(បរទេស)៖ ក្រុមហ៊ុន SpaceX របស់លោក Elon Musk ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដាក់ឱ្យដំណើរការសេវាអ៊ីនធឺណិតផ្កាយរណប Starlink នៅប្រទេសវៀតណាមចាប់ពីត្រីមាសទី ៤ នៃឆ្នាំ ២០២៥ នេះតទៅ។ នេះបើតាមការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយដកស្រង់សម្ដីមន្ត្រីរដ្ឋាភិបាល ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥។
លោក Pham Duc Long អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានថ្លែងទៅកាន់កាសែត Tuoi Tre ថា៖ «ក្រសួងនឹងចេញអាជ្ញាប័ណ្ណសម្រាប់សេវាសាកល្បងដោយប្រើប្រាស់ផ្កាយរណបគន្លងទាបភ្លាមៗ បន្ទាប់ពីក្រុមហ៊ុនបំពេញនីតិវិធីវិនិយោគ និងបង្កើតនីតិបុគ្គលនៅវៀតណាម។ គោលដៅគឺដាក់ពង្រាយសេវានេះនៅត្រីមាសទី ៤ ឆ្នាំ ២០២៥»។
បច្ចុប្បន្ន SpaceX កំពុងធ្វើការជាមួយក្រសួងហិរញ្ញវត្ថុដើម្បីបញ្ចប់នីតិវិធីបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងដោយខ្លួនឯងទាំងស្រុងនៅវៀតណាម។ លើសពីនេះ ប្រភពពីរបានប្រាប់ទីភ្នាក់ងារ Reuters កាលពីខែមេសាថា SpaceX កំពុងត្រៀមបង្កើតស្ថានីយលើដីជាច្រើនសម្រាប់ផ្កាយរណប Starlink នៅប្រទេសវៀតណាម។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលវៀតណាមបានប្រកាសកាលពីខែមីនាថា ខ្លួននឹងអនុញ្ញាតឱ្យ SpaceX ដាក់ឱ្យដំណើរការសេវារបស់ខ្លួននៅវៀតណាមលើមូលដ្ឋានសាកល្បងដោយគ្មានការកំណត់កម្មសិទ្ធិបរទេសឡើយ។ រយៈពេលសាកល្បងនេះនឹងបន្តរហូតដល់ចុងឆ្នាំ ២០៣០៕