(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង និងបុរី ឡាក់ឃី វ័ន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការភាពជាដៃគូហិរញ្ញប្បទានគេហដ្ឋាន នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ជីប ម៉ុង ក្នុងអគារ ជីប ម៉ុង ថៅវើរ ក្រោមវត្តមានការអញ្ចើញចូលរួមពី អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ធនាគារ ជីប ម៉ុង និងលោក លី លឹមអាង អគ្គនាយក បុរី ឡាក់ឃី វ័ន និងភ្ញៀវកត្តិយសដែលជាអតិថិជននៃបុរីឡាក់ឃី វ័ន ។
កិច្ចសហការរវាងធនាគារ ជីប ម៉ុង និងបុរី ឡាក់ឃី វ័ន ត្រូវបានបង្កើតឡើងក្រោមគោលបំណងជួយដល់អតិថិជនរបស់បុរី ឡាក់ឃី វ័ន ទាំងចាស់ ទាំងថ្មី សម្រេចនូវក្តីស្រមៃក្នុងការមានគេហដ្ឋានជាកម្មសិទ្ធផ្ទាល់ខ្លួនជាមួយការផ្តល់ជូននូវឥណទានគេហដ្ឋានដែលងាយស្រួល និង បត់បែនពីធនាគារ ជីបម៉ុង។
អគ្គនាយកធនាគារ ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង មានប្រសាសន៍ថា«ខ្ញុំជឿជាក់ថា កិច្ចសហការមួយនេះ គឺជាផ្នែកមួយនៃការបន្តប្តេជ្ញាចិត្តរបស់ធនាគារ ជីប ម៉ុង ដើម្បីជួយអភិវឌ្ឍ ក៏ដូចជាចូលរួមចំណែកធ្វើជាឆ្អឹងខ្នងដ៏រឹងមាំមួយសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ស្របទៅនឹងបេសកកម្មរបស់ធនាគារ ជីប ម៉ុង ក្នុងការជួយសម្រេចក្តីសុបិន្តរបស់ប្រជាពលរដ្ឋខ្មែរឲ្យមានគេហដ្ឋានដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ជាមួយគ្នានេះដែរ លោក លី លឹមអាង អគ្គនាយក បុរី ឡាក់ឃី វ័ន ក៏បានមានប្រសាន៏ថា «ការចាប់ដៃគូជាមួយធនាគារ ជីប ម៉ុង គឺជាការរួមចំណែកក្នុងការជួយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិដ៏មានប្រសិទ្ធភាពបំផុត។ តាមរយៈកិច្ចសហការនេះ អតិថិជននឹងអាចទទួលបានឥណទានក្នុងអត្រាការប្រាក់ត្រឹមតែ ៩% ក្នុងមួយឆ្នាំ និងរយៈពេលកម្ចីរហូតដល់ ២០ឆ្នាំ។ វាជាអត្ថប្រយោជន៍ដ៏ល្អសម្រាប់អតិថិជនទិញផ្ទះលើកដំបូង ក៏ដូចជាអ្នកវិនិយោគផងដែរ»។
គួរបញ្ជាក់ផងដែរថា ធនាគារ ជីប ម៉ុង បានបន្តគាំទ្រដល់ស្ថាប័ន និងក្រុមហ៊ុន នៅវិស័យផ្សេងៗគ្នាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ពុកម៉ែបងប្អូនអតិថិជន ព្រមទាំងដៃគូអាជីវកម្ម ឱ្យទទួលបានសេវាហិរញ្ញវត្ថុ ដែលងាយស្រួល សុវត្ថិភាពខ្ពស់ ក្រោមការប្រឹក្សាដែលត្រឹមត្រូវនិងផ្តល់ភាពចំណេញទៅកាន់អតិថិជន៕