(ពិភពលោក)៖ កាលពីដើមឡើយមនុស្សជឿថាផែនដីជាចំណុចកណ្ដាលនៃចក្រវាឡ ហើយព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយព្រះគ្រោះជាច្រើនទៀតធ្វើដំណើរគោចរជុំវិញផែនដី ហើយក៏មានចារនៅក្នុងគម្ពីររបស់សាសនាកាតុលិកផងដែរ ប៉ុន្តែរហូតដល់ដើមសតវត្សរ៍ទី១៧ ជំនឿនេះត្រូវបានយល់ផ្ទុយបញ្ច្រាសវិញដោយតារាវិទូជនជាតិអ៉ីតាលីម្នាក់ គាត់គឺលោក កាលីឡេអូ កាលីឡេ (Galileo Galilei)។

កាលីឡេអូ កាលីឡេ កើតនាថ្ងៃទី១៥ ខែកុម្ភៈ គ្រិស្ដសករាជ ១៥៦៤ នៅទីក្រុងពីសា (Pisa) នៃសាធារណរដ្ឋហ្វ្ល័ររ៉ង់ (Florence) ដែលបច្ចុប្បន្នក្លាយជាទីក្រុងហ្វ្លរ៉េន នៃប្រទេសអ៉ីតាលី។ លោកធ្លាប់សិក្សានៅមហាវិទ្យាល័យពីសា ជំនាញវេជ្ជសាស្ត្រ និងទស្សនវិជ្ជា ប៉ុន្តែកាលីឡេតែងតែមានគំនិតយល់ឃើញផ្ទុយពីសាស្ត្រាចារ្យនៅមហាវិទ្យាល័យនេះ ដ្បិតពេលនោះសាស្ត្រាចារ្យទាំងឡាយនៅអាស្រ័យជឿតាមតម្រារបស់អ្នកប្រាជ្ញក្រិកបុរាណ ពិសេសគឺអារីស្តូត និងទ្រឹស្ដីរបស់សាសនាកាតូលិក។

នៅគ្រិស្ដសករាជ ១៦០៩ ក្នុងពេលដែលកាលីឡេកំពុងរស់នៅ និងជាសាស្ត្រាចារ្យនៅទីក្រុងវ៉េនីស (Venice) លោកបានឮដំណឹងមកថាមានជនជាតិហូឡង់ម្នាក់ឈ្មោះ ហែន្ស៍ លីបផឺរស្ស៉ី (Hans Lippershey) មានគម្រោងធ្វើឧបករណ៍កែវយឹតឡើង។ ឮដូច្នោះ កាលីឡេក៏គិតធ្វើឧបករណ៍កែវយឹតមួយដែរ ទោះបីជាលោកពុំធ្លាប់ធ្វើវាពីមុនមកក៏ដោយ។ លុះដល់ផលិតបានហើយ កែវយឹតរបស់កាលីឡេអាចពង្រីកវត្ថុដែលនៅចម្ងាយជាង ៣៥ គីឡូម៉ែត្រ មានប្រសិទ្ធភាពពូកែជាងកែវយឹតរបស់ជនជាតិហូឡង់នោះដល់ទៅបីដង ព្រោះអាចមើលឃើញវត្ថុឆ្ងាយៗបានយ៉ាងជាក់ច្បាស់ រីឯកែវយឹតរបស់ ហែន្ស៍ បែរជាមើលឃើញរូបដាំក្បាលចុះទៅវិញ។ ទោះបីជាយ៉ាងនេះក្ដី ក៏កាលីឡេនៅពុំទាន់ពេញចិត្តនឹងឧបករណ៍ថ្មីរបស់ខ្លួននេះនៅឡើយទេ ដោយលោកតែងតែខិតខំអភិវឌ្ឍន៍វាឱ្យកាន់តែល្អប្រសើរថែមទៀត។

ទីបំផុត កាលីឡេអាចបង្កើតបានកែវយឹតដ៏ល្អមួយដែលអាចពង្រីកវត្ថុនានាដល់ទៅ ៣០ ដង ហើយលោកបានប្រើវាដើម្បីឆ្លុះមើលព្រះអាទិត្យ ព្រះច័ន្ទ ផ្កាយ និងភពដទៃទៀត។ នៅពេលកាលីឡេប្រើកែវយឹតរបស់ខ្លួនឆ្លុះមើលព្រះច័ន្ទ ក៏ឃើញព្រះច័ន្ទមានសភាពមិនរាបស្មើដូចមើលនឹងភ្នែកទទេឡើយ ពោលគឺមានរណ្ដៅខ្លះ មានផ្ទៃរាបស្មើខ្លះ និងមានភ្នំខ្ពស់ៗជាច្រើនទៀត។ រីឯផ្កាយ និងភពដទៃទៀតនោះក៏ដូចគ្នា កាលបើគេមើលដោយភ្នែកទទេ នោះគេនឹងឃើញផ្កាយរះច្រើនល្មម ប៉ុន្តែនៅពេលកាលីឡេប្រើកែយឹតឆ្លុះមើលទៅ ឃើញថាផ្កាយ និងភពដែលមាននៅក្នុងចក្រវាឡនោះ គឺមានច្រើនអនេក។

កាលីឡេបានជក់ចិត្តនឹងការអង្កេតមើលផ្កាយនេះខ្លាំងណាស់ ហើយលោកបានបង្វែរកែវយឹតតម្រង់ទៅរកភពព្រហស្បតិ៍ និងភពដទៃទៀតក្នុងប្រព័ន្ធព្រះអាទិត្យ ហើយចាំអង្កេតមើលអស់ពេលជាច្រើនយប់ ក៏ឃើញមានតារារណបចំនួន ៤ ដែលកំពុងគោចរជុំវិញភពព្រហស្បតិ៍នោះ។ កាលីឡេក៏បានបំបែកអាថ៌កំបាំងថ្មីមួយទៀតថា តាមពិតផែនដីរបស់យើងនេះមិនមែនជាចំណុចកណ្ដាលនៃចក្រវាឡទាំងមូលនោះឡើយ ហើយព្រះអាទិត្យ ព្រះច័ន្ទ ព្រមទាំងតារាដទៃទៀតក៏មិនមែនគោចរជុំវិញផែនដីទាំងអស់ដែរ ពីព្រោះថាប្រសិនបើពិតដូចជំនឿពីបុរាណនោះមែន ម្ល៉េះភពព្រហស្បតិ៍ និងតារារណបរបស់វាទាំងបួននោះសមតែមកវិលជុំវិញផែនដីទាំងអស់ មិនសមទៅគោចរជុំវិញភពព្រហស្បតិ៍ដូច្នេះទេ។ ដូច្នេះហើយទើបកាលីឡេសន្មតថា ផែនដីរបស់យើងមិនមែនជាចំណុចកណ្ដាលនៃចក្រវាឡឡើយ គឺព្រះអាទិត្យទៅវិញទេដែលជាចំណុចកណ្ដាលនៃចក្រវាឡ (Solar System) ហើយភពផែនដី ព្រមទាំងភព និងផ្កាយព្រះគ្រោះដទៃទៀត គឺធ្វើដំណើរគោចរជុំវិញព្រះអាទិត្យ។

ក្រោយទាញបានទ្រឹស្ដីថ្មីនេះហើយ កាលីឡេក៏បានបង្រៀនទៅកាន់សិស្ស និស្សិតរបស់ខ្លួននៅមហាវិទ្យាល័យក្រុងវ៉េនីស ធ្វើឱ្យអ្នកវិទ្យាសាស្ត្រដែលជឿតាមតម្រាចាស់ៗកើតក្ដីមិនពេញចិត្តចំពោះកាលីឡេ ប៉ុន្តែពួកគេមិនមានភស្ដុតាងអ្វីយកមកប្រកែកជាមួយកាលីឡេបានឡើយ ទើបគប់គិតគ្នាបង្ខូចចោទប្រកាន់កាលីឡេថាជាអ្នកបង្កើតទ្រឹស្ដីប្រឆាំងនឹងសាសនា ប្រឆាំងនឹងរដ្ឋាភិបាល និងព្រះជាម្ចាស់។

រហូតដល់សម័យក្រោយមកទៀត ពោលគឺក្រោយកាលីឡេស្លាប់ជាច្រើនឆ្នាំហើយនោះ ទើបមានការអង្កេតវត្ថុទាំងឡាយនៅក្នុងអវកាសឡើងវិញ។ ក្នុងពេលនោះ អ្នកតារាសាស្ត្រជំនាន់ក្រោយបានរកឃើញហេតុភេទដូចទៅនឹងទ្រឹស្ដីរបស់កាលីឡេ ដែលបាននិយាយកាលពីដើមសតវត្សរ៍ទី១៧ នោះ ដូច្នេះហើយទើបពិភពលោកក៏បានប្ដូរទស្សនៈចំពោះអ្នកប្រាជ្ញកាលីឡេឡើងវិញថា ការរកឃើញ ការអះអាង និងបង្រៀនរបស់លោក គឺជាភាពត្រឹមត្រូវប្រាកដមែន។

សូមជម្រាបថា កាលីឡេអូ កាលីឡេ បានទទួលមរណភាពនាថ្ងៃទី០៨ ខែមករា គ្រិស្ដសករាជ ១៦៤២ នៅទីក្រុងអាសេទ្រី (Arcetri) នៃសាធារណរដ្ឋទួសខានី (Grand Duchy of Tuscany) បច្ចុប្បន្នស្ថិតនៅទីក្រុងហ្វ្លរ៉េន ប្រទេសអ៉ីតាលី។ នៅពេលកាលីឡេស្ថិតក្នុងវ័យចាស់ជរា ពួកអ្នកកាន់សាសនាកាតូលិកតែងតែធ្វើទុក្ខបុកម្នេញ ដោយមានទាំងការនាំខ្លួនលោកទៅកាត់ទោសនៅតុលាការសាសនា ដើម្បីឱ្យលោកជាប់គុកអស់មួយជីវិត។ រហូតដល់ពេលលោកស្លាប់ហើយ ក៏ពួកគេនៅតែតាមចងកម្មចងពៀរទៀត ដោយមិនឱ្យមានការធ្វើពិធីបុណ្យសពឱឡារិកដូចបណ្ដាអ្នកប្រាជ្ញដទៃឡើយ ថែមទាំងមិនឱ្យគេចារឹកប្រវត្តិរបស់លោកនៅលើថ្លើមថ្ម ដែលជាបែបនិយមរបស់អ្នកស្រុកអ៉ីតាលីកាលសម័យនោះផងដែរ៕