(បាសេឡូណា)៖ តារាបាល់ទាត់ Lamine Yamal របស់ក្លិប FC Barcelona ត្រូវបានក្រសួងកិច្ចការសង្គមអេស្ប៉ាញ ស្នើឱ្យអាជ្ញាធរបើកការស៊ើបអង្កេត បន្ទាប់ពីទទួលបានរបាយការណ៍ពីការរៀបចំពិធីជប់លៀងធំរបស់គេ ដើម្បីឈានចូលវ័យ ១៨ឆ្នាំនាពេលថ្មីៗនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កម្មវិធីខួបកំណើតវ័យ ១៨ឆ្នាំរបស់ Yamal ត្រូវបានប្រារព្វធ្វើឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ស្ថិតនៅ Olivella ដែលជាទីក្រុងតូចមួយមានចម្ងាយប្រហែល ៥០គីឡូម៉ែត្រនៅភាគនិរតីនៃទីក្រុង Barcelona ដោយអញ្ជើញភ្ញៀវសុទ្ធតែតារាល្បីៗមានតាំងពី YouTubers, អ្នកផលិតមាតិកានានា និងមិត្តរួមក្រុមទៀតផង។
លើសពីនេះទៀត Yamal ក៏បានជួលក្រុមអ្នកកម្សាន្តបែបមនុស្សតឿក្នុងពិធីជប់លៀងសប្បាយរបស់ខ្លួនផងដែរ ជាអ្វីដែលសមាគមនៅអេស្ប៉ាញ ហៅកាត់ថា ADEE បានពិព័រនាថា មិនអាចទទួលបានយកបានទេ ក្នុងសតវត្សរ៍ទី២១ នេះ។
ទោះជាយ៉ាងណា ADEE ក៏បានដាក់ពាក្យប្តឹង Yamal និងទាមទារឱ្យបើកការស៊ើបអង្កេតទៅលើរឿងនេះ ដែលបានប្រឆាំងទៅនឹងច្បាប់ និងរំលោភសិទ្ធិបុគ្គលទៀតផង។
គួរបញ្ជាក់ផងថា Lamine Yamal ត្រូវបានគេរាយការណ៍ថា បានទៅចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅ Barcelona វិញភ្លាមៗកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយបញ្ចប់ពិធីជប់លៀងរួចមក៕