(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសា និងបានជជែកគ្នាជាថ្មីពីកិច្ចចរចាស្ដីពីការដោះលែងចំណាប់ខ្មាំងដែលត្រូវបានក្រុមហាម៉ាស ចាប់ខ្លួន អំឡុងការវាយប្រហាររបស់ពួកគេលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។ នេះបើតាមការបញ្ជាក់ពីសេតវិមាន។

នៅក្នុងសេចក្ដីរាយការណ៍មួយដែលត្រូវបានដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP សេតវិមានបានឱ្យដឹងថាលោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ បានបើកកិច្ចពិភាក្សាជាថ្មីស្ដីពីកិច្ចចរចាដែលកំពុងប្រព្រឹត្តទៅ ដើម្បីធានាឱ្យមានបទឈប់បាញ់បន្ទាន់មួយក្នុងតំបន់ហ្កាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ខណៈ ក្រុមអ្នកការទូតកំពុងបង្កើនកិច្ចប្រឹងប្រែងស្វែងរកបទឈប់បាញ់ក្នុងសង្រ្គាមដ៏បំផ្លិចបំផ្លាញអូសបន្លាយពេលជាង៦ខែមកនេះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។

តាមសេចក្ដីថ្លែងការណ៍ដដែល លោក បៃដិន និងណេតាន់យ៉ាហ៊ូ ក៏បានជជែកគ្នាផងដែរពីការបង្កើនការផ្ដល់ជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សា ក្នុងនោះរួមមាន ការរៀបចំបើកច្រកឆ្លងព្រំដែនថ្មីមួយនៅភាគខាងជើងនៃតំបន់ហ្កាហ្សាដោយនឹងចាប់ផ្ដើមនៅក្នុងសប្ដាហ៍នេះ។ «លោកប្រធានាធិបតីបានសង្កត់ធ្ងន់ពីតម្រូវការចាំបាច់ ក្នុងការរក្សា និងពង្រឹងការសម្របសម្រួលក្នុងការផ្ដល់ជំនួយមនុស្សធម៌»។ នេះជាការបញ្ជាក់បន្ថែមរបស់សេតវិមាន។

គួរបញ្ជាក់ថា បើតាមសេតវិមាន ក្នុងជំនួបតាមទូរស័ព្ទនោះ លោក បៃដិន បានបញ្ជាក់ឡើងវិញពីជំហររបស់លោក ចំពោះផែនការវាយលុកចូលទីក្រុង Rafah ស្ថិតនៅ ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ជាមួយការបង្ហាញក្ដីព្រួយបារម្ភជាខ្លាំងពីការកើនឡើងចំនួនអ្នកស្លាប់នៅក្នុងចំណោមជនស៊ីវិលនៅតំបន់ហ្កាហ្សា។ លោក ណេតាន់យ៉ាហ៊ូ បានសន្យាថាកងទ័ពអ៉ីស្រាអែលនឹងវាយលុកតាមជើងគោកចូលក្នុងទីក្រុង Rafah ជាទីដែលមានប្រជាជនស៊ីវិលប៉ាឡេស្ទីន ជាង១លាននាក់កំពុងជ្រកកោន បើទោះជា មានការទទូចពីអន្តរជាតិកុំឱ្យបើកប្រតិបត្តិការយោធាលើទីក្រុងនេះក៏ដោយ៕