(អឺរ៉ុប)៖ រថភ្លើង ឬរទេះភ្លើង គឺជាយានជំនិះ និងជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមមួយសម្រាប់ពិភពលោកបច្ចុប្បន្ន ខណៈមានមនុស្សតិចណាស់ដែលបានដឹងអំពីប្រវត្តិនៃការបង្កើតយានប្រភេទនេះ រីឯឈ្មោះអ្នកបង្កើត ទីកន្លែង និងឆ្នាំបង្កើតវាទៀតនោះ ក៏រឹតតែមិនសូវមានអ្នកដឹងផងដែរ។

ដើម្បីស្រាយនូវចម្ងល់ទាំងនេះ Fresh News Plus សូមចូលខ្លួនមកបកស្រាយបង្ហាញជូនដូចតទៅ៖

ជនជាតិអង់គ្លេសគឺជាអ្នកដែលបានស្គាល់រទេះភ្លើងមុនដំបូងគេបង្អស់ បន្ទាប់ពីរថចក្រប្រភេទថ្មីនេះត្រូវបានគេពិសោធន៍លើកដំបូងនៅស្រុកខាល្លីងតុន (Callington) តំបន់ជាដែលសម្បូរទៅដោយអណ្ដូងធ្យូងថ្មជាងគេមួយនៅចក្រភពអង់គ្លេស។ រទេះភ្លើងដំបូងមួយនេះត្រូវបានបង្កើតដោយលោក ចច ស្ដេហ្វិនសុន (George Stephenson)។

កើតនៅថ្ងៃទី០៩ ខែមិថុនា គ្រិស្ដសករាជ ១៧៨១ ចច ស្ដេហ្វិនសុន គឺជាកូនរបស់គ្រួសារកម្មករជីករ៉ែធ្យូងថ្មដ៏ក្រីក្រមួយ រស់នៅនៅភូមិវ៉ាយឡាំ (Wylam) ខាងកើតស្រុកញូវខាស្តល (Newcastle)។ មិនខុសពីក្មេងៗដទៃឡើយ ដោយសារគ្រួសារមានជីវភាពក្រខ្សត់តោកយ៉ាក ស្ដេហ្វិនសុន ត្រូវមានកាតព្វកិច្ចជួយធ្វើការឪពុកម្ដាយតាំងពីក្មេងវ័យ ហើយមិនបានចូលសិក្សានៅសាលានោះឡើយ ប៉ុន្តែនៅពេលធំពេញវ័យ ដោយសារលោកមានលទ្ធភាពរកប្រាក់បានគួរសម និងមានចិត្តអំណត់ចង់ចេះដឹងផងនោះ លោកក៏ឆ្លៀតទៅសិក្សានៅសាលា ដើម្បីរៀនសរសេរអក្សរ និងចេះអានអក្សរខ្លះៗ។

កាលជំនាន់នោះ បណ្ដាវិស្វករទាំងឡាយបានព្យាយមរកមធ្យោបាយប្រើចំហាយទឹកជួយដល់ដំណើរការគ្រឿងចក្រ (ម៉ាស៉ីនដើរដោយចំហាយទឹក) ដើម្បីជំនួសកម្លាំងអូសទាញរបស់មនុស្ស និងរទេះសេះជាដើម ប៉ុន្តែពុំទាន់មានអ្នកណាគិតឃើញអំពីការបង្កើតរថភ្លើងដែលបរលើផ្លូវដែកនៅឡើយទេ។

នៅគ្រិស្ដសករាជ ១៧៧០ មានជនជាតិបារាំងម្នាក់បានសាកល្បងបង្កើតរទេះដើរដោយចំហាយទឹក តែរទេះប្រភេទនេះធ្ងន់ហួសហេតុពេក នៅពេលយកទៅប្រើប្រាស់ម្ដងៗតែងតែធ្វើឱ្យថ្នល់ខូចខ្ទេចខ្ទីអស់ ដូច្នេះទើបត្រូវបញ្ឈប់ការប្រើប្រាស់វិញ។ អ្នកដែលបង្កើតបានល្អជាងគេ គឺរទេះកង់បួនរបស់លោក ថ្រេវ៉េធិក ដែលបានលេចរូបរាងឡើងនៅគ្រិស្ដសករាជ ១៨០០។

ម្ចាស់អណ្ដូងធ្យូងថ្មនៅតំបន់អ៉ីឡាំ (Elam) ដែលនៅជិតស្រុកកំណើតរបស់ ចច ស្ដេហ្វិនសុន បានទិញរទេះរបស់ថ្រេវ៉េធិកមកប្រើក្នុងការដឹកជញ្ជូនធ្យូងថ្មរបស់ខ្លួន។ ស្ដេហ្វិនសុន ចូលចិត្តទៅមើលរទេះបែបនេះណាស់ ហើយព្យាយាមរៀនបង្កើតរទេះតាមគំរូដូចរទេះថ្រេវ៉េធិក។ លុះដល់ថ្ងៃមួយ ស្ដេហ្វិនសុន បានធ្លោយពាក្យសម្ដីថាលោកនឹងបង្កើតរទេះថ្មីមួយឱ្យពូកែជាងនេះទៅទៀត។ ម្ចាស់អណ្ដូងធ្យូងថ្មនៅឯស្រុកឃីល្លីងវ៉ស (Killingworth) បានជឿទុកចិត្តចំពោះ ស្ដេហ្វិនសុន ទើបឱ្យគាត់ខ្ចីប្រាក់ និងគ្រឿងឧបករណ៍ដើម្បីធ្វើពិសោធន៍។

ស្ដេហ្វិនសុន ប្រើពេលពិសោធន៍អស់រយៈពេល ១០ ខែ ហើយបានបង្កើតរទេះនោះបានសម្រេចនៅថ្ងៃទី២៥ ខែកក្កដា គ្រិស្ដសករាជ ១៨១៤។ រទេះនេះមានកង់ដែកបួន មានបំពង់ភ្លើងសម្រាប់ដុតបញ្ឆេះឱ្យម៉ាស៉ីនមានដំណើរការទៅមុខ ដោយអាចទាញរទេះដទៃទៀតដែលមានទម្ងន់រហូតដល់ ៣០ តោនឡើងភ្នំ និងមានល្បឿនក្នុងមួយម៉ោងបានជាង ៦ គីឡូម៉ែត្រ។ ស្ដេហ្វិនសុន បានដាក់ឈ្មោះឱ្យរទេះភ្លើងរបស់គាត់ថា ប្ល៊ូឆឺរ (Blücher) តាមឈ្មោះមេទ័ពដ៏ខ្លាំងពូកែម្នាក់របស់ព្រូសស៉ី ប៉ុន្តែកម្លាំងរទេះរបស់ ស្ដេហ្វិនសុន នៅពុំទាន់ពូកែជាងកម្លាំងសេះប៉ុន្មាននោះទេ គឺនៅយឺតល្មមអាចនឹងប្រើសេះទាញបាន ជាហេតុធ្វើឱ្យ ចច ស្ដេហ្វិនសុន នៅពុំទាន់ពេញចិត្តនឹងរទេះភ្លើងដំបូងរបស់ខ្លួននៅឡើយទេ ដោយគាត់នៅតែព្យាយាមអភិវឌ្ឍន៍រទេះភ្លើងនេះឱ្យពូកែជាងមុនបន្តិចម្ដងៗ។

នៅសម័យនោះ ធ្យូងថ្មដែលត្រូវប្រើនៅក្នុងទីក្រុងឡុងដ៍ ត្រូវដឹកជញ្ជូនតាមផ្លូវគោកពីតំបន់មួយទៅតំបន់មួយ ដើម្បីដាក់លើកប៉ាល់ដឹកបន្តតាមផ្លូវទឹក ដូច្នេះហើយទើបសភា និងរាជរដ្ឋាភិបាលចក្រភពអង់គ្លេសតម្រូវឱ្យធ្វើផ្លូវដែកសម្រាប់ដឹកជញ្ជូនតាមរទេះភ្លើង ហើយជាង ស្ដេហ្វិនសុន ក៏បានទទួលរាប់រងក្នុងការងារធ្វើផ្លូវរទេះភ្លើង និងផលិតរទេះភ្លើងឡើង ក្រោមការដឹកនាំរបស់បុគ្គលម្នាក់ទៀតមានឈ្មោះថា អេដវ៉ើត ភិស (Edward Pease)។ យ៉ាងណាក៏ដោយ ក៏ពុំសូវមានមនុស្សនិយមជិះរថភ្លើងថ្មីរបស់គាត់នេះទេ គឺពួកគេនិយមជិះរទេះសេះនៅឡើយ។ លុះដល់រទេះភ្លើងរបស់ ស្ដេហ្វិនសុន ត្រូវបានអភិវឌ្ឍន៍ឱ្យលឿនជាងរទេះសេះ ទើបមនុស្សម្នាទាំងនោះចាប់ផ្ដើមងាកមកជិះរថភ្លើងវិញ។

នៅពេលការងារកសាងផ្លូវរទេះភ្លើងដំបូងនេះរួចស្រេចហើយ គេក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅគ្រិស្ដសករាជ ១៨២០ ដោយក្នុងនោះក៏មានវត្តមានរបស់សម្ដេចវីល្លីងតុន អាត់ស៊ូ វែល្លីសស្លី (Arthur Wellesley) ដែលជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសសម័យនោះផងដែរ។ នេះជាសម័យកាលដ៏សំខាន់មួយ ដែលប្រជាជនអង់គ្លេសចាប់ផ្ដើមស្គាល់វត្តមានរទេះភ្លើងជាបណ្ដើរៗ។ ស្ដេហ្វិនសុន បានធ្វើការយ៉ាងសកម្មក្នុងការកសាងផ្លូវរថភ្លើង និងម៉ាស៉ីនរថភ្លើង ដើម្បីតភ្ជាប់ពីស្រុកមួយទៅស្រុកមួយទូទាំងប្រទេសអង់គ្លេស។

ជាការពិតណាស់ ទម្រាំផលិតបានសមិទ្ធប្រវត្តិសាស្ត្រប្រភេទនេះ មិនមែនជារឿងងាយស្រួលឡើយសម្រាប់វិស្វករស៉ីវិលដែលធ្លាប់មានជីវភាពក្រលំបាក គ្មានការសិក្សាបានខ្ពង់ខ្ពស់ដូចជា ចច ស្ដេហ្វិនសុន។