(បរទេស)៖ កីឡាករប្រដាល់សកល Manny Pacquiao បាននិយាយថា «ព្រួយបារម្ភ» រឿងកេរ្តិ៍ឈ្មោះរបស់លោក នៅពេលរូបគាត់ត្រៀមលក្ខណៈសម្បតិ្ត ដើម្បីប្រកួតលក្ខណៈអាជីពជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំ។
ខ្លាកំណាចចាស់វស្សា វ័យ ៤៦ឆ្នាំរូបនេះបានបញ្ជាក់ប្រាប់ BBC Sport ថា រូបគាត់បានត្រឡប់ពីការចូលនិវត្តន៍វិញ ដើម្បីដណ្តើមខ្សែក្រវាត់ពិភពលោក WBC ទល់នឹង Mario Barrios នាថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅសង្វៀនស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។
វាគឺជាការប្រកួតលក្ខណៈអាជីពលើកដំបូងសម្រាប់កីឡាករហ្វីលីពីនរូបនេះ គិតចាប់តាំងពីខែសីហា ឆ្នាំ២០២១ ភ្លាមៗផងដែរ ក្រោយពេលរូបលោកប្រកាសចេញពីការចូលនិវត្តន៍នាអំឡុងខែឧសភា ឆ្នាំ២០២៥។
លោកថា «ខ្ញុំពិតជារីករាយខ្លាំងចំពោះការប្រកួតនេះ ក៏ព្រោះតែខ្ញុំចង់បង្ហាញដល់អ្នកគាំទ្រដឹងថា Manny Pacquiao នៅតែមាន ដែលវាជារឿងដ៏ល្អមួយផងដែរ ដែលខ្ញុំសម្រេចចិត្តត្រឡប់មកវិញបែបនេះ»។
លោកបានបញ្ជាក់ថា «ខ្ញុំមានការព្រួយបារម្ភខ្លះដែរចំពោះកេរ្តិ៍ឈ្មោះរបស់ខ្ញុំ ក៏ប៉ុន្តែខ្ញុំច្បាស់ក្នុងចិត្តថា នឹងមិនធ្វើដូចកីឡាករដទៃឡើយ ដែលធ្វើមិនបានល្អដូចកាលកន្លងមក»។
គួរបញ្ជាក់ផងថា Pac Man ធ្លាប់ឈ្នះ ៦២លើក ក្នុងចំណោមប្រកួតសរុប ៧២លើកលលក្ខណៈអាជីព និងបានកំពុងកាន់កាប់កំណត់ត្រាឈ្នះខ្សែក្រវាត់ WBA Super កាលឆ្នាំ២០១៩ ទាំងដែលរូបលោកមានវ័យ ៤០ឆ្នាំទៅហើយ គ្រាដែលគូប្រជែង Barrios របស់ម្ចាស់ផ្ទះអាមេរិកដែលមានអាយុតិចជាង Pacquiao ១៦ឆ្នាំនោះ មានស្ថិតិឈ្នះ ២៩លើក និងស្មើ ១លើក និងចាញ់ ២លើក ក្នុងចំណោមប្រកួត ៣១ប្រកួតសរុប៕