(ពិភពលោក)៖ រ៉ាដ្យូម (Radium) ជាលោហធាតុកម្រមួយនៅលើពិភពលោក ដែលវាត្រូវបានរកឃើញដំបូងនៅចុងសតវត្សរ៍ទី១៩ ដោយអ្នកវិទ្យាសាស្ត្រប្ដីប្រពន្ធពីរនាក់។ ក្រោយការរកឃើញនេះហើយ រ៉ាដ្យូមត្រូវបានគេប្រើប្រាស់ជាប្រយោជន៍យ៉ាងច្រើនច្រើនក្នុងវិស័យវេជ្ជសាស្ត្រ ប៉ុន្តែលោហៈប្រភេទនេះក៏បង្កផលអាក្រក់ច្រើនដល់សុខភាពមនុស្សយើងផងដែរ។

រ៉ាដ្យូម គឺតាងដោយនិម្មិតសញ្ញា Ra និងមានលេខអាតូម ៨៨ ស្ថិតនៅក្នុងក្រុមលោហៈអាល់កាឡាំង។ រ៉ាដ្យូមដែលស្ថិតក្នុងទម្រង់បរិសុទ្ធមានពណ៌សភ្លឺ ប៉ុន្តែវានឹងប្រតិកម្មភ្លាមៗជាមួយឧស្ម័ននីត្រូហ្សែន ឬអាហ្សូត (Nitrogen តាងដោយនិម្មិតសញ្ញា N) ហើយវិវត្តទៅជារ៉ាដ្យូមនីត្រាត (Ra3N2) ដែលមានផ្ទៃពណ៌ខ្មៅ។

បច្ចុប្បន្ននេះ រ៉ាដ្យូម ជាលោហៈដែលមានតម្លៃខ្ពស់បំផុត ព្រោះដើម្បីបានរ៉ាដ្យូម ២ ក្រាម គេត្រូវរំលាយរ៉ែជាច្រើនតោន ខណៈរ៉ាដ្យូមមួយដុំតូចមានតម្លៃរ៉ាប់ម៉ឺនដុល្លារ ព្រោះវាជាលោហធាតុកម្រដ៏ក្រៃលែង។ កន្លែងដែលមានវត្តមានលោហៈប្រភេទនេះគឺនៅប្រទេសកាណាដា និងបូហ៉ីមៀ។

គុណប្រយោជន៍ដ៏សំខាន់របស់រ៉ាដ្យូម គឺអាចព្យាបាលរោគមហារីកស្បែក រោគសាច់ដុះ និងសើស្បែកច្រើនប្រភេទដទៃទៀតឱ្យជាសះស្បើយបាន តាមរយៈពន្លឺពណ៌បៃតងរបស់វា។

រ៉ាដ្យូមក្នុងទម្រង់ជារ៉ាដ្យូមក្លរីដ (Radium Chloride) ត្រូវបានរកឃើញដំបូងដោយអ្នកវិទ្យាសាស្ត្រពីរនាក់ប្ដីប្រពន្ធ គឺលោក ព្យៀរ គូរី (ជនជាតិបារាំង) និងលោកស្រី ម៉ារី គូរី (ជនជាតិប៉ូឡូញ) នៅឆ្នាំ១៨៩៨ ខណៈអ្នកទាំងពីរបានចម្រាញ់យកសមាសធាតុរ៉ាដ្យូមក្លរីដនេះចេញពីដុំរ៉ែអ៊ុយរ៉ាញូម (Uranium តាងដោយនិម្មិតសញ្ញា U)។

នៅប្រាំថ្ងៃក្រោយការរកឃើញនេះ អ្នកវិទ្យាសាស្ត្រពីរនាក់ប្ដីប្រពន្ធនេះបានចេញផ្សាយរបកគំហើញរបស់ខ្លួននៅឯបណ្ឌិត្យសភាវិទ្យាសាស្រ្តបារាំង។ បន្ទាប់មកទៀត រ៉ាដ្យូមសុទ្ធ ត្រូវបានញែកចេញដោយលោកស្រី ម៉ារី គូរី និងអ្នកវិទ្យាសាស្រ្តម្នាក់ទៀតគឺលោក អង់ដ្រេ ល្វី ដឺព្យៀន (Andre-Louis Debierne) ដោយពួកគេបានប្រើចរន្តអគ្គិសនីលើរ៉ាដ្យូមក្លរីដ នៅឆ្នាំ១៩១១។

ទោះជាយ៉ាងណា រ៉ាដ្យូម ក៏ត្រូវបានរកឃើញនៅសម័យក្រោយទៀតថា អាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សយើងផងដែរ នៅពេលវាត្រូវគេប្រើប្រាស់ក្នុងដំណើរការគីមីផ្សេងៗ ដោយសារតែកម្រិតវិទ្យុសកម្ម និងប្រតិកម្មគីមីរបស់វាខ្លាំង។ បច្ចុប្បន្នក្រៅពីការប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្រ្ត និងវិស័យនុយក្លេអ៊ែរ រ៉ាដ្យូមមិនត្រូវបានប្រើប្រាស់ក្នុងវិស័យផ្សេងទៀតឡើយ៕