(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយពិធីការិនីទូរទស្សន៍ DAZN កាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ FIFA Club World Cup 2025 ថា រូបលោកបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ពីការប្រើប្រាស់ពាក្យ Soccer ទៅជា Football វិញ។
ប្រធានាធិបតីដែលតែងតែបង្ហាញវត្តមានក្នុងកម្មវិធីកីឡារូបនេះ ក៏បានចូលរួមទស្សនាដោយផ្ទាល់ផងដែរកាលពីថ្ងៃអាទិត្យសប្តាហ៍មុននៃវគ្គផ្តាច់ Club World Cup 2025 ដែលអាមេរិកធ្វើម្ចាស់ផ្ទះ និងបានចូលរួមប្រគល់ពាន និងឈរអបអរជាមួយនឹងក្រុម Chelsea Football Club ដែលដណ្តើមបានជើងឯកនៅលើវេទិកាទៀតផង។
គួរបញ្ជាក់ផងដែរ នៅអាមេរិក កីឡាបាល់ទាត់ ប្រើប្រាស់ពាក្យផ្លូវការ soccer តួយ៉ាងដូចក្នុងលីគកំពូលរបស់ពួកគេគឺ Major League Soccer (MLS) និងសហព័ន្ធបាល់ទាត់ក៏ដូចគ្នា ពោលគឺ USSF (United States Soccer Federation) ខណៈប្រទេសដទៃជាច្រើនប្រើពាក្យ football។
ដោយឡែកសម្រាប់ពាក្យ football នៅអាមេរិកវិញ គឺសំដៅដល់កីឡាម្យ៉ាង ដែលស្រដៀងទៅនឹងកីឡាបាល់ឱប ដែលភាសាអង់គ្លេសហៅថា Rugby នោះ៕