(បរទេស)៖ ក្រុមហ៊ុន Broadcom ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបយក្សមួយ បានប្រកាសកាលនៅថ្ងៃអង្គារសប្តាហ៍នេះអំពីការដាក់ឱ្យដំណើរការ ឈីបដំណើរការបណ្តាញថ្មីមួយមានឈ្មោះថា Tomahawk Ultra។ ឈីបនេះមានគោលបំណងពន្លឿនដំណើរការទិន្នន័យបញ្ញាសិប្បនិម្មិត (AI) ដែលតម្រូវឱ្យមានការតភ្ជាប់ឈីបរាប់រយគ្រាប់ឱ្យដំណើរការជាមួយគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
លោក Ram Velaga អនុប្រធានជាន់ខ្ពស់របស់ Broadcom បានប្រាប់ Reuters នៅក្នុងបទសម្ភាសន៍មួយថា Tomahawk Ultra មានសមត្ថភាពភ្ជាប់ឈីបបានរហូតដល់បួនដងច្រើនជាងឈីប NVLink Switch របស់ Nvidia ដែលជាគូប្រជែងសំខាន់ ហើយប្រើប្រាស់បច្ចេកវិទ្យា Ethernet ដែលត្រូវបានពង្រឹងល្បឿនជំនួសឱ្យពិធីការកម្មសិទ្ធិ (proprietary protocol)។ ឈីបរបស់ក្រុមហ៊ុនទាំងពីរនេះនឹងជួយអ្នកសាងសង់មជ្ឈមណ្ឌលទិន្នន័យ និងអ្នកផ្សេងទៀតភ្ជាប់ឈីបឱ្យបានច្រើនតាមដែលអាចធ្វើទៅបានក្នុងចម្ងាយពីរបីហ្វីតពីគ្នាទៅវិញទៅមក ដែលជាបច្ចេកទេសដែលឧស្សាហកម្មនេះហៅថា «scale-up» computing។
គួរជម្រាបថា Tomahawk Ultra ត្រូវបានផលិតដោយក្រុមហ៊ុន Taiwan Semiconductor Manufacturing (TSMC) ដោយប្រើប្រាស់បច្ចេកវិទ្យា 5nm ហើយបច្ចុប្បន្នកំពុងត្រូវបានដាក់លក់លើទីផ្សារ។ ការរចនាឈីបនេះចំណាយពេលប្រហែលបីឆ្នាំដើម្បីអភិវឌ្ឍ ដោយដើមឡើយសម្រាប់វិស័យ high-performance computing (HPC) ប៉ុន្តែត្រូវបានកែសម្រួលដើម្បីបម្រើដល់ឧស្សាហកម្ម AI ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជំនួសវិញ៕