(ភ្នំពេញ)៖ នៅតំបន់ប៉ូលខាងជើង និងប៉ូលខាងត្បូងរបស់ផែនដីយើង គឺតែងមានបាតុភូតពន្លឺដ៏ស្រស់ស្អាតម៉្យាងបង្ហាញខ្លួនលើផ្ទៃមេឃ ដែលគេហៅថា ពន្លឺអូរ៉ូរ៉ា (Aurora)។ តើមានបាតុភូតអ្វីខ្លះដែលបណ្ដាលឱ្យកើតមានពន្លឺអូរ៉ូរ៉ានេះ?

នៅតំបន់ប៉ូលខាងជើង ពន្លឺនេះអាចត្រូវគេហៅថា អូរ៉ូរ៉ាបូរាលីស (Aurora Borealis)ពន្លឺខាងជើង (Northern Light) ខណៈនៅប៉ូលខាងត្បូងវិញគេហៅពន្លឺនេះថា អូរ៉ូរ៉ាអូស្រ្តាលីស (Aurora Australis)ពន្លឺខាងត្បូង (Southern Light)។ ទោះបីជាពន្លឺ Aurora មើលឃើញនៅពេលរាត្រីក៏ដោយ ប៉ុន្តែវាកើតឡើងដោយសារព្រះអាទិត្យទៅវិញទេ។

* បាតុភូតដែលនាំឱ្យមានពន្លឺ Aurora

អ្វីដែលព្រះអាទិត្យបញ្ចេញមកភពរបស់យើង មិនមែនមានតែកម្តៅ និងពន្លឺប៉ុណ្ណោះទេ គឺរួមមានទាំងថាមពល និងភាគល្អិតតូចៗដទៃទៀត។ ដែនម៉ាញេទិចនៅជុំវិញភពផែនដីយើងបានជួយរារាំងថាមពល និងភាគល្អិតមួយចំនួនធំរបស់ព្រះអាទិត្យមិនឱ្យចូលមកដល់ផែនដីបាន។ ជារឿយៗព្រះអាទិត្យជះចំហាយ Solar Wind ពីផ្ទៃរបស់វាមកខាងក្រៅ ប៉ុន្តែពេលខ្លះក៏មានបាតុភូតខ្លាំងក្លាជាងនេះផងដែរ ដែលគេហៅថា Solar Storm។ នៅពេល Solar Storm ភាយមកដល់ផែនដី ថាមពល និងភាគល្អិតមួយចំនួនរបស់ព្រះអាទិត្យអាចរត់តាមខ្សែស្រទាប់ម៉ាញេទិចនៅប៉ូលខាងជើង និងប៉ូលខាងត្បូងចូលមកក្នុងបរិយាកាសផែនដីបាន។ ភាគល្អិតព្រះអាទិត្យទាំងនោះបានធ្វើប្រតិកម្មជាមួយឧស្ម័ននៅក្នុងបរិយាកាសផែនដី ហើយបង្កជាបាតុភូតពន្លឺដ៏ស្អាតអស្ចារ្យនៅលើផ្ទៃមេឃ។

ម្យ៉ាងវិញទៀត ដោយសារតែនៅក្នុងបរិយាកាសយើងសម្បូរទៅដោយឧស្ម័នអុកស៉ីសែន និងឧស្ម័ននីដ្រូសែន (Nitrogen) ទើបជាទូទៅពន្លឺ Aurora មានពណ៌បៃតង ប៉ុន្តែជួនកាលក៏ចេញពណ៌ក្រហម ពណ៌ខៀវ ឬពណ៌ស្វាយផងដែរ៕