(ពិភពលោក)៖ ជនជាតិចិន គឺជាមនុស្សដំបូងដែលចេះផលិតក្រណាត់សូត្រមុនគេបង្អស់ ហើយក៏បានក្លាយជាប្រភពផ្គត់ផ្គង់ផលិតផលសូត្រតែមួយគត់ទៅកាន់តំបន់អាស៉ីកណ្ដាល មជ្ឈិមបូព៌ា និងតំបន់អឺរ៉ុប។ តើអ្នកដឹងទេថា ជំនួញសូត្រដំបូងកើតមានតាំងពីពេលណា និងបញ្ចប់ទៅវិញនៅពេលណា?

ផ្លូវជំនួញសូត្រ គឺជាបណ្ដាញពាណិជ្ជកម្មបុរាណមួយដែលបានរីកចម្រើនដំបូងចាប់ពីឆ្នាំ១០០មុនគ្រិស្ដសករាជ ដល់ឆ្នាំ១,៥០០នៃគ្រិស្ដសករាជ។ ការដែលវាមានឈ្មោះបោះសំឡេងល្បីល្បាញទៅបាន ក៏ដោយសារចំនួនសូត្រដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបាននាំចេញពីប្រទេសចិន កាត់តាមផ្លូវដ៏វែងឆ្ងាយទៅកាន់តំបន់នានាជាច្រើន។

ការធ្វើជំនួញសូត្រនេះបានលាតសន្ធឹងលើចម្ងាយផ្លូវប្រមាណជាង៨,០០០គីឡូម៉ែត្រ កាត់តាមតំបន់ខ្ពង់រាប ព្រៃភ្នំ វាលខ្សាច់ ទន្លេ សមុទ្រ និងទីក្រុងជាច្រើន រាប់ចាប់ពីប្រទេសចិនប៉ែកខាងកើតទៅដល់តំបន់អាស៉ីកណ្ដាល មជ្ឈិមបូព៌ា និងសមុទ្រមេឌីទែរ៉ាណេ។

ទីក្រុងជាច្រើនដែលស្ថិតនៅតាមបណ្ដោយផ្លូវជំនួញសូត្រនេះ បានក្លាយជាទីកន្លែងសម្រាប់ផ្គត់ផ្គង់ទៅឱ្យក្រុមឈ្មួញវិញនូវស្បៀងអាហារ ទឹក សត្វពាហនៈ ការសម្រាក ក៏ដូចជាទំនិញផ្សេងៗសម្រាប់ធ្វើពាណិជ្ជកម្មផងដែរ។ ទីក្រុងឆាងអាន (Chang-an) ឡានចូវ (Lanzhou) ខូថាន (Khotan) កាស្ការ (Kashgar) សាម៉ាកាន់ (Samarkand) ថាសខិន (Taskend) ថេរ៉ាន (Tehran) ជាដើម គឺជាទីក្រុងសំខាន់ៗសម្រាប់ជំនួញនាសម័យនោះ។ តំបន់ហ្វ៊ែរហ្កាណា (Fergana) បច្ចុប្បន្ននៅប្រទេសអ៊ូសបេគីស្ថាន ក៏ត្រូវបានគេស្គាល់ថាជាកន្លែងដែលមានឥទ្ធិពលមួយសម្រាប់ជំនួញសូត្រនេះដែរ។

នៅគ្រិស្ដសករាជ៨០០ ការជួញដូរតាមរយៈផ្លូវសូត្រនេះក៏បានចាប់ផ្ដើមថយចុះជាបណ្ដើរៗ ហើយពាណិជ្ជកម្មតាមផ្លូវសមុទ្រក៏បានចាប់ផ្ដើមមានសកម្មភាពខ្លាំងក្លាវិញម្ដង។ លុះដល់សតវត្សរ៍ទី១៣ និងទី១៤ ពោលគឺក្នុងពេលដែលចក្រភពម៉ុងហ្គោគ្រប់គ្រងអាស៉ីកណ្ដាល និងប្រទេសចិន បណ្ដាញជំនួញតាមផ្លូវសូត្រនេះក៏ត្រូវបានកាត់ផ្ដាច់ទាំងស្រុង។

រហូតដល់យុគសម័យទំនើបនាពេលបច្ចុប្បន្ននេះ ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន លោក ស៉ី ជិនពីង ក៏បានបង្កើតនូវគោលនយោបាយផ្លូវសូត្រថ្មី គឺគោលនយោបាយខ្សែក្រវាត់ និងផ្លូវ (Belt and Road) ដើម្បីភ្ជាប់ទំនាក់ទំនងការទូត នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយបណ្ដាប្រទេសជាច្រើន ដូចជានៅតំបន់អាស៉ីអាគ្នេយ៍ អាស៉ីទក្សិណ ទ្វីបអាហ្វ្រិក និងបន្តទៅដល់តំបន់អឺរ៉ុបថែមទៀតផង ដែលសករាជផ្លូវសូត្រថ្មីនេះមានវិសាលភាពធំជាងផ្លូវសូត្រកាលពីសម័យបុរាណនោះទៅទៀត៕