(បរទេស)៖ ទីក្រុងឌូបៃ កំពុងរៀបចំបើកដំណើរការជាផ្លូវការនូវបែបផែនថ្មីនៃការទទួលទានអាហារដ៏អស្ចារ្យ នៅភោជនីយដ្ឋាន «WOOHOO» ដែលជាភោជនីយដ្ឋានដំបូងគេនៅលើពិភពលោក ដឹកនាំដោយចុងភៅ Robot និងប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីចំអិនម្ហូបអាហារ។
ភោជនីយដ្ឋាននេះគ្រោងបើកទ្វារទទួលអតិថិជននៅខែកញ្ញាខាងមុខ ដែលមានទីតាំងនៅជិតអគារ Burj Khalifa ដ៏ល្បីល្បាញ។ តួអង្គសំខាន់គឺ «ចុងភៅ Aiman» ប្រើបញ្ញាសិប្បនិម្មិត (AI) ដែលបានបណ្តុះបណ្តាលឲ្យស្គាល់យ៉ាងស៉ីជម្រៅលើម្ហូបអាហារគ្រប់ជាតិសាសន៍ មិនថារសជាតិ ឬការតុបតែងឡើយ។ ចំណែកឯចុងភៅជាក់ស្តែង ដែលមានជំនាញនឹងជួយចម្អិនម្ហូបខ្លួន និងការច្នៃប្រឌិតមឺនុយ ហើយសម្រាប់បរិយាកាសនៅក្នុងភោជនីយដ្ឋានទាំងមូល នឹងត្រូវគ្រប់គ្រងដោយចុងភៅ Aiman។
កន្លែងបែបនេះ ត្រូវបានគេហៅថា ភោជនីយដ្ឋាននៃអនាគត គឺបង្កើតឡើងដើម្បីឲ្យមនុស្សទទួលបានបទពិសោធន៍ថ្មីនៃការទទួលទានអាហារលំដាប់ខ្ពស់ ដោយផ្តល់នូវការរួមបញ្ចូលរសជាតិដ៏អស្ចារ្យ និងពោរពេញដោយអត្ថន័យ ដែលជះឥទ្ធិពលតាមរយៈអ្វីៗដែលអាចកើតមានលើចានបាយ៕