មដូចជារោងចក្រ ឡូជីស្ទិក និងបច្ចេកវិទ្យា Digital Twin។ ការវិលត្រឡប់មកវិញនៃ H20 កើតឡើង បន្ទាប់ពីការបង្ហាញថា ចិនគឺជាទីផ្សារដ៏សំខាន់ ដែលធ្លាប់នាំមកនូវប្រាក់ចំណូលជាង ១៧ពាន់លានដុល្លារ ពោលប្រហែល ១៣% នៃប្រាក់ចំណូលសរុបរបស់ Nvidia ក្នុងមួយឆ្នាំ។ ការរឹតបន្តឹងនយោបាយ នាំឲ្យមានការបាត់បង់ប្រាក់ចំណូលជាង ១០.៥ ពាន់លានដុល្លារ និងការបាត់បង់ជាង ៥.៥ ពាន់លានដុល្លារនៅក្នុងត្រីមាសនេះ។លោក Jensen Huang នាយកប្រតិបត្តិ Nvidia បានធ្វើដំណើរទៅកាន់ប៉េកាំង ហើយនឹងរៀបចំសន្និសីទសារព័ត៌មាននៅថ្ងៃ១៦ ខែកក្កដា ដើម្បីពិភាក្សាពីយុទ្ធសាស្ត្រថ្មីរបស់ក្រុមហ៊ុននៅក្នុងតំបន់អាស៊ី។
គួរជម្រាបថា ការផ្លាស់ប្តូរបរិបទនយោបាយ-ពាណិជ្ជកម្ម គឺបានបង្ហាញពីភាពស្មុគស្មាញនៃទំនាក់ទំនងរវាងបច្ចេកវិទ្យា ពាណិជ្ជកម្ម និងនយោបាយ។ ក្រុមហ៊ុនអាមេរិកជាច្រើនកំពុងស្វែងរកវិធីក្នុងការរក្សាវត្តមាននៅក្នុងទីផ្សារចិន ខណៈពេលដែលមានបទបញ្ញត្តិកាន់តែតឹងរឹងពីរដ្ឋាភិបាលអាមេរិក៕