(ភ្នំពេញ)៖ ដើម្បីចូលរួមបើកយុទ្ធនាការផ្សព្វផ្សាយភាពយន្តខ្មែរ ឲ្យបានទូលំទូលាយ និងមាននិរន្តរភាពយូរអង្វែង ផលិតកម្ម LD Picture បានបើកការប្រកួតបាល់ទាត់មិត្តភាពជាលើកដំបូង ជាមួយនឹងក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ របស់នាយពាក់មី នៅពហុកីឡដ្ឋានស្តាតចាស់ នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំផលិតកម្ម, តារាសម្ដែង, តារាចម្រៀង ក្នុងនោះក៏មានការចូលរួមពីលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។

ផលិតករល្បីឈ្មោះ និងជាចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា គោលបំណងនៃការប្រកួតបាល់ទាត់មិត្តភាពនៅថ្ងៃនេះ គឺធ្វើឡើងដើម្បីចូលរួមផ្សព្វផ្សាយភាពយន្តខ្មែររបស់យើង ទៅកាន់អ្នកគាំទ្រឲ្យងាកមកគាំទ្រភាពយន្តខ្មែរកាន់តែច្រើនឡើងៗ។ ជាមួយគ្នានេះ ព្រឹព្តិការណ៍ប្រកួតនេះ ក៏ដូចជាការឆ្លើយតប និងអរគុណដល់ថ្នាក់ដឹកនាំប្រទេស ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភានៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចមិនឲ្យនាំចូល និងចាក់បញ្ចាំងភាពយន្តថៃ នៅលើកញ្ចក់ទូរទស្សន៍ និងរោងភាពយន្តនានាបន្តទៀត។ ថ្ងៃនេះពួកយើងមិនត្រឹមតែអរគុណ និងអបអរសាទរនោះទេ តែពួកយើងបានរួមគ្នាជាកម្លាំងធ្វើយុទ្ធនាការផ្សព្វផ្សាយ និងប្រឹងប្រែងផលិតភាពយន្តឆ្លើយតបទៅនឹងអ្នកគាំទ្រ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

លោក លៀក លីដា បានគូសរំលេចថា សព្វថ្ងៃនេះគ្រប់បណ្ដាផលិតកម្មនានា នៅក្នុងប្រទេសតែងតែមានចក្ខុវិស័យរបស់ខ្លួនក្នុងការផលិតភាពយន្ត ទាំងរឿងតូច រឿងធំ រឿងបែបស្តង់ដា និងរឿងភាគធម្មតា ប៉ុន្តែអ្វីដែលត្រូវធ្វើបន្ទាប់ គឺការអនុវត្តន៍ផ្ទាល់លើទំហំដើមទុននៃការផលិត និងវិនិយោគ ដើម្បីឲ្យត្រូវនឹងទំហំនៃការចំណាយរបស់ខ្លួន និងទទួលបានការគាំទ្រឆ្លើយតបជាវិជ្ជមានពីអ្នកគាំទ្រមកវិញ។ សម្រាប់ផលិតកម្ម LD កន្លងមកយើងមានគម្រោងផលិតមានការបែងចែកជា ៣ក្រុម សម្រាប់ការផលិតខ្សែភាពយន្ត តាំងពីធំហំតូច រហូតដល់ភាពយន្តដែលមានស្ដង់ដារអន្តជាតិ ហើយត្រូវប្រើដើមទុនច្រើន និងពេលវេលាយូរអាចរហូតដល់ទៅ២ឆ្នាំក៏មាន ដើម្បីជាការពង្រឹងគុណភាព និងឆ្លើយតបតាមតម្រូវការគ្រប់ប្រភេទនៃអ្នកទស្សនា។

ជាមួយគ្នានេះលោក លៀក លីដា ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំប្រទេស ឲ្យបន្តវិធានការនៃការបិទភាពយន្តបរទេសមិនឲ្យនាំចូល និងបញ្ចាំងក្នុងរោងភាពយន្តនោះ ឲ្យមានភាពយូរអង្វែង និងប្រសិទ្ធភាពបំផុត។ ជាមួយគ្នានេះបញ្ហាយកពន្ធលើផលិតករ ឬលើភាពយន្ត ក៏សូមឲ្យមានការលើកលែងផងដែរ ដើម្បីឲ្យផលិតករមានឱកាសច្រើន ក្នុងការផលិតភាពយន្តបំពេញតាមទីផ្សារ និងអ្នកគាំទ្រ ជាពិសេសពង្រឹងភាពយន្តខ្មែរឲ្យកាន់តែមានគុណភាពខ្ពស់។

ដោយឡែក សម្រាប់តារាកំប្លែងនាងពាក់មី និងជាប្រធានក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ បានថ្លែងប្រាប់ឲ្យដឹងថា នៅពេលដែលយើងបានជួបជុំគ្នាថ្ងៃនេះ ក្រៅពីការប្រកួតបាល់ទាត់មិត្តភាព យើងនឹងច្រៀងចម្រៀងមួយបទមានចំណងជើថា «គន់មើលទៅមេឃ» ដើម្បីជាការលើកទឹកចិត្តដល់កងទ័ពរបស់យើង ដែលកំពុងឈរយ៉ាងរឹងមាំការពារព្រំដែន ការពារទឹកដី ហើយលោកសំណូមពរឲ្យបងប្អូនទាំងអស់ធ្វើជារៀងរហូត។ ការប្រកួតបាល់ទាត់ថ្ងៃនេះ ក៏ជាការអបអរសាទរចំពោះការបិទ មិនឲ្យចាក់បញ្ចាំងភាពយន្តថៃលើទឹកដីខ្មែរ ហើយនៅថ្ងៃទី១៩ ខែកក្កដា ខាងមុខនេះ ក៏មានការជួបជុំគ្នាធំជាងនេះ ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខរបស់យើងផងដែរ។

នាយពាក់មី បានបន្តថា នៅក្នុងសកម្មភាពនៃការប្រកួតថ្ងៃនេះ គឺយើងចូលរួមទាំងអស់គ្នា ចំពោះការបើកយុទ្ធនាការផ្សព្វផ្សាយភាពយន្តខ្មែរ ដើម្បីឲ្យភាពយន្តខ្មែរល្បីល្បាញ មានលក្ខណៈស្ដង់ដារ។ ជាក់ស្ដែងភាពយន្តរបស់ផលិតកម្ម LD គឺដូចអ្នកគាំទ្រឃើញស្រាប់ ដោយផលិតកម្មបានយកចិត្តទុកដាក់ផលិតប្រកបដោយគុណភាព។ ការយកវិស័យកីឡា ជាពិសេសការប្រកួតបាល់ទាត់ ដើម្បីផ្សព្វផ្សាយភាពយន្តនៅថ្ងៃនេះ គឺល្អណាស់ ព្រោះបាល់ទាត់គឺជាការចាប់អារម្មណ៍របស់មហាជន និងទីទូលំទូលាយក្នុងការផ្សព្វផ្សាយយុទ្ធនាការផ្សេងៗ ហើយការយកបាល់ទាត់មកផ្សព្វផ្សាយនេះ គឺមានជាច្រើនឆ្នាំមកហើយ។ មួយគ្នានេះ នាយពាក់មី ក៏ទទូចសូមឲ្យមហាជន និងអ្នកសិល្បៈ ចូលរួមគាំទ្រភាពយន្តខ្មែរទាំងអស់គ្នា មិនថាតែភាពយន្តរបស់ផលិតកម្ម LD នោះទេ ពោលគឺគ្រប់ផលិតកម្មទាំងអស់ ទាំងការដាក់បញ្ចាំងក្នុងរោងភាពយន្ត និងការដាក់បញ្ចាំងក្នុងស្ថានីយ៍ទូរទស្សន៍៕