(បរទេស)៖ អំលុងអត្ថិភាពរបស់ខ្លួនចាប់ពីឆ្នាំ១៩២២ ដល់ឆ្នាំ១៩៩១ សហភាពសូវៀត មានមេដឹកនាំសរុបចំនួន៨នាក់។ មេដឹកនាំសឹងទាំងអស់ឡើងគ្រប់គ្រងអំណាច តាមរយៈការក្លាយជាប្រមុខគណបក្សកុម្មនុយនិស្តរបស់សហភាពសូវៀត។ សម្រាប់មេដឹកនាំដែលកាន់អំណាចបានយូរជាងគេបំផុត គឺលោក ចូសេហ្វ ស្តាលីន (Joseph Stalin) និងលោក ឡេអូនីដ ប្រេហ្សណេវ (Leonid Brezhnev) ដែលកាន់បានរាប់ទសវត្សរ៍។ រីឯមេដឹកនាំខ្លះទៀត កាន់អំណាចបានរយៈពេលខ្លីប៉ុណ្ណោះ ដូចជាលោក ចចជី ម៉ាលេនកូវ (Georgy Malenkov) ដែលកាន់បានតែប៉ុន្មានសប្តាហ៍ និងលោក កូនស្តាន់ទីន ឆឺណេនកូ (Konstantin Chernenko) ដែលកាន់បានជិត១ឆ្នាំ។

១៖ វ៉្លាឌីមៀ លេនីន (១៩២២-១៩២៤)

លោក វ៉្លាឌីមៀ លេនីន (Vladimir Lenin) គឺជាស្ថាបនិកនៃគណបក្សកុម្មុយនិស្តរុស្ស៉ី និងជាមេដឹកនាំសហភាពសូវៀតដំបូងបំផុត។ ក្រោយ «បដិវត្តន៍ខែកុម្ភៈ» ដែលបានផ្តួលរំលំរបបរាជានិយម ហើយបិទបញ្ចប់សម័យចក្រភពរុស្ស៉ី នៅឆ្នាំ១៩១៧ លោក លេនីន បានជួយដឹកនាំ «បដិវត្តន៍ខែតុលា» ឬ «បដិវត្តន៍បូលសេវីគ» ដែលបានបង្កើតចេញជា រដ្ឋាភិបាលសូវៀតឡើង។

«បដិវត្តន៍ខែតុលា» នោះ បានបង្កជាសង្រ្គាមស៊ីវិលរុស្ស៉ី ដែលបានប្រព្រឹត្តទៅ អំលុងប៉ុន្មានឆ្នាំដំបូង នៃពេលកាន់អំណាចរបស់ លោក លេនីន។ យ៉ាងណាមិញ កងទ័ពក្រហម (Red Army) របស់លោក ទីបំផុតក៏បានទទួលជ័យជម្នះ ហើយធ្វើឱ្យអំណាចរបស់ រដ្ឋាភិបាលសូវៀតកាន់តែរឹងមាំ។ នៅឆ្នាំ១៩២២ រដ្ឋាភិបាលរបស់ លេនីន បានចុះសន្ធិសញ្ញាជាមួយអ៊ុយក្រែន បេឡារុស និង ត្រេនស៊ែរកាស់ស៊ាន (Transcaucasia) ជាតំបន់ដែលរួមបញ្ចូលហ្សកហ្ស៊ី អាមេនី និងអាស៊ែបៃហ្សង់ ដើម្បីបង្កើតសហភាពសូវៀត ឬ USSR ឡើង។

ក្នុងឆ្នាំដដែលនោះ សុខភាពលោក លេនីន ក៏បានចាប់ផ្តើមចុះទ្រុឌទ្រោម។ ក្រុមវេជ្ជបណ្ឌិត បានវះកាត់យកគ្រាប់កាំភ្លើង ១គ្រាប់ ចេញពីកលោក ដែលពាំនៅជាប់ទីនោះ ចាប់តាំងពីព្រឹត្តិការណ៍ប៉ុនប៉ងធ្វើឃាតលើរូបលោក កាលពីឆ្នាំ១៩១៨មក។ ទោះជាបែបនេះក្តី ស្ថានភាពសុខភាពមេដឹកនាំសហភាពសូវៀតរូបនេះ កាន់តែអាក្រក់ទៅៗ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ១៩២៤ លោក លេនីន ក៏បានទទួលមរណភាព ដោយសារដាច់សរសៃឈាមខួរក្បាល នៅអាយុ៥៣ឆ្នាំ។

លោក លេនីន បានចាប់ផ្តើមអាជីពបដិវត្តន៍របស់លោក ក្នុងនាមជាអ្នកកាន់លទ្ធិម៉ាក្ស៍ (Marxist) ដែលមានបំណងចង់ផ្តល់អំណាចនយោបាយ ទៅដល់ក្រុមពលករនិងកសិករ។ ក៏ប៉ុន្តែនៅពេលដែលលោកស្លាប់បាត់ទៅ រដ្ឋាភិបាលសូវៀតជាក់ស្តែង ដែលលោកបានបង្កើតឡើង គឺខុសស្រឡះពីប្រភពរដ្ឋាភិបាលសង្គមនិយម ដែលលោកបានគិតទុក។ អ្នកបន្តអំណាចពីលោក គឺលោក ចូសេហ្វ ស្តាលីន (Joseph Stalin) បានធ្វើឱ្យភាពផ្ទុះស្រឡះនោះ កាន់តែច្បាស់ឡើងថែមទៀត។

២៖ លោក ចូសេហ្វ ស្តាលីន (១៩២៤-១៩៥៣)

លោក ចេសេហ្វ ស្តាលីន ក៏ជាបុគ្គលមួយរូបដែរ ដែលបានចូលរួមក្នុងបដិវត្តន៍ខែតុលា ឆ្នាំ១៩១៧ ហើយបានធ្វើការឱ្យរដ្ឋាភិបាលសូវៀត នៅក្រោមលោក លេនីន។ ការប្រមូលផ្តុំអំណាចរបស់លោក ស្តាលីន បានចាប់ផ្តើមនៅឆ្នាំ១៩២២ ពេលដែលលោកបានក្លាយជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមរបស់បក្សកុម្មុយនិស្តសូវៀត ខណៈវាគឺជាតួនាទីដែលលោកបានកាន់ រហូតទាល់តែដល់ពេលទទួលមរណភាព នៅឆ្នាំ១៩៥៣។

តាមពិតទៅលោក លេនីន មិនពេញចិត្តចំពោះលោក ស្តាលីន ទេ ហើយថែមទាំងបានព្យាយាមបណ្តេញលោក ចេញពីតំណែងអគ្គលេខាធិការបក្សទៀតផង។ មុនពេលសុខភាពលោក លេនីន ចាប់ផ្តើមជួបបញ្ហា គឺលោក លេអូន ត្រូតស្គី (Leon Trotsky) ជាបុគ្គលម្នាក់ទៀត ដែលបានចូលរួមក្នុងបដិវត្តន៍ខែតុលា និងបានជួយតម្រង់ទិសរដ្ឋាភិបាលសូវៀតឯណោះវិញទេ ដែលត្រូវបានមតិភាគច្រើនចាត់ទុកជា អ្នកបន្តវេនពីលោក លេនីន។

ហេតុដូច្នេះហើយ លោក ស្តាលីន បានចាត់ទុកលោក ត្រូតស្គី ជាគូប្រជែងចម្បងមួយរបស់លោក ហើយលោកបានរួមដៃគ្រប់គ្រង សហភាពសូវៀតរួមគ្នា ជាមួយបុគ្គលពីរនាក់ទៀតគឺ លោក ហ្គ្រីហ្កូរី ហ្ស៉ីនូវយេវ (Grigory Zinovyev) និងលោក លេវ កាមេនេវ (Lev Kamenev)។

ក្នុងអំលុងទសវត្សរ៍ឆ្នាំ១៩២០ លោក ស្តាលីន ក៏បានរុញលោក ហ្ស៉ីនូវយេវ និង លោក កាមេនេវ ឱ្យខ្ទាតចេញពីអំណាច រួចបង្កើតរបបផ្តាច់ការ និងនិរទេសលោក ត្រូតស្គី។ ក្រោយមក អំលុងទសវត្សរ៍ឆ្នាំ១៩៣០ លោក ស្តាលីន បានចាប់ផ្តើម យុទ្ធនាការបោសសម្អាតទ្រង់ទ្រាយធំ ដោយលោកបានសម្លាប់ទាំងគូប្រជែងនយោបាយ និងសូម្បីតែអ្នកនយោបាយ ដែលនៅខាងលោកផ្ទាល់។ លោកបានបង្ខំឱ្យលោក ហ្ស៉ីនូវយេវ និង លោក កាមេនេវ ផ្តល់ចម្លើយសារភាពក្លែងក្លាយ នៅក្នុងសវនាការបង្គ្រប់កិច្ចមួយ រួចបញ្ជាឱ្យយកអ្នកទាំងពីរ ទៅបាញ់សម្លាប់ចោល។

មកដល់អំលុងសម័យសង្រ្គាមលោកលើកទី២ លោក ស្តាលីន បានបង្កើតសម្ព័ន្ធភាពបណ្តោះអាសន្ន ជាមួយប្រធានាធិបតីអាមេរិក លោក ហ្រ្វង់គ្លីន ឌី រូសេវែល (Franklin D. Roosevelt) និងនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក វីនស្តុន ឆឺឈៀល (Winston Churchill) ដើម្បីប្រឆាំងនឹងណាហ្ស៉ីអាល្លឺម៉ង់។ ប៉ុន្តែបន្ទាប់មក សង្រ្គាមត្រជាក់ក៏បានផ្ទុះឡើង រវាងសហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធនៅអឺរ៉ុបខាងលិចរបស់ខ្លួន ហើយនិងសហភាពសូវៀត ដែលនៅពេលនោះបានកាត់យកទឹកដីកាន់តែច្រើនឡើងៗ នៅតំបន់ អឺរ៉ុបខាងកើត។

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៥៣ លោក ស្តាលីន បានទទួលមរណភាព ដោយសារចេញឈាមក្នុងស្រោមខួរក្បាល។ ការបាត់បង់ជីវិត របស់លោក ស្តាលីន បានបង្កឱ្យមានការប្រជែងគ្នារវាងថ្នាក់ដឹកនាំសូវៀត ហើយជាលទ្ធផលបុគ្គលពីររូប បានដណ្តើមគ្រប់គ្រងអំណាច នាពេលនោះ។

៣៖ ចចជី ម៉ាលេនកូវ (១៩៥៣-១៩៥៣)

អ្នកដែលស្រវាឡើងគ្រប់គ្រងអំណាចមុនគេ គឺលោក ចចជី ម៉ាលេនកូវ (Georgy Malenkov) ដែលត្រូវគេចាត់ទុកជា អ្នកបន្តវេនពី លោក ស្តាលីន ស្រាប់ និងជាបុគ្គលដែលបានជួយសម្របសម្រួលដល់ យុទ្ធនាការបោសសម្អាតរបស់លោក ស្តាលីន កាលពីអំលុងទសវត្សរ៍ឆ្នាំ១៩៣០។ ក្នុងចំណោមមេដឹកនាំសហភាពសូវៀតទាំងអស់ លោក ម៉ាលេនកូវ គឺជាអ្នកដែលកាន់អំណាច បានខ្លីជាងគេបំផុត។

នៅថ្ងៃដែលលោក ស្តាលីន ស្លាប់ លោក ម៉េលេនកូវ បានឡើងបន្តវេន ក្នុងនាមជានាយករដ្ឋមន្រ្តី និងជាមេដឹកនាំក្រៅផ្លូវការរបស់ គណបក្សកុម្មុយនិស្តសូវៀត។ ប៉ុន្តែក្នុងរយៈពេលត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ លោក នីគីតា គ្រូសឆេវ (Nikita Khrushchev) ក៏បានដណ្តើមអំណាចក្នុងគណបក្ស ពីដៃលោក ម៉េលេនកូវ។ យ៉ាងណាមិញ លោក ម៉េលេនកូវ នៅបន្តជានាយករដ្ឋមន្រ្តី រហូតដល់ឆ្នាំ១៩៩៥ នៅពេលដែលសម្ព័ន្ធមិត្តរបស់លោក គ្រូសឆេវ បានឡើងជំនួស។ ចាប់តាំងពីនោះមក លោក ម៉េលេនកូវ លែងមានឥទ្ធិពលអ្វីទាំងអស់ ក្នុងនយោបាយសូវៀត និងបានទទួលមរណភាព នៅឆ្នាំ១៩៨៨។

៤៖ នីគីតា គ្រូសឆេវ (១៩៥៣-១៩៦៤)

អាណត្តិកាន់អំណាចរបស់លោក នីគីតា គ្រូសឆេវ ត្រូវបានសម្គាល់ដោយកិច្ចប្រឹងប្រែងរបស់លោក ក្នុងការប៉ុនប៉ងលុបបំបាត់ ស្រមោល អាក្រក់ៗដែលបន្សល់ទុកដោយអតីតមេដឹកនាំ ស្តាលីន ហើយលើកកម្ពស់ទំនាក់ទំនងអន្តរជាតិរបស់សហភាពសូវៀត។

លោក គ្រូសឆេវ បានដឹកនាំសហភាពសូវៀត អំឡុងសម័យជញ្ជាំងបែរឡាំងត្រូវសាងសង់ឡើង ព្រមទាំងវិបត្តិមីស៊ីលគុយបា ដែលមនុស្សភាគច្រើនចាត់ទុកថា ជាពេលដែលសហរដ្ឋអាមេរិក និងសហភាពសូវៀត ឈានទៅកៀកបំផុតក្នុងការផ្ទុះឡើង នៃសង្រ្គាមនុយក្លេអ៊ែរ។ ទោះដំបូងឡើយលោក គ្រូសឆេវ និងប្រធានាធិបតីអាមេរិក លោក ចន អេហ្វ ខេនណេឌី (John F. Kennedy) មិនសូវត្រូវគ្នាក៏ដោយ មេដឹកនាំទាំងពីរក៏បានចាប់ផ្តើមអភិវឌ្ឍទំនាក់ទំនងមួយ ដែលនៅក្នុងនោះពួកគេយល់ថា ភាគីម្ខាងៗសុទ្ធតែមិនចង់ឱ្យមានសង្រ្គាមអាវុធនុយក្លេអ៊ែរ។

លោក គ្រូសឆេវ បានបាត់បង់អំណាចនៅឆ្នាំ១៩៦៤ នៅពេលលោក ឡេអូនីដ ប្រេហ្សនេវ និងសម្ព័ន្ធមិត្ត បានរៀបចំធ្វើការចាត់ចែង ឱ្យលោក ប្រេហ្សនេវ ផ្ទាល់ ឡើងជាអគ្គលេខាធិការបក្សកុម្មុយនិស្ត។ រីឯលោក គ្រូសឆេវ បានទទួលមរណភាព នៅប៉ុន្មានឆ្នាំក្រោយមក គឺក្នុងឆ្នាំ១៩៧១។

៥៖ ឡេអូនីដ ប្រេហ្សនេវ (១៩៦៤-១៩៨២)

លោក ឡេអូនីដ ប្រេហ្សនេវ (Leonid Brezhnev) គឺជាមេដឹកនាំសហភាពសូវៀត ដែលកាន់អំណាចយូរបំផុត បន្ទាប់ពីលោក ស្តាលីន។ អំលុងបដិវត្តន៍ ឆ្នាំ១៩១៧ លោក ប្រេហ្សនេវ មានអាយុត្រឹម១០ឆ្នាំប៉ុណ្ណោះ ដែលមានន័យថា លោកគឺជាមេដឹកនាំសហភាពសូវៀតដំបូងបំផុត ដែលបានធំដឹងក្តីឡើង នៅក្រោមសម័យសូវៀតផ្ទាល់។ លោកបានចូលរួមក្នុងសម្ព័ន្ធយុវជននៃបក្សកុម្មុយនិស្ត តាំងពីនៅយុវវ័យ ហើយបានបម្រើក្នុងយោធាសូវៀត អំលុងសម័យសង្រ្គាមលោកលើកទី២។

លោក ប្រេហ្សនេវ គឺជាអគ្គលេខាធិការរងនៃគណបក្សកុម្មុយនិស្ត នៅឆ្នាំ១៩៦៤ ពេលដែលលោកបានរៀបចំ សម្រាប់ការទម្លាក់ លោក គ្រូសឆេវ ហើយលើកឱ្យលោកក្លាយជា អគ្គលេខាធិការបក្សតែម្តង។ អំលុងអាណត្តិលោក លោក ប្រេហ្សនេវ បានបង្កើត គោលនយោបាយ «ដេតង់ (détente)» ចាប់ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧៩ ដែលបានមើលឃើញ ការបន្ធូរបន្ថយនៃភាពតានតឹងសង្រ្គាមត្រជាក់ ហើយបង្កើនការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក។

លោក ប្រេហ្សនេវ ក៏បានបង្កើតផងដែរនូវ «គោលលទ្ធិ ប្រេហ្សនេវ (Brezhnev Doctrine)» ដែលកំណត់ថា សហភាពសូវៀត គួរតែធ្វើអន្តរាគមន៍នៅក្នុងប្រទេសទាំងឡាយណា ដែលរបបសង្គមនិយមឬកុម្មុយនិស្ត ស្ថិតក្រោមការគំរាមកំហែង។ នេះហើយ គឺជាហេតុផលដែលលោកបានប្រើ នៅពេលសហភាពសូវៀតចូលឈ្លានពានអាហ្វហ្កានីស្ថាន កាលពីឆ្នាំ១៩៧៩។ ទង្វើនោះក៏បាននាំទៅរក ការបិទបញ្ចប់នយោបាយ ដេតង់ រវាងសហភាពសូវៀតនិងសហរដ្ឋអាមេរិក។ ទំនាក់ទំនងភាគីទាំងពីរ នៅតែស្ថិតក្នុងភាពតានតឹង នៅពេលដែលលោក ប្រេហ្សនេវ ទទួលមរណភាព នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៨២ ដោយសារជំងឺគាំងបេះដូង។

៦៖ យូរី អាន់ឌ្រូប៉ូវ (១៩៨២-១៩៨៤)

លោក យូរី អាន់ឌ្រូប៉ូវ (Yuri Andropov) គឺជាប្រធានទីភ្នាក់ងារសន្តិសុខជាតិ KGB របស់សហភាពសូវៀត កាលពីចន្លោះឆ្នាំ១៩៦៧ និង១៩៨២។ នៅពេលលោក ប្រេហ្សនេវ ចាប់ផ្តើមមានបញ្ហាសុខភាព លោក អាន់ឌ្រូប៉ូវ បានចាកចេញពី KGB ដើម្បីប្រកួតប្រជែង ជាអ្នកបន្តវេនពីលោក ប្រេហ្សនេវ។ លោក អាន់ឌ្រូប៉ូវ ក៏ទទួលបានជោគជ័យតាមក្តីបំណង គឺរយៈពេល២ថ្ងៃ ក្រោយលោក ប្រេហ្សនេវ ស្លាប់ លោកក៏បានក្លាយជាអគ្គលេខាធិការថ្មី នៃគណបក្សកុម្មុយនិស្តរបស់សហភាពសូវៀត។

ភាពដុនដាបនៃទំនាក់ទំនងដែល លោក ប្រេហ្សនេវ បន្សល់ទុកជាមួយប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រីហ្គេន (Ronald Reagan) គឺនៅតែបន្តយ៉ាងដូច្នោះទៀតជាមួយលោក អាន់ឌ្រូប៉ូវ។ កំលុងអាណត្តិលោក អាន់ឌ្រូប៉ូវ នេះហើយ ដែលយោធាសូវៀត បានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ របស់អាកាសចរណ៍កូរ៉េ Korean Airlines ដែលបានផ្តាច់ជីវិតមនុស្សទាំង២៦៩នាក់ នៅលើនោះ កាលពីឆ្នាំ១៩៨៣។ ក្នុងឆ្នាំដដែលនេះ លោក អាន់ឌ្រូប៉ូវ ក៏បានចាប់ផ្តើមមានជំងឺខូចក្រលៀន រហូតឈានដល់ ទទួលមរណភាព នៅឆ្នាំ១៩៨៤។

៧៖ កូនស្តាន់ទីន ឆឺណេនកូ (១៩៨៤-១៩៨៥)

កូនស្តាន់ទីន ឆឺណេនកូ (Konstantin Chernenko) ដែលបានប្រជែងដើម្បីបន្តវេនពីលោក ប្រេហ្សនេវ កាលពីឆ្នាំ១៩៨២ បានឡើងជា អគ្គលេខាធិការបក្សកុម្មុយនិស្ត នៅឆ្នាំ១៩៨៤។ នៅឆ្នាំនោះ សហភាពសូវៀតបានដឹកនាំ ការធ្វើពហិការចំពោះ ព្រឹត្តិការណ៍អូឡាំពិកទីកុ្រងឡូសអាន់ជេលែស ឆ្នាំ១៩៨៤ ដើម្បីជាការសងសឹងចំពោះ ការធ្វើពហិការរបស់សហរដ្ឋអាមេរិក កាលពី៤ឆ្នាំមុន មកលើព្រឹត្តិការណ៍អូឡាំពិកទីក្រុងមូស្គូ ឆ្នាំ១៩៨០។

ដូចលោក អាន់ឌ្រូប៉ូវ ដែរ លោក ឆឺណេនកូ បានធ្លាក់ខ្លួនឈឺភាគច្រើន កំលុងពេលកាន់អំណាចរបស់លោក។ លោកបានស្លាប់ ដោយសារភាពស្មុគស្មាញនៃជំងឺហើមសួត ក្រោយដឹកនាំសហភាពសូវៀតបានត្រឹមតែជាង ១ឆ្នាំប៉ុណ្ណោះ។

៨៖ មីឃែល ហ្កូបាឆេវ (១៩៨៥-១៩៩១)

មេដឹកនាំចុងក្រោយបង្អស់របស់សហភាពសូវៀត គឺលោក មីឃែល ហ្កូបាឆេវ (Mikhail Gorbachev) ដែលបានបន្តតំណែងពីលោក ឆឺណេនកូ ជាអគ្គលេខាធិការបក្សកុម្មុយនិស្ត ក្រោយមរណភាពរបស់លោក ឆឺណេនកូ នៅឆ្នាំ១៩៨៥។ លោក ហ្កូបាឆេវ បានចាប់ផ្តើមសម័យបើកទូលាយ ដែលបានមើលឃើញ សហភាពសូវៀតបន្ធូរការរឹតត្បិត លើសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ។

លោក ហ្កូបាឆេវ គឺជាបុគ្គល ដែលបានចាត់ចែងការរំលាយសហភាពសូវៀត ដែលបានដួលរលំជាផ្លូវការ នៅឆ្នាំ១៩៩១។ ក្នុងឆ្នាំដដែលនោះ សហព័ន្ធរុស្ស៉ីក៏បានបោះឆ្នោតជ្រើសរើស ប្រធានាធិបតីដំបូងរបស់ខ្លួន គឺលោក បូរីស យែលស៊ីន (Boris Yeltsin)៕