(បរទេស)៖ ក្រុមហ៊ុនតាក់ស៉ីគ្មានមនុស្សបើក Waymo ដែលជាកម្មសិទ្ធិរបស់ Alphabet បានបន្តកែច្នៃបច្ចេកវិទ្យារថយន្តជំនាន់ថ្មី ដោយបានបញ្ជាក់ថា បានបើកបរដោយស្វ័យប្រវត្តិចម្ងាយជាង ១០០លានម៉ាយ ដោយគ្មានអ្នកបើកបរជាមនុស្សចាំមើលការខុសត្រូវឡើយ។ រយៈចម្ងាយនេះបានបង្ហាញពីការរីកចម្រើនយ៉ាងរហ័សក្នុងរយៈពេលតែ ៦ខែប៉ុណ្ណោះ បន្ទាប់ពីមានគូប្រជែងចូលមកដណ្តើមទីផ្សារនោះគឺ រថយន្តគ្មានមនុស្សបើករបស់ Tesla។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

Waymo បច្ចុប្បន្នមានរថយន្តប្រហែល ១,៥០០គ្រឿង ដំណើរការនៅទីក្រុងធំៗរួមមាន សានហ្វ្រងស៊ីស្កូ, ឡូសអានជេលេស, ហ្វីនិច, អូស្ទិន និង អាត្លាន់តា។ គោលដៅបន្ទាប់ គឺការពង្រីកទៅកាន់ទីក្រុងវ៉ាស៉ីនតោន, ទីក្រុងញូវយ៉ក និងទីក្រុងអន្តរជាតិដូចជា តូក្យូ។ គិតត្រឹមខែឧសភា ឆ្នាំ២០២៥ វាបានបម្រើដល់ការធ្វើដំណើរជាង ១០លានដង ហើយបើកបរជាង ២លានម៉ាយក្នុងមួយសប្ដាហ៍។ ប្រមាណអ្នកដំណើរប្រើប្រាស់ប្រចាំសប្ដាហ៍ស្ថិតនៅជាង ២៥០,០០០នាក់ គឺបានកើនជាងពីរដង បើប្រៀបធៀបនឹងដើមឆ្នាំ។ ចំពោះផ្នែកសុវត្ថិភាព Waymo បានបង្ហាញថា មានការប៉ះទង្គិចនឹងអ្នកថ្មើរជើងតិចជាងអ្នកបើកបរមនុស្សប្រហែល ៩៣%។

ងាកមក Tesla ក៏កំពុងចូលមកប្រជែងក្នុងវិស័យតាក់ស៉ីគ្មានមនុស្សបើកនេះផងដែរ ដោយបានដាក់ឲ្យប្រើសេវា robotaxi នៅទីក្រុងអូស្ទិន សហអាមេរិក។ រថយន្តដែលប្រើគឺ Model Y និងមានមនុស្សជាអ្នកមើលការខុសត្រូវក្នុងឡាន ហើយគិតថ្លៃតែ ៤.២០ដុល្លារក្នុងមួយដំណើរ។ Tesla បានពង្រីកដែនកំណត់សេវា robotaxi ទៅជិត ៤២ម៉ាយការ៉េ ដែលធំជាង Waymo នៅ អូស្ទិន ក៏ប៉ុន្តែ ការរចនាផែនទីដែនកំណត់នោះ បានបង្កការចាប់អារម្មណ៍តាមបណ្តាញសង្គម ដោយមានមនុស្សមួយចំនួនបង្ហាញអារម្មណ៍សើចចំអកចំពោះរូបរាងផែនទីនោះ។

Tesla គ្រោងនឹងពង្រីកទៅទឹកដី សានហ្វ្រងស៊ីស្កូ និង ហ្វីនិច ហើយពេលនេះកំពុងរង់ចាំការអនុម័តពីអាជ្ញាធរ។ យ៉ាងណាមិញ​ បើនិយាយពីវិស័យតាក់ស៉ីគ្មានមនុស្សបើក Waymo ទទួលបានការជឿទុកចិត្តខ្ពស់ ហើយអភិវឌ្ឍដោយយកចិត្តទុកដាក់លើទិន្នន័យ និងសុវត្ថិភាព។ ងាកមក Tesla កំពុងរីកចម្រើនលឿន តែត្រូវប្រឈមនឹងការត្រួតពិនិត្យពីសាធារណជន និងអាជ្ញាធរជាមុនសិន។ បើនិយាយឲ្យចំទៅ អនាគតនៃ robotaxi នឹងអាស្រ័យលើច្បាប់នៃរដ្ឋនីមួយៗ ការព្រមព្រៀងរវាងក្រុមហ៊ុន និងការជឿជាក់ពីសាធារណជន៕