(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង «Samsung (សាមស៊ុង)» ដែលមានឈ្មោះល្បីរន្ទឺនៅជុំវិញពិភពលោក ត្រូវបានបង្កើតកាលពីឆ្នាំ១៩៣៨ ហើយក្នុងរយៈពេលជាង៨០ឆ្នាំមកនេះ ស្លាកសញ្ញារបស់ក្រុមហ៊ុន Samsung ក៏ធ្លាប់ឆ្លងកាត់ការប្រែប្រួលប៉ុន្មានលើកផងដែរ។

តើអ្នកមានដឹងដែរឬអត់ថាឈ្មោះ «Samsung» នេះគឺមានអត្ថន័យរបស់វា។ នៅក្នុងភាសាកូរ៉េ Samsung មានន័យថា «តារាបីដួង»។ ឈ្មោះនេះត្រូវបានជ្រើសរើសដោយបិតាស្ថាបនិករបស់ Samsung គឺលោក លី ប្យុងជូល (Lee Byung-chull) ដែលមានចក្ខុវិស័យចង់ឲ្យក្រុមហ៊ុនលោក ក្លាយទៅជាក្រុមហ៊ុនដ៏មានឥទ្ធិពល និងឈរជើងយូរអង្វែង ប្រៀបបានទៅនឹងដួងផ្កាយនៅលើមេឃយ៉ាងដូច្នោះ។ នៅពេលបង្កើតឡើងដំបូង ស្លាកសញ្ញា Samsung គឺមានរូបផ្កាយបីដួង រួមជាមួយអក្សរកូរ៉េ ខណៈនៅបច្ចុប្បន្ននេះវិញគឺលែងមានផ្កាយទៀតហើយ ដោយមានតែពាក្យ Samsung ជាភាសាអង់គ្លេសតែប៉ុណ្ណោះ។

គួរជម្រាបថា នៅឆ្នាំ២០២២នេះ បើគិតពីតម្លៃស្លាកយីហោក្រុមហ៊ុន Samsung Group ឈរនៅលេខរៀងទី៦លើពិភពលោក ជាមួយតម្លៃជាង១០៧ពាន់លានដុល្លារ ក្រោម Walmart, Microsoft, Google, Amazon, និង Apple ដែលសុទ្ធតែជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក៕