(ពិភពលោក)៖ អក្សរ គឺជាសញ្ញាណភាសារបស់មនុស្សជាតិយើងទាំងអស់គ្នា ប៉ុន្តែតើអ្នកដឹងទេថា អក្សរត្រូវបានបង្កើតឡើងដំបូងនៅឯណា ហើយតើជនជាតិណាដែលបង្កើតអក្សរមុនដំបូងគេបង្អស់?

ប្រមាណ ១០,០០០ ឆ្នាំមុន មនុស្សបានបម្លាស់ទីពីតំបន់អាហ្វ្រិកចូលទៅកាន់តំបន់ផ្សេងៗនៃពិភពលោក តួយ៉ាងដូចជាតំបន់មេសូប៉ូតាមីជាដើម ហើយនៅតំបន់នេះមនុស្សមានការវិវត្តឆាប់រហ័សជាងគេតំបន់ផ្សេងទៀត។ នៅលើដែនដីដ៏សែនអំណោយផលនេះ គេឃើញមានសង្គមមនុស្សមួយចំនួនដែលមានភាពលេចធ្លោជាងគេ ក្នុងនោះមានដូចជាសង្គមសាំមឺ (Sumerian) និងសង្គមអាកខាត (Akkadian) ជាដើម។

គឺពួកមនុស្សក្នុងសង្គមសាំមឺនេះឯងដែលបានបង្កើតតួអក្សដំបូងគេ ដោយដើមឡើយ ប្រព័ន្ធសំណេររបស់ពួកគេ គឺមានប្រព័ន្ធសំណេរចាស់ និងប្រព័ន្ធសំណេរថ្មី។ នៅដំណាក់កាលដំបូងនោះ ពួកសាំមឺបានរកឃើញនូវរបៀបសាមញ្ញក្នុងការសរសេរអក្សរ នោះគឺប្រព័ន្ធសំណេរតាមបែបអក្សររូប។ ក៏ប៉ុន្តែនៅពេលនោះ មិនទាន់មានប៊ិច និងក្រដាសនៅឡើយទេ គឺគេប្រើឈើស្រួចរាងដូចប៊ិច (Styluses) សម្រាប់គូស ឬសរសេរតួអក្សរនៅលើបន្ទះដីឥដ្ឋ។

* ការវិវត្តប្រព័ន្ធសំណេររបស់សង្គមសាំមឺ

នៅក្នុងដំណាក់កាលនៃការប្រើប្រាស់ប្រព័ន្ធសំណេររបស់ប្រជាជនសាំមឺ ក៏មានដែរនូវការប្រើរូបភាព ឬសញ្ញាតំណាងឱ្យពាក្យ ឬហៅថាប្រព័ន្ធសំណេរតាមបែបអក្សររូប។ ចំពោះរូប ឬសញ្ញាតំណាងនីមួយៗ គឺតំណាងឱ្យវត្ថុ ឬអ្វីមួយផ្សេងទៀតដែលគេចង់បញ្ជាក់។ ឧទាហរណ៍ ដូចជា តំណាងឱ្យមនុស្ស សត្វ រុក្ខជាតិជាដើម ក៏ប៉ុន្តែរូបភាព និងសញ្ញាតំណាងអស់ទាំងនោះ វាមិនមានអត្ថន័យគ្រប់គ្រាន់ ឬមិនអាចពន្យល់អត្ថន័យឱ្យបានស៊ីជម្រៅនោះទេ។ ក្រោយមក ប្រព័ន្ធសំណេរថ្មីមួយទៀតដែលមានការវិវត្តចេញពីប្រព័ន្ធសំណេរបែបរូបភាព ឬសញ្ញាតំណាង គឺប្រព័ន្ធសំណេរតាមបែបអក្ខរក្រមនោះឯង ដោយវាមានសមត្ថភាពអាចសរសេរពន្យល់បានយ៉ាងទូលំទូលាយ។ ពួកសាំមឺរអាចសរសេរព្យញ្ជនៈ និងស្រះផ្គុំប្រកបចូលគ្នា ព្រមទាំងអាចពន្យល់អត្ថន័យបានយ៉ាងក្បោះក្បាយផងដែរ។

ជាលទ្ធផល អ្នកតាក់តែងប្រព័ន្ធសំណេរក៏បានឯកភាពគ្នា ដោយសំយោគគ្នារវាងប្រព័ន្ធអក្ខរក្រម ជាមួយនឹងប្រព័ន្ធសំណេរបែបអក្សររូប ឱ្យទៅជាប្រព័ន្ធសំណេរតែមួយ ដែលកាន់តែផ្តល់នូវភាពសម្បូរបែបក្នុងការប្រើប្រាស់អក្សរ។ ចំពោះបម្រើបម្រាស់ប្រព័ន្ធក្នុងការប្រើប្រាស់ប្រព័ន្ធសំណេរទាំងនេះ គឺប្រើប្រាស់សម្រាប់ការកត់ត្រារឿងរ៉ាវផ្សេងៗ ដូចជា ការងារ ជំនួញ និងការកត់ត្រាពីជីវភាពប្រចាំថ្ងៃជាដើម។

ដោយសារតែសង្គមសាំមឺមានធនធានមនុស្សកាន់តែច្រើនឡើងៗជាលំដាប់នោះ ពួកគេក៏បែកគំនិតយកប្រព័ន្ធសំណេររបស់ពួកគេនោះទៅប្រើប្រាស់ក្នុងបរិបទថ្មីមួយ គឺពួកគេយកទៅប្រើប្រាស់ក្នុងការកត់ត្រាប្រវត្តិសាស្រ្ត ការតាក់តែងក្រមច្បាប់ តាក់តែងវេយ្យាករណ៍ និងគណិតវិទ្យា។ លើសពីនេះ ពួកគេបានប្រើប្រព័ន្ធសំណេរនោះ ទៅធ្វើការតែងនិពន្ធរឿងព្រេង អក្សរសិល្ប៍ សុភាសិត ពាក្យស្លោក ចម្រៀង។ រីឯកំណាព្យវិញ ភាគច្រើនតែងអំពីអាទិទេព និងអំពីជ័យជម្នះផ្សេងៗ។ កំណាព្យមួយចំនួនមានលក្ខណៈវែងអន្លាយ ដែលនិយាយរៀបរាប់ពីរឿងរ៉ាវរបស់វីរជន ឬស្ដេចអង្គណាមួយដែលមានសេចក្តីអង់អាចក្លាហាន៕