(បរទេស)៖ ក្រុមអ្នកគាំទ្រក្លិបឥន្រ្ទី Crystal Palace ជាច្រើនពាន់នាក់ បានចេញមកតវ៉ាប្រឆាំងទៅសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ក្រោយពេលសម្រេចកាត់ក្លិបរបស់ពួកគេ ទៅលេងក្នុងក្របខណ្ឌទី៣ អឺរ៉ុប Europa Conference League ទាំងដែលពួកគេត្រូវលេងក្នុងពានកម្រិតទី២ នោះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្រុមអ្នកគាំទ្រទាំងនោះបាននាំគ្នាមកឈរតវ៉ានៅពីមុខកីឡដ្ឋាន Selhurst Park របស់ Palace កាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីប្រឆាំងទៅនឹង UEFA ដែលបានទម្លាក់ក្រុមពួកគេចេញពីវគ្គចែកពូល Europa League ក្នុងនាមម្ចាស់ជើងឯក FA Cup រដូវកាលមុន ក៏ព្រោះតែក្លិបមានម្ចាស់ច្រើន។

អ្នកជំនួញសញ្ជាតិអាមេរិក លោក John Textor គឺជាម្ចាស់ភាគហ៊ុនក្នុងក្លិប Crystal និងក៏ជាម្ចាស់ក្លិប Lyon របស់បារាំងផងដែរ ដែលមានកៅអីលេងវគ្គចែកពូល Europa League រដូវកាលក្រោយដែរ។

យោងតាមច្បាប់របស់សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA គឺបានចែងចែងថា រាល់ក្លិបទាំងឡាយណាដែលមានវត្តមានក្នុងកម្មវិធីទាំង ៣កម្រិត ដាច់ខាតគឺមិនត្រូវមានម្ចាស់ ឬបុគ្គលមានឥទ្ធិពលក្នុងក្លិបលើសពី ១ឡើយ នៅពេលច្បាប់ថ្មីនេះត្រូវបានដាក់ឱ្យអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ មក នៅពេល Crystal បានខកខាន៕