(ភ្នំពេញ)៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអះអាងថា ការបង្កើតក្រុមមេធាវីប្រចាំសហព័ន្ធ មិនមែនដើម្បីតតាំងជាមួយមហាជន ឬអ្នករិះគន់នោះទេ តែជាការរៀបចំក្រុមការងារច្បាប់ ដើម្បីសម្រួលដល់ការងារគតិយុត្តិ និងចូលរួមដោះស្រាយបញ្ហាផ្សេងៗ ដោយឈរលើភាពត្រឹមត្រូវ ដើម្បីការពារផលប្រយោជន៍រួមរបស់គុនខ្មែរ។
ការគូសបញ្ជាក់នេះ បន្ទាប់ពីសហព័ន្ធ បានរៀបចំពិធីប្រកាសសេចក្ដីសម្រេច ស្ដីពីការបង្កើត និងប្រគល់ភារកិច្ចជូនក្រុមមេធាវីប្រចាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលមានសមាជិកសរុបចំនួន ៣១រូប កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ នៅសាលប្រជុំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)។
ជុំវិញការបង្កើតក្រុមមេធាវីខាងលើ ប្រធានសហព័ន្ធដដែលបានលើកឡើងថា «ការរៀបចំឲ្យមានមេធាវីស្ម័គ្រចិត្តប្រចាំសហព័ន្ធនេះ មិនមែនរៀបចំមក ដើម្បីតតាំងជាមួយនឹងមហាជន អ្នកគាំទ្រ ឬអ្នករិះគន់ទេ គឺយើងរៀបចំឲ្យស្របតាមការវិវឌ្ឍន៍របស់សហព័ន្ធនាពេលបច្ចុប្បន្ន។ យើងកំពុងតែមានកិច្ចការច្រើនណាស់ ត្រូវធ្វើ ហើយយើងក៏ត្រូវការក្រុមការងារផ្នែកច្បាប់ ធ្វើសេនាធិការជួយសហព័ន្ធ ក្នុងការរៀបចំនូវកិច្ចសន្យា និងឯកសារគតិយុត្ដិ ក៏ដូចជាលក្ខន្ដិកៈផ្សេង ក្នុងការធ្វើការងារ និងកិច្ចសហការប្រតិបត្តិការ ទាំងក្នុង និងក្រៅស្រុក»។
ពាក់ព័ន្ធនឹងអ្នកគាំទ្រវិញ ពិសេសចំពោះអ្នករិះគន់ សហព័ន្ធមិនទាន់គិតដល់ការចោទប្រកាន់ណាមួយឡើយ ដ្បិតសហព័ន្ធគាំទ្រឲ្យមានការបញ្ចេញមតិ ពោលគឺការរិះគន់ក្នុងន័យស្ថាបនា តែបើការរិះគន់ណាមួយ ក្នុងន័យមួលបង្កាច់ ឬបង្កឲ្យមានការយល់ច្រឡំ ដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍគុនខ្មែរជារួម ក្រុមការងារច្បាប់របស់សហព័ន្ធ អាចនឹងពិនិត្យលើទិដ្ឋភាពជាក់ស្ដែង ដើម្បីចាត់វិធានាការ។ ការណ៍នេះ លោកសង្ឃឹមថា រាល់ការបញ្ចេញមតិ ឬការរិះគន់នឹងត្រូវឈរលើភាពត្រឹមត្រូវ និងមានមូលដ្ឋានច្បាស់លាស់ ដើម្បីចៀសវាងរាំងស្ទះដល់ការអភិវឌ្ឍគុនខ្មែរ។
លោកសង្កត់ធ្ងន់ថា «យើងកំពុងធ្វើការផ្សព្វផ្សាយគុនខ្មែរលើឆាកអន្ដរជាតិឲ្យគេមកចូលរួមជាមួយយើង ដែលយើងកំពុងបង្ហាញថា គុនខ្មែរជាកីឡាមួយដែលល្អ អស្ចារ្យ ហើយយើងមានវប្បធម៌ដ៏ប្រពៃ សម្រាប់ឲ្យបរទេសមកចូលរួម។ អ៊ីចឹងយើងអត់ចង់ឲ្យមានបុគ្គលណា ប្រើប្រាស់រឿងដែលមិនល្អ មកបំផ្លាញគុនខ្មែរ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះទេ ។ បើមានករណីណាមួយ ដែលមានប៉ះពាល់ដល់ការអភិវឌ្ឍន៍គុនខ្មែរជារួម សហព័ន្ធអាចនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយមានក្រុមការងារច្បាប់របស់យើងទៅសិក្សា។ យើងមិនទាន់ហ៊ានសន្មត់ថា តើការរិះគន់បែបណា នឹងត្រូវតែចាត់ទុកជាការបំពានទេ តែអាស្រ័យលើក្រុមការងារច្បាប់គាត់យល់ ហើយពិនិត្យមើលទៅលើការងារទាំងអស់នោះ»។
«យើងបានជម្រាបហើយថា ក្នុងនាមសហព័ន្ធ មិនដែលយកអ្នកគាំទ្រជាសត្រូវទេ មិនដែលចង់មានបញ្ហាជាមួយមហាជន និងអ្នកគាំទ្រ យើងស្វាគមន៍ឲ្យមានការរិះគន់ទាំងឡាយណាក្នុងន័យស្ថាបនា ហើយការរិះគន់ដែលមានមូលដ្ឋានច្បាស់លាស់ ។ សូមឲ្យឈរលើភាពត្រឹមត្រូវ ព្រោះអីផ្លូវច្បាប់ គឺភាពត្រឹមត្រូវ បើគាត់ឈរលើភាពត្រឹមត្រូវ គ្មានអ្នកណាអាចធ្វើអ្វីគាត់បានទេ តែបើគ្មានមូលដ្ឋានច្បាស់លាស់ មិនឈរលើភាពត្រឹមត្រូវ មានន័យថា ចេះតែរៀបចំឲ្យមានព័ត៌មានដែលមិនពិត ហើយចោទប្រកាន់ អាហ្នឹងវាអាចប៉ះពាល់ដល់សិទ្ធអ្នកដៃ ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធ ក្នុងការអភិវឌ្ឍ ។ អ៊ីចឹងយើងអាចនឹងមានវិធានការដើម្បីទប់ស្គាល់ ដើម្បីកុំឲ្យបញ្ហាហ្នឹងកើតឡើង ធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍជារួម»៕ លោក ខូវ ឆាយ បន្ថែម៕