(បរទេស)៖ គូដណ្តើមខ្សែក្រវាត់ WBC welterweight រវាងកីឡាករហ្វីលីពីន Manny Pacquiao និងម្ចាស់ផ្ទះអាមេរិក Mario Barrios នឹងធ្វើឡើងនៅសង្វៀន MGM Grand Arena ស្ថិតក្នុងទីក្រុង Las Vegas រដ្ឋ Naveda នាថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ជាមួយនឹងតម្លៃខ្លួនខុសគ្នាដូចមេឃ និងដី។

បើទោះបីជាពុំទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់ពីតម្លៃខ្លួនពិតប្រាកដ ក៏ប៉ុន្តែគេហទំព័រកីឡា Sportskeeda បានចុះផ្សាយថា ខ្លាកំណាចចាស់វស្សា វ័យ ៤៦ឆ្នាំ PacMan ទំនងជាទទួលបានតម្លៃខ្លួនចាប់ពី ៥-១០លានដុល្លារឯណោះ ស្របពេលគូប្រជែង Barrios វ័យទើបតែ ៣០ឆ្នាំសញ្ជាតិអាមេរិកវិញ ទទួលបានថ្លៃនឿយហត់ចន្លោះពី ៥០ម៉ឺនទៅ ១លានដុល្លារ ពីការឡើងការពារខ្សែក្រវាត់ WBC លើកទី២ របស់គេ ក្រោយដណ្តើមបានកាលឆ្នាំ២០២៤។

គិតមកទល់ពេលនេះ អតីតសមាជិកសភាហ្វីលីពីន Manny Pacquiao រកបានប្រាក់សរុបប្រមាណ ៧៧៥លានដុល្លារ ហើយពីអាជីពប្រដាល់ឈឺសាច់មួយនេះ គិតចាប់តាំងពីឆ្នាំ១៩៩៥ មក និងឈរនៅលេខរៀងទី២៣ ពិភពលោកផងដែរ ក្នុងនាមអត្តពលិកដែលមានតម្លៃខ្លួនខ្ពស់រាល់ពេលចេញប្រកួតម្តងៗ។ នេះបើយោងតាមការចេញផ្សាយដោយ Sportico។

នៅចាំបានថា PacMan ទទួលបានតម្លៃខ្លួនចំនួន ៥លានដុល្លារ ពីការប្រកួតចុងក្រោយចាញ់កីឡាករ Yordenis Ugas ដែលបានរបូតខ្សែក្រវាត់ WBA ផងនោះកាលខែសីហា ឆ្នាំ២០២១ និងបានប្រកាសចូលនិវត្តន៍តាំងពីពេលនោះមកទៀតផង។

ចំណែកឯការប្រកួតទល់នឹង Floyd Mayweather កាលខែឧសភា ឆ្នាំ២០១៥ ដោយបានចាញ់ពិន្ទុក្នុងប្រកួត ១២ទឹកពេញនោះ Pacquiao ទទួលបានជាង ១២០លានដុល្លារ នៅពេល Floyd ដែលបន្តកាន់កាប់កំណត់ត្រាមិនចាញ់ដដែលនោះ បានជិត ១៨០លានដុល្លារ ច្រើនជាងប្រកួតណាៗទាំងអស់៕