(ប៉េកាំង)៖ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ចិននឹងបញ្ជូនយានរ៉ូបូត១គ្រឿង ឱ្យទៅប្រមូលយកគំរូតាងពីចំហៀងផ្ទៃព្រះចន្ទ ដែលមិនបែរមុខ​មករកផែនដីយើង ឬហៅថា far side of the moon ខណៈវាស្ថិតក្នុងចំណោមបេសកកម្មបច្ចេកទេសសរុបចំនួន៣ ដែលនឹងត្រួតត្រាយ​ផ្លូវ សម្រាប់គម្រោងបញ្ជូនក្រុមអវកាសយានិក និងការសាងសង់មូលដ្ឋានមួយ នៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤។

ចាប់តាំងពីបេសកកម្ម Chang'e ទីមួយកាលពីឆ្នាំ២០០៧ ចិនបានបោះជំហានទៅមុខជាលំដាប់ ក្នុងកិច្ចប្រឹងប្រែងស្រាវជ្រាវឋានព្រះចន្ទ ដោយបង្រួញគន្លាតបច្ចេកវិទ្យារបស់ខ្លួន ជាមួយសហរដ្ឋអាមេរិកនិងរុស្ស៉ី។ កាលពីឆ្នាំ២០២០ ចិនបាននាំយកគំរូតាងពីចំហៀងផ្ទៃព្រះចន្ទ ដែលបែរមុខមករកភពរបស់យើង ឬហៅថា near side of the moon។ វាគឺជាបេសកកម្មប្រមូលគំរូតាងលើកដំបូងបំផុតពីលើ​ផ្ទៃព្រះចន្ទ គិតក្នុងរយៈពេលជាង៤ទសវត្សរ៍។

ក្នុងសប្តាហ៍នេះ ចិនត្រូវគេរំពឹងថា នឹងចេញបេសកកម្ម Chang'e មួយទៀត ហៅថា Chang'e-6 ដោយប្រើប្រាស់យានបម្រុងសល់ពី​បេសកកម្មឆ្នាំ២០២០ ដើម្បីទៅប្រមូលយកគំរូតាង ពីចំហៀង far side of the moon។ ដោយវាបែរមុខចេញពីផែនដីជាអចិន្រ្តៃយ៍​យ៉ាងច្នោះ បេសកកម្ម ​Chang'e-6 នឹងត្រូវពឹងផ្អែកលើផ្កាយរណបបញ្ជូនសញ្ញាបន្ត១គ្រឿង ដែលទើបត្រូវបានដាក់ពង្រាយពេលថ្មីៗនេះ នៅឯគន្លងជុំវិញព្រះចន្ទ អំឡុងបេសកកម្មរយៈពេល៥៣ថ្ងៃរបស់វា។

យានរ៉ូបូត Chang'e-6 នឹងព្យាយាមចុះចតនៅផ្នែកភាគឦសាន នៃតំបន់រណ្តៅអាចម៍ផ្កាយដ៏ធំសម្បើមហៅថា South Pole-Aitkin Basin។ បេសកកម្មប្រមូលគំរូតាងរបស់ Chang'e-6 ត្រូវគេរំពឹងថា នឹងជួយផ្តល់ពន្លឺបន្ថែមទៀត អំពីដំណើរវិវដ្តដំបូងៗរបស់ព្រះចន្ទ ក៏ដូចជាការកកើតនៃតំបន់រង្វង់ខាងក្នុង របស់ប្រព័ន្ធព្រះអាទិត្យយើង។ ដោយសារតែ នៅចំហៀង far side of the moon មិនសូវជាមាន​សកម្មភាពបន្ទុះភ្នំភ្លើង អ្នកវិទ្យាសាស្រ្តជាក់ថា នៅទីនោះសម្បូរទៅដោយរណ្តៅអាចម៍ផ្កាយ ដែលមិនត្រូវបានគ្របដណ្តប់ ដោយកម្អែភ្លើង ជាហេតុធ្វើឱ្យពួកវារក្សាទុកបានល្អ នូវវត្ថុធាតុផ្សេងៗសល់មក ពីសម័យកាលកកើតដំបូងនៃព្រះចន្ទ។ មកទល់ពេលនេះ គំរូតាងទាំងអស់ ដែលសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត​ (រុស្ស៉ី) ប្រមូលយកមកពីផ្ទៃព្រះចន្ទ កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងចិនកាលពី​ឆ្នាំ២០២០ គឺសុទ្ធតែនៅចំហៀង near side of the moon ជាទីដែលបន្ទុះភ្នំភ្លើងមានសកម្មភាពញឹកញាប់ខ្លាំងជាង។

គួរបញ្ជាក់ថា ចិនមានផែនការចេញបេសកកម្មរ៉ូបូត២ទៀត គឺ Chang'e-7 និង Chang'e-8 នៅឆ្នាំ២០២៦ និងឆ្នាំ២០២៨ នៅពេល​ដែលខ្លួនចាប់ផ្តើមធ្វើការស្រាវជ្រាវរុករកទឹក នៅតំបន់ប៉ូលខាងត្បូងព្រះចន្ទ ហើយសាងសង់មូលដ្ឋានបណ្តោះអាសន្នមួយ ជាមួយប្រទេស​រុស្ស៉ីនៅទីនោះ។ ទីក្រុងប៉េកាំងមានគោលដៅ នាំយកក្រុមអវកាសយានិករបស់ខ្លួន ឱ្យទៅដល់លើផ្ទៃព្រះចន្ទនៅត្រឹមឆ្នាំ២០៣០៕