(ភ្នំពេញ)៖ លោក ឃឹម បូរី គ្រូបង្វឹកក្រុមណាហ្គាវើលដ៏ បានលើកឡើងថា នៅក្នុងរដូវកាលថ្មី ឆ្នាំ២០២៥/២៦ ខាងមុខ ក្លិបបានដាក់គោលដៅយ៉ាងហោចបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ (Top-2) នៃលីគកំពូលកម្ពុជា ក៏ដូចជាការឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ផងដែរ។

គ្រូបង្វឹកវ័យ ៣៥ឆ្នាំរូបនេះ បានបញ្ជាក់ថា ការដាក់គោលដៅខាងលើ គឺខ្ពស់ជាងឆ្នាំមុន ដែលក្លិបកំណត់ចង់បានត្រឹម Top-4 តែបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៥ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ។ យ៉ាងណាឆ្នាំនេះ លោកសង្ឃឹមថា ក្លិបនឹងអាចសម្រេចគោលដៅ បន្ទាប់ពីការខិតខំពង្រឹងក្រុមកាន់តែខ្លាំង ពិសេសការនាំចូលកីឡាករបរទេសមានគុណភាពមកពង្រឹងក្រុម ខណៈកីឡាករបរទេស ទើបនាំចូលថ្មី សុទ្ធតែជាកីឡាករប្រេស៊ីល និងមានប្រវត្តិមិនធម្មតា។

លោក ឃឹម បូរី បានលើកថា «រដូវកាលថ្មីនេះ គឺយើងបានត្រៀមលក្ខណៈរួចរាល់ សម្រាប់ត្រៀមការប្រកួតប្រជែងដ៏ខ្លាំងក្លា ជាមួយទិសដៅរបស់ពួកយើង គឺត្រូវការការប្រកួតប្រជែងខ្លាំងជាងមុន ទាំងកីឡាករខ្មែរ ពិសេសកីឡាករបរទេស ដែលយើងនាំចូលថ្មី ព្រោះគោលដៅរបស់យើងឆ្នាំនេះខ្ពស់ ។ ជារួមឆ្នាំនេះយើងដាក់គោលដៅដល់ Top-2 សម្រាប់លីគ ហើយពានសម្ដេចតេជោ ហ៊ុន សែន យើងត្រូវឈនដល់វគ្គផ្ដាច់ព្រ័ត្រ។ នេះគឺជាគោលដៅសំខាន់របស់ពួកយើង»

ទន្ទឹមជាមួយការបង្កើនគោលដៅខ្ពស់ ក្រឡេកទៅចាប់អារម្មណ៍គូប្រជែង លោកក៏មើលឃើញក្រុមនីមួយៗ បានរៀបចំ និងពង្រឹងក្រុមដូចគ្នា ដែលនឹងជំរុញឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង និងបង្កផលលំបាកដល់ក្រុម ។ យ៉ាងណាណាហ្គាវើលដ៏ ត្រូវការការប្រកួតប្រជែងខ្ពស់ ដែលអាចប្រហាក់ប្រហែលគ្នានឹងក្រុម Top-៤។ ដូច្នេះទើបក្លិបត្រូវការនាំចូលកីឡាករបរទេសមានគុណភាព ដើម្បីពង្រឹងក្រុមបន្ថែម ហើយឈានទៅសម្រេចគោលដៅក្លិបចង់បានក្នុងរដូវកាលនេះ។

គួរដឹងថា ក្រោយបញ្ចប់រដូវកាលចាស់ ណាហ្គាវើលដ៏ បានចែកផ្លូវជាមួយកីឡាករខ្មែរ និងបរទេសប្រមាណ ១០រូប និងបានបន្ដកុងត្រាកីឡាករមួយចំនួន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺកីឡាករបរទេសចំណូលថ្មី ៤រូប ដែលក្លិបទើបប្រកាសនាពេលថ្មីៗ សុទ្ធតែជាកីឡាករប្រេស៊ីល ហើយអ្នកខ្លះ ក៏ធ្លាប់មានបទពិសោធន៍លេងនៅលីគកំពូលប្រេស៊ីលផងដែរ ក្នុងនោះមានកីឡាករ Lucas Venuto, Lucas Oliveira, Weyderson China និង Wisney Junio។ បច្ចុប្បន្នណាហ្គា បានបំពេញកូតាកីឡាករបរទេសហើយ បន្ទាប់ពីពួកគេ បានបន្ដកុងត្រាកីឡាករជប៉ុន Yusuke Minagawa និងខ្សែការពារប្រេស៊ីល Mateus Martins៕