(បរទេស)៖ ដាវឈ្មោះថា «កាតាណា (Katana)» ត្រូវបានក្រុមអ្នកប្រយុទ្ធ «សាំមូរ៉ៃ (Samurai)» នៃប្រទេសជប៉ុន ចាប់ផ្តើមប្រើប្រាស់កាលពីចុងសតវត្សរ៍ទី១៣។ ចាប់តាំងពីពេលនោះមក ដាវ Katana បានក្លាយជានិមិត្តរូបមួយតំណាងឲ្យប្រពៃណី Samurai ជប៉ុនតែម្តង រហូតទាល់តែដល់ពេលវប្បធម៌នេះសាបរលាបទៅវិញ។ លក្ខណៈសម្គាល់របស់ដាវ Katana គឺជាដាវកោងវែង និងមាន មុខម្ខាងប៉ុណ្ណោះដែលមុត និងលយចេញទៅមុខ ហើយវាត្រូវការប្រើដៃទាំងពីរដើម្បីកាន់។ ដោយសារលក្ខណៈបែបនេះ ដាវ Katana របស់ជប៉ុន ត្រូវបានរចនាឡើងដើម្បីប្រើក្នុងការប្រយុទ្ធដែលរហ័ស។ Katana អនុញ្ញាតឲ្យអ្នកប្រើដកវាចេញពីស្រោមហើយកាប់ ក្នុងកាយវិការដ៏រលូននិងលឿនបំផុត។

បច្ចុប្បន្នដាវជប៉ុន ដែលភាសាជប៉ុនហៅថា «នីហុនតូ (Nihonto)» មានការពេញនិយមចង់បានជាខ្លាំងក្នុងចំណោមអ្នក ដែលមានចំណូលចិត្តប្រមូលទុកវត្ថុផ្សេងៗដោយពួកគេចាត់ទុក ពួកវាជាវត្ថុប្រវត្តិសាស្រ្តពោរពេញដោយសារសំខាន់ ដែលបន្សល់ទុកពីសម័យបុរាណ។ ក្នុងចំណោមនោះ ដាវ «កាតាណា» ឬអ្នកខ្លះហៅថា «ដាវសាំមូរ៉ៃ» គឺទទួលបានការស្ងើចសរសើរជាពិសេសជាងគេ ដោយសារតែវាតំណាងឲ្យវប្បធម៌របស់អ្នកប្រយុទ្ធសាំមូរ៉ៃជប៉ុន។

* ប្រវត្តិនៃដាវ Katana

វប្បធម៌របស់ Samurai គឺមានអាយុកាលដល់ទៅខ្ទង់១ពាន់ឆ្នាំឯណោះ នៅក្នុងប្រទេសជប៉ុន ក៏ប៉ុន្តែដាវ Katana មិនទាន់កើតភ្លាមៗជាមួយ Samurai នោះទេ។ ដាវជប៉ុនដទៃទៀតដូចជាដាវ «តាជិ (Tachi)» និងដាវតួត្រង់ «ចូគូតូ (Chokuto)» ជាដើម គឺត្រូវបានប្រើប្រាស់តាំងតែពីមុនសតវត្សរ៍ទី១០។ ដាវ Katana ត្រូវបានអភិវឌ្ឍនៅចុងសតវត្សរ៍ទី១៣ គឺនៅឆ្នាំ១២៨១ កំឡុងការឈ្លានពានរបស់អធិរាជម៉ុងហ្គោល គូប៊ីឡៃ ខាន់ ដែលជាចៅ របស់អតីតកំពូលអធិរាជ សង់ស៉ី ខាន់។

កំឡុងការឈ្លានពាននោះ ដាវជំនាន់មុនៗត្រូវគេមើលឃើញថា មិនមានប្រសិទ្ធភាពឡើយ ចំពោះកងទ័ពសេះរបស់ម៉ុងហ្គោល។ ដាវទាំងនោះភាគច្រើនត្រូវខូច ឬបាក់តែម្តង ពេលប្រើប្រឆាំងនឹងអាវស្បែកការពារដ៏រឹងរបស់សត្រូវឈ្លានពាន។ អ្នកលត់ដាវនៅប្រទេសជប៉ុន ត្រូវបានបង្ខំឲ្យសាកល្បងបង្កើតដាវថ្មី ដើម្បីស្វែងរកអាវុធណា ដែលមុតខ្លាំងគ្រប់គ្រាន់អាចកាត់អាវក្រោះការពាររបស់ម៉ុងហ្គោលបាន ប៉ុន្តែក៏មានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការ ប្រើប្រាស់ពេលប្រយុទ្ធគ្នាលើសមរភូមិផងដែរ ពោលគឺមិនងាយឆែបឬបាក់។

ទីបំផុតពួកគេក៏បានរកដំណោះស្រាយឃើញក្នុងទម្រង់ជាដាវ Katana។ គុណភាពដាវ Katana បានអនុញ្ញាតឲ្យក្រុមអ្នកប្រយុទ្ធ Samurai សម្រេចបាននូវអ្វីដែលកងទ័ពចិន ក៏ដូចជាកងទ័ពអឺរ៉ុបមិនអាចធ្វើទៅរួច កំឡុងយុទ្ធនាការឈ្លានពានទឹកដីរបស់អធិរាជ គូប៊ីឡៃ ខាន់ នោះគឺការទប់ទល់សត្រូវឈ្លានពានខ្លួនប្រកបដោយប្រសិទ្ធភាព។

* ការរចនានៃដាវ Katana

ដាវ Katana មានលក្ខណៈសម្គាល់ពិសេសខុសប្លែកពីដាវជប៉ុនដទៃៗទៀតត្រង់ចំណុចម៉្យាងហៅថា «ហាម៉ុន (Hamon)» ជារូបភាពដូច ទឹកររលកនៅលើបណ្តោយផ្លែដាវ។ វត្តមានរបស់ Hamon គឺជាលទ្ធផលនៃការរួមបញ្ចូលគ្នា រវាងដែកពីរប្រភេទនៃផ្លែដាវ Katana។ តួផ្លែដាវ Katana ត្រូវ បែកចែងជាពីផ្នែកគឺផ្នែកខាងមុខដែលមុត ធ្វើពីដែកថែបរឹងមាំខ្លាំង រីឯផ្នែកខាងក្រោយដែលជាខ្នងដាវ ធ្វើពីដែកដែលមិនសូវរឹងខ្លាំង។

តាមរយៈការរួមបញ្ចូលគ្នានៃលោហៈទាំងពីរប្រភេទ ដាវ Katana ដែលបង្កើតឡើងប្រកបដោយការផ្ចិតផ្ចង់ជាទីបំផុត អាចរក្សាភាពមុខខ្លាំងរបស់វា ដោយមិនចាំបាច់ត្រូវមានសភាពផុយស្រួយ ដូចក្នុងករណីដែលផ្លែដាវ ត្រូវបង្កើតឡើងចេញពីលោហៈតែមួយប្រភេទនោះឡើយ។ ឧទាហរណ៍ សម្រាប់ដាវ Katana ល្អបំផុតកាលពីសម័យសតវត្សរ៍ទី១៦ គឺដែក១មីលីម៉ែត្រដំបូងនៅមុខរបស់វា អាចរឹងជាងដែកនៅផ្នែក ខាងខ្នងដល់ទៅ៤ដងឯណោះ។

នាសម័យទំនើបនេះ ដាវ Katana ក៏មានផលិតនៅតាមក្រុមហ៊ុននានាផងដែរ ដែលផលិតក្នុងទ្រង់ទ្រាយធំសម្រាប់ទីផ្សារ ហើយពួកគេជារឿយៗបានព្យាយាមបង្កើតរូបរាង Hamon នៅលើផ្លែដាវ។ យ៉ាងណាមិញ ដាវដែលផលិតដោយក្រុមហ៊ុនទាំងនោះ ជាទូទៅមិនបានឆ្លង កាត់វិធីសាស្រ្តខាងលើទេ គឺពួកគេច្រើនតែប្រើដែកមួយប្រភេទប៉ុណ្ណោះ តែត្រូវបានច្នៃឲ្យមាន Hamon ដូចដាវ Katana សម័យបុរាណដែរ។ ដូច្នេះហើយគឺមិនសូវធន់និងទទួលការឲ្យតម្លៃប៉ុន្មានទេ។

ដោយឡែកក្រៅពីផ្លែដាវផ្ទាល់ ដាវ Katana ពេញលេញតែម្តង គឺរួមមានដងដែលជប៉ុនហៅថា «ស៊ូកា (Tsuka)», ចុងដង «កាស្ស៉ីរ៉ា (Kashira)», ប្រដាប់ខណ្ឌការពារដៃ «ស៊ូបា (Tsuba)», និងស្រោមឈើ «សាយ៉ា (Saya)»។ របស់ទាំងអស់នេះភាគច្រើន គឹមានបំណងឆ្លុះបញ្ចាំងពីស្ទីលរបស់ម្ចាស់ដាវម្នាក់ៗ។ ដូច្នេះហើយ គេតែងសង្កេតឃើញ ដាវ Katana មានការតុបតែងលម្អផ្សេងៗពីគ្នា។

* ការសាបរលាបនៃវប្បធម៌ Samurai

ក្រុមអ្នកប្រយុទ្ធ Samurai បានចាប់ផ្តើមថយចុះឥទ្ធិពលនៅឆ្នាំ១៨៦៨ ក្រោមព្រះចៅអធិរាជ មេអ៉ីជិ (Meiji) ដែលមានព្រះទ័យចង់បង្កើតយោធា តាមរបៀបលោកខាងលិចវិញ។ ហេតុដូច្នោះ ទ្រង់ក៏បានចាប់ផ្តើមដកហូតឋានៈ ជាក្រុមអ្នកខ្ពង់ខ្ពស់របស់ Samurai ជាឋានៈដែលពួកគេទទួលបាន ចាប់តាំងពីសតវត្សរ៍ ទី១២។ នៅឆ្នាំ១៨៦៨ Samurai មានចំនួនសរុបជិត២លាននាក់ ដែលរស់នៅក្នុងប្រទេសជប៉ុន។

ចំណែកនៅពេញមួយទសវត្សរ៍ឆ្នាំ១៨៧០ ច្បាប់ជាបន្តបន្ទាប់ត្រូវបានដាក់ចេញ ដែលកាន់តែធ្វើឲ្យវប្បធម៌ Samurai ចុះខ្សោយខ្លាំងថែមទៀត ។ ដូចជាការជំរុញឲ្យក្រុម Samurai ដែលធ្លាប់មានម៉ូដសក់បែបប្រពៃណី ឲ្យផ្លាស់ប្តូរ ទៅរកម៉ូដសក់បែបអឺរ៉ុបវិញ។ ក្រោយមកទៀត កងទ័ពជាតិត្រូវបានបង្កើតឡើង ដោយការចូលបម្រើទ័ព គឺពុំគិតពីសាវតារ នោះទេ។ អ្វីដែលខ្លាំងបំផុតនោះ គឺការហាមឃាត់លែងឲ្យមានការបំពាក់ដាវតាមខ្លួន នៅតាមទីសាធារណៈតទៅទៀត នៅឆ្នាំ១៨៧៦។

មុនការហាមឃាត់នោះ ក្រុម Samurai តែងតែបំពាក់នូវ «ដៃសូ (Daisho)» ជាប់ខ្លួន គឺដាវពីរដែលមួយវែងនិងមួយខ្លី។ ដាវវែងជាទូទៅគឺ Katana រីឯដាវខ្លីគឺដាវ «វាគីហ្សាស្ស៉ី (Wakizashi)»។ ដោយមានដាវគូ Daisho នៅជាប់នឹងខ្លួន Samurai នៅមានលក្ខណៈសម្គាល់ដាច់ដោយឡែកពីជនសាមញ្ញទូទៅ។ ប៉ុន្តែនៅពេលគ្មាន Katana ជន Samurai មិនខុសអ្វីជាប្រជាជនធម្មតាឡើយ។ និយាយរួមកាលនោះ ដាវ Katana ធ្វើឲ្យ បុគ្គលម្នាក់ត្រូវគេសម្គាល់ថាជា Samurai ហេតុនេះហើយបើគ្មានវាទេ ពួកគេក៏លែងមានវត្តមានទៀតដែរ។ ចាប់តាំងពីនោះមក ដាវហៅថា «ហ្គុនតូ (Gunto)» ដែលមានគុណភាពអន់ជាង Katana ត្រូវបានផលិតឡើង សម្រាប់មន្រ្តីយោធាជប៉ុន។

* ការរក្សាទុកដាវ Katana នៅពេលអត់ប្រើ

នៅពេលផ្លែដាវ Katana មិនត្រូវបានប្រើប្រាស់ទេនោះ ជាទូទៅវាត្រូវរក្សាទុកយ៉ាងយកចិត្តទុកដាក់។ ពេលនោះ ស្រោមសាមញ្ញម៉្យាងហៅថា «ស្ស៉ីរ៉ាសាយ៉ា (Shirasaya)» ដែលរួមមានតែស្រោមផ្លែនិងដង ដែលធ្វើឡើងពីឈើ គ្មានការតុបតែងអ្វីទាំងអស់។ ស្រោម Shirasaya ត្រូវតែមានគុណភាពល្អ និងរឹងមាំ ព្រោះផ្លែដាវ Katana អាចខូចគុណភាពបាននៅពេលទុកចោល ដោយមិនមានការរក្សាទុកក៏ដូចជាថែទាំត្រឹមត្រូវ។ ខ្លាញ់ចេញពីដៃរបស់យើង អាចនឹងធ្វើឲ្យផ្លៃដាវច្រេះ ដូច្នេះគេប្រើប្រេងហៅថា «ឆូជី (Choji)» ដើម្បីសម្អាតវាក្រោយពេលប្រើ។ បន្ថែមពីនេះ ផ្លែដាវ Katana ក៏ត្រូវការឲ្យគេដកពីស្រោម Shirasaya យូរៗម្តងដែរ ដើម្បីកុំឲ្យមានផ្សិតដុះលើវា។

* តម្លៃនៃដាវ Katana

សព្វថ្ងៃនេះ វាកម្រនឹងឃើញខ្លាំងណាស់នូវដាវ Katana បុរាណៗ ដែលមានគុណភាពល្អបំផុត ត្រូវដាក់ដេញថ្លៃនៅលើទីផ្សារ ដោយសារ ពួកវាភាគច្រើនត្រូវបានរក្សាទុកនៅតាមសារមន្ទីរជាតិ ឬក៏ត្រូវបានទុកជាវត្ថុប្រចាំគ្រួសារ ដែលបន្សល់ទុកពីដូនតាតៗគ្នា ជាច្រើនជំនាន់។ យ៉ាងណាមិញកាលពីឆ្នាំ១៩៩២ ដាវ Katana មួយ ដែលមានអាយុកាលតាំងពីសម័យសតវត្សរ៍ទី១៣ ត្រូវបានគេដេញថ្លៃទិញយកទៅ ក្នុងតម្លៃ៤១៨,០០០ដុល្លារ ជាប់ជាដាវជប៉ុន ដែលត្រូវបានលក់ក្នុងតម្លៃខ្ពស់បំផុត រហូតមកទល់បច្ចុប្បន្ន។

គួរជម្រាបថា នាសម័យទំនើបនេះ ក៏នៅតែមាន ដាវ Katana ល្អៗ ដែលផលិតឡើងដោយអ្នកលត់ដាវជំនាញៗ ដោយប្រើវត្ថុធាតុនិង បច្ចេកទេស តាមសម័យបុរាណ ដែរ។ ដាវ Katana ដែលផលិតឡើងដោយអ្នកជំនាញទាំងនោះ គឺមានគុណភាពល្អដាច់ឆ្ងាយជាងដាវ Katana ដែលផលិតឡើងដោយគ្រឿងម៉ាស៉ីន។ ខណៈ Katana ផលិតដោយម៉ាស៉ីនអាចមានតម្លៃត្រឹមប៉ុន្មានរយដុល្លារ ដាវ Katana ដែលជាស្នាដៃរបស់អ្នកជំនាញលត់ដាវ អាចលក់ដាច់ក្នុងតម្លៃជាង ១០,០០០ដុល្លារបានយ៉ាងងាយ៕