(បរទេស)៖ ស្មាតហ្វូន ថេបប្លេត ម៉ាស៉ីនលេងហ្គេមចល័ត និងឧបករណ៍អេឡិចត្រូនិចដទៃទៀត សុទ្ធតែជារបស់របរសម្រាប់កំដរភាពអផ្សុក នាសតវត្សរ៍ទី២១នេះ ដោយយើងអាចប្រើប្រាស់ឧបករណ៍ទាំងនោះ ដើម្បីលេងហ្គេម ទាក់ទងជាមួយគ្រួសារនិងមិត្តភក្តិ ព្រមទាំងស្វែងរក អ្វីផ្សេងៗ នៅលើបណ្តាញអ៉ីនធើណិត។

មនុស្សភាគច្រើនប្រហែលជាយល់ថា ពួកវាច្បាស់ជាសក្តិសមបំផុតសម្រាប់ការកាត់បន្ថយភាពអផ្សុក អំឡុងពេលធ្វើដំណើរតាមយន្តហោះ ដែលមានរយៈពេលយូររាប់ម៉ោង និងត្រូវអង្គុយនៅមួយកន្លែងស្ទើរតែជាប់រហូត។ ក៏ប៉ុន្តែសម្រាប់អ្នកដែលធ្លាប់ធ្វើដំណើរតាមយន្តហោះ ប្រហែលជាដឹងហើយថា នៅមុនពេលចេញដំណើរតែងមានការរំឭកឲ្យអ្នកដំណើរគ្រប់ៗរូប ត្រូវបិទឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ឬត្រូវរក្សាទុកក្រោមមុខងារ Airplane Mode រឺ Flight Mode ពេញមួយរយៈពេលនៃជើងហោះហើរ។

ការតម្រូវបែបនេះ គឺដោយសារតែមូលហេតុថា ការបញ្ជូនរលកសញ្ញាចេញ-ចូលគ្រឿងអេឡិចត្រូនិចអស់ទាំងនោះ អាចបង្កការរំខាន់ដល់ឧបករណ៍គ្រប់គ្រងការធ្វើដំណើររបស់យន្តហោះបាន។ តើបញ្ហានេះពិតជាកើតឡើងមែនឬទេ? តើស្មាតហ្វូនរបស់យើង ឬឧបករណ៍អេឡិចត្រូនិចដទៃទៀត ពិតជាអាចបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើរអំឡុងជើងហោះហើរមែនរឺយ៉ាងណា?

ចម្លើយយ៉ាងខ្លីចំពោះសំណួរខាងលើ គឺប្រហែលជាពួកវាមិនបង្កគ្រោះថ្នាក់អ្វីទេ ប៉ុន្តែយើងគួរដឹងថាតើឧបករណ៍អេឡិចត្រូនិចរបស់យើង អាចប៉ះពាល់ដល់ប្រព័ន្ធយន្តហោះ ក៏ដូចជាអ្នកដំណើរដទៃទៀតដោយរបៀបណា អំឡុងពេលហោះហើរ។ ជំហានដំបូងគឺយើងគួរដឹងថា ឧបករណ៍អេឡិចត្រូនិចដំណើរការ និងធ្វើអន្តរកម្មបែបណាជាមួយយន្តហោះ។

បើនិយាយជាទូទៅ ដើម្បីភ្ជាប់ទៅកាន់បណ្តាញឥតខ្សែ (Wireless Network) ឬបង្គោលសេវាទូរស័ព្ទ ឧបករណ៍អេឡិចត្រូនិចត្រូវដើរតួក្លាយជា ឧបករណ៍បញ្ជូនរលកសញ្ញា ដែលភ្ជាប់ទៅបង្គោលសេវាទូរស័ព្ទនានា ព្រមទាំងឧបករណ៍ទទួលផ្សេងទៀតដែលដឹកជញ្ជូនរលកសញ្ញាចេញ ទៅក្រៅ ប៉ុន្តែទន្ទឹមគ្នានេះពួកវាផ្ទាល់ក៏ក្លាយជាឧបករណ៍ទទួល ដើម្បីទទួលរលកសញ្ញាដែលចូលមកផងដែរ។ ហើយការបញ្ជូនរលកសញ្ញាក្នុងកម្រិតខ្លាំងឬខ្សោយ គឺអាស្រ័យទៅលើចម្ងាយរបស់បង្គោលសេវាទូរស័ព្ទ ឬក៏ឧបករណ៍ទទួលដទៃទៀត។

ពេលឧបករណ៍អេឡិចត្រូពិចនៅដំណើរការធម្មតា ពួកវាតែងបញ្ជូនរលកសញ្ញាចេញ-ចូលជានិច្ច លើកលែងនៅពេលត្រូវបានដាក់ក្រោម មុខងារ Airplane Mode ឬ Flight Mode ដែលមានតួនាទីបិទលែងឲ្យមានការទទួលឬបញ្ចេញរលកសញ្ញាតទៀត។ អាកាសចរណ៍ភាគច្រើនបានកត់សម្គាល់ថា រលកសញ្ញាដែលបញ្ចេញពីឧបករណ៍អេឡិចត្រូនិច មានលទ្ធភាពអាចបង្កការរំខានដល់ប្រព័ន្ធសំខាន់ៗរបស់យន្តហោះ ។

ដោយឡែក ក្នុងស្ថានភាពជាក់ស្តែង ឧបករណ៍អេឡិចត្រូនិចសំខាន់ៗនៅលើយន្តហោះសម័យឥឡូវ គឺត្រូវបានការពារយ៉ាងល្អជាទីបំផុត ពីការរំខានដោយរលកសញ្ញា។ ទោះបីជាការរំខានផ្នែកអេឡិចត្រូនិចបង្កឡើងដោយការបញ្ចេញរលកសញ្ញាពីទូរស័ព្ទ ត្រូវគេជឿជាក់ថា មានជាប់ពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះនៅប្រទេសស្វីសកាលពីឆ្នាំ២០០០ និងមួយករណីទៀតនៅនូវែលសេឡង់កាលពីឆ្នាំ២០០៣ក្តី វាទំនងជានឹងគ្រាន់តែបង្កការស្មុគស្មាញបន្តិចបន្តួចចំពោះក្រុមសហសេវិកប៉ុណ្ណោះ ដូចជាសំឡេងរំខាន ឬការប្រែប្រួលតិចតួចនៃសញ្ញា លើឧបករណ៍។

គួរបញ្ជាក់ថា បញ្ហានេះហើយទំនងជាមូលហេតុដែលអាកាសចរណ៍ទាំងឡាយ ស្នើឲ្យអ្នកដំណើរបិទទូរស័ព្ទឬដាក់ពួកវាឲ្យនៅក្រោមមុខងារ Airplane ឬ Flight Mode។ កាលពីឆ្នាំ២០១៤ ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឺរ៉ុប EASA បានប្រកាសថា ឧបករណ៍អេឡិចត្រូនិចមិនបង្កហានិភ័យ ដល់សុវត្ថិភាពក្នុងការធ្វើដំណើរលើយន្តហោះឡើយ ប៉ុន្តែអាជ្ញាធរអាកាសចរណ៍នៃប្រទេសដទៃទៀត ដូចជាសហរដ្ឋអាមេរិកនិងចិនជាដើម នៅរក្សាការដាក់កំហិតដដែល៕