(ភ្នំពេញ)៖ នៅពិភពលោកយើងនេះ យោងហោចណាស់ក៏មានទន្លេធំៗវែងៗច្រើនជាង១៩០ខ្សែដែរ ហើយទន្លេនីមួយៗសុទ្ធមានលក្ខណពិសេសប្លែកៗពីគ្នា ប៉ុន្តែតើអ្នកដឹងទេថា ទន្លេដែលមានទេសភាពស្រស់ស្អាតជាងគេមានឈ្មោះអ្វី ស្ថិតនៅប្រទេសណា។

យើងតាមការចេញផ្សាយរបស់ទូរទស្សន៍ព័ត៌មានអន្តរជាតិ CNN បានឱ្យដឹងថា ក្នុងចំណោមទន្លេដែលស្អាតៗជាងគេទាំង១៥មានតែទន្លេលី (Li river) ទេ ដែលមានទេសភាពស្រស់ស្អាតជាងគេបំផុតនៅលើពិភពលោក។

វាត្រូវបានហៅម្យ៉ាងទៀតថា លីជាំង (Li Jaing) ដែលស្ថិតនៅតំបន់ស្វយ័តក្វាងស៉ី (Guangxi) ភាគខាងត្បូងនៃសាធារណរដ្ឋប្រជាមានិតចិន។ ទន្លេលី ឬលីជាំងនេះមានប្រវែង៨៣គីឡូម៉ែត្រ ហូរកាត់ពីតំបន់ខ្ពង់រាបគួយលីន (Guilin) ឆ្ពោះទៅកាន់ក្រុងយ៉ាងស៊ូ (Yangshuo)។
ដោយសារទេសភាពដ៏ស្រស់ត្រកាលនេះហើយ ទើបធ្វើឱ្យទន្លេលីក្លាយជាទីកន្លែងដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តដើរទស្សនាក្នុងតំបន់ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍។ នៅតាមដងទន្លេអមទៅដោយជ្រលងភ្នំ ទឹកថ្លាឆ្វង់ ដុំថ្មប្លែក និងល្អាងភ្នំជាច្រើន ប្រៀបបានឋានទេវលោកយ៉ាងដូច្នេះដែរ។

ជាការពិតណាស់ ភ្ញៀវទេសចរអាចជិះទូកកម្សាន្ត សម្រាកលម្អែ ភ្លក្សម្ហូបអាហារឆ្ងាញ់ និងមានសេវាកម្មទេសចរណ៍ដ៏ច្រើនសម្បូរបែបទៀត។ ជារៀងរាល់ឆ្នាំ តំបន់រមណីយដ្ឋានទេសចរណ៍នៅតាមដងទន្លេលីបានទាក់ទាញវត្តមានភ្ញៀវទេសចររាប់លាននាក់ រហូតដល់មានប្រយោគមួយលើកឡើងថា «ប្រសិនបើអ្នកទៅប្រទេសចិន កុំភ្លេចទៅទស្សនាទន្លេលីឱ្យសោះ»។ ម្យ៉ាងវិញទៀត រូបទន្លេលីនេះក៏ត្រូវបានរំលេចលើក្រដាសប្រាក់ ២០ យ័នផងដែរ៕