(បរទេស)៖ «KGB» គឺជាឈ្មោះកាត់នៃទីភ្នាក់ងារចារកម្មដ៏ល្បីរន្ទឺ របស់អតីតសហភាពសូវៀត ដែលមនុស្សភាគច្រើនធ្លាប់បានស្គាល់ និងកោតក្រែងនៅជុំវិញពិភពលោក កាលពីសម័យសង្រ្គាមត្រជាក់។ ឈ្មោះពេញរបស់ KGB គឺ «Komitet Gosudarstvennoy Bezopasnosti» ដែលមានន័យថា គណៈកម្មាធិការសន្តិសុខរបស់រដ្ឋ។

អំលុងសម័យសង្រ្គាមត្រជាក់ ទីភ្នាក់ងារ KGB ទទួលខុសត្រូវលើការងារចារកម្មនៅឯក្រៅប្រទេស និងការងារសន្តិសុខនៅក្នុងប្រទេស។ ក្រៅពីនេះ KGB ក៏មានតួនាទីការពារថ្នាក់ដឹកនាំនយោបាយរបស់សហភាពសូវៀត ត្រួតពិនិត្យកងទ័ពនៅព្រំដែន និងធ្វើការតាមដានជាទូទៅ លើប្រជាជនសូវៀត។

* បណ្តាទីភ្នាក់ងារសន្តិសុខ-ចារកម្មមុន KGB

KGB ឈរជើងបានយូរជាងគេ ក្នុងចំណោមស្ថាប័នសន្តិសុខ-ចារកម្មសូវៀតជំនាន់ដំបូងៗមួយចំនួន ដែលបានចាប់ផ្តើមពីទីភ្នាក់ងារឈ្មោះ «ចេកា (Cheka)»។ ទីភ្នាក់ងារ Cheka ត្រូវបានបង្កើតឡើងកាលពីខែធ្នូ ឆ្នាំ១៩១៧ ដោយរដ្ឋាភិបាលកុម្មុយនិស្តរុស្ស៉ី បូលសេវីគ (Bolshevik) របស់លោក វ៉្លាឌីមៀ លេនីន (Vladimir Lenin)។ Cheka ពីដំបូងឡើយទទួលបន្ទុក តែលើការងារស៉ើបអង្កេត ចំពោះសកម្មភាពប្រឆាំងក៏ដូចជាព្យាយាមបំផ្លាញចលនាបដិវដ្តន៍ប៉ុណ្ណោះ តែភ្លាមៗក្រោយមក ក៏បានងាកទៅទទួលបន្ទុកលើការចាប់ខ្លួន ឃុំឃាំង និងប្រហារជីវិត «សត្រូវរបស់រដ្ឋ» ថែមទៀត ដែលរួមមាន ទាំងពួកវណ្ណៈអភិជនពីមុនៗ និងអតីតមេដឹកនាំក្រុមសាសនាជាដើម។

Checka បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសង្រ្គាមស៉ីវិលរុស្ស៉ី (១៩១៨-១៩២០) និងក្នុងការបង្រ្កាបចលនាបះបោរ ក្រូនស្តាដ (Kronshtadt) និង អាន់តូនូវ (Antonov) កាលពីឆ្នាំ១៩២១។ យោងតាមឯកសារដែលបញ្ចេញ កាលពីទសវត្សរ៍ឆ្នា១៩៩០ ទីភ្នាក់ងារ Cheka ដែលនៅឆ្នាំ១៩២១ មានភ្នាក់ងារដល់ទៅជាង ២៥០,០០០នាក់ បានសម្លាប់មនុស្សសរុបលើសពី ១៤០,០០០នាក់។ ឆ្នាំ១៩២២ ពេលសហភាពសូវៀតត្រូវបានបង្កើតឡើង ទីភ្នាក់ងារ Cheka ត្រូវបានជំនួសដោយទីភ្នាក់ងារថ្មីហៅថា «GPU»។

មួយឆ្នាំក្រោយមកទៀត GPU ក៏ត្រូវបានប្តូរឈ្មោះទៅជា «OGPU» និងទទួលភារកិច្ចបន្ថែម ដូចជាការគ្រប់គ្រងលើជំរំពលកម្ម និងឃ្លាំមើលសកម្មភាពប្រជាជន។ អំឡុងដើមទសវត្សរ៍ឆ្នាំ១៩៣០ ទីភ្នាក់ងារ OGPU បានចាប់ផ្តើមធ្វើប្រតិបត្តិការសម្ងាត់លើទឹកដីបរទេស ដើម្បីរារាំងសកម្មភាពរបស់ ក្រុមដែលមានបំណងប្រឆាំងសហភាពសូវៀតពីខាងក្រៅ។ ជនទាំងនោះមួយចំនួន ត្រូវបានចាប់ជំរិត និងធ្វើឃាតជាដើម។

នៅឆ្នាំ១៩៣៤ ទីភ្នាក់ងារ OGPU ត្រូវបានប្រែក្លាយទៅជាទីភ្នាក់ងារថ្មីហៅថា «NKVD» ដែលបានជួយលោក ចូសេហ្វ ស្តាលីន (Joseph Stalin) ពង្រឹងអំណាចរបស់ខ្លួន តាមរយៈការបោសសម្អាតមនុស្សអស់ជាច្រើននាក់។ ក្នុងចន្លោះឆ្នាំ១៩៣៧-១៩៣៨ តែឯងប៉ុណ្ណោះ មនុស្សច្រើនជាង៧៥០,០០០នាក់ ត្រូវបានប្រហារជីវិត ក្នុងនោះរួមមានរាប់ម៉ឺននាក់ ជាមន្រ្តីក្នុងបក្ស មន្រ្តីសន្តិសុខ និងមន្រ្តីយោធា។

មកដល់ឆ្នាំ១៩៤១ ការទទួលខុសត្រូវលើសន្តិសុខប្រទេសជាតិ ត្រូវបានផ្ទេរពីទីភ្នាក់ងារ NKVD ឲ្យទៅទីភ្នាក់ងារ «NKGB»។ ទីភ្នាក់ងារទាំង២ ក៏បានប្រែក្លាយទៅជាក្រសួងពីរនៅឆ្នាំ១៩៤៦ ក្នុងនោះគឺក្រសួងមហាផ្ទៃ «MVD» និងក្រសួងសន្តិសុខជាតិ «MGB»។ MGB បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់សហភាពសូវៀត កាលពីសម័យសង្រ្គាមលោកលើកទីពីរ និងការប្រមូលផ្តុំអំណាចរបស់សហភាពសូវៀត នៅតំបន់អឺរ៉ុបភាគខាងកើត។

អំលុងសង្រ្គាមលោកលើកទីពីរ MGB បានធ្វើប្រតិបត្តិការចារកម្មផ្សេងៗ ហើយក៏បានផ្តោតលើការទប់ទល់ចារកម្មរបស់សត្រូវផងដែរ បូករួមជាមួយការត្រួតពិនិត្យគ្រប់គ្រងលើជំរំអ្នកទោសសង្រ្គាម និងការធានាភាពស្មោះស្ម័គ្រក្នុងចំណោមកម្លាំងយោធា។ ក្រោយសង្រ្គាមលោក MGB បានជួយសហភាពសូវៀតបង្រ្កាបចលនាប្រឆាំង ដោយមិនថាជាការពិតឬការសង្ស័យនោះឡើយ នៅឯអឺរ៉ុបខាងកើត និងនៅក្នុងសហភាពសូវៀតផ្ទាល់។

ចន្លោះឆ្នាំ១៩៤៥-៥៣ ប្រជាជនសូវៀតច្រើនជាង៧៥០,០០០នាក់ ត្រូវបានចាប់ខ្លួន និងដាក់ទោស ដោយសារប្រព្រឹត្តបទល្មើស ពាក់ព័ន្ធផ្នែកនយោបាយ។ ឯកសារទសវត្សរ៍ឆ្នាំ១៩៩០បានបង្ហាញថា គិតត្រឹមឆ្នាំ១៩៥៣ ប្រជាពលរដ្ឋសូវៀតផ្ទាល់ប្រមាណ ២,៧៥០,០០០នាក់ ត្រូវបាន ចាប់ខ្លួនដាក់ពន្ធនាគារ ឬក៏ដាក់នៅជំរំពលកម្ម។

សម្រាប់សកម្មភាពធ្វើចារកម្មរបស់សូវៀតវិញ គឺគួរឲ្យកត់សម្គាល់ខ្លាំងជាពិសេស នៅអំលុងទសវត្សរ៍ចុងក្រោយនៃដំណើរជីវិតរបស់លោក Stalin។ អំលុងសង្រ្គាមលោកលើកទីពីរ MGB បានធ្វើប្រតិបត្តិការជាច្រើននៅតំបន់អឺរ៉ុប ដែលកាន់កាប់ដោយណាហ្ស៉ីអាល្លឺម៉ង់។ ក្នុងនោះបណ្តាញ ចារកម្មសូវៀតមួយហៅថា «រេដ អូឆេស្រ្តា (Red Orchestra)» មានចារជននិងអ្នកលួចឲ្យការណ៍ជាច្រើន រួមមានទាំងភ្នាក់ងារនៅតាមក្រសួងផ្សេងៗរបស់អាល្លឺម៉ង់ ដូចជា ក្រសួងការបរទេស ក្រសួងការងារ ក្រសួងឃោសនាការណ៍ និងក្រសួងសេដ្ឋកិច្ច ជាដើម។

បើតាមឯកសារពីសហរដ្ឋអាមេរិកនិងពីរុស្ស៉ីផ្ទាល់ សហភាពសូវៀតបានបង្កប់ភ្នាក់ងារសម្ងាត់របស់ខ្លួនយ៉ាងហោច៥នាក់ ឲ្យមកនៅក្នុងកម្មវិធីអាវុធនុយក្លេអ៊ែររបស់អាមេរិក ហើយអាចមានភ្នាក់ងារច្រើនរហូតដល់ ៣០០នាក់ផ្សេងទៀត នៅក្នុងជួររដ្ឋាភិបាលអាមេរិក គិតត្រឹមនៅឆ្នាំ១៩៤៥។ ក្រៅពីអាមេរិក ស្ថាប័នការទូតនិងសន្តិសុខរបស់ចក្រភពអង់គ្លេស ក៏ត្រូវបានភ្នាក់ងារចារកម្មសូវៀតចូលលុកលុយដែរ ក្នុងនោះ រួមមានទាំងលោក គីម ហ្វៀលប៊ី (Kim Philby) ដែលជាមន្រ្តីជាន់ខ្ពស់ផ្នែកស៉ើបការណ៍សម្ងាត់របស់អង់គ្លេសផ្ទាល់ ប៉ុន្តែធ្វើចារកម្មឲ្យសហភាពសូវៀត។ ភស្តុតាងបានបង្ហាញថា នៅចន្លោះឆ្នាំ១៩៤១-១៩៤៥ ចារជនសូវៀតនៅចក្រភពអង់គ្លេស បានផ្តល់ឯកសារចន្លោះ១៥,០០០-២០,០០០ច្បាប់ ឲ្យមកកាន់ទីក្រុងម៉ូស្គូ។

មិនយូរប៉ុន្មានក្រោយការស្លាប់របស់លោក Stalin នៅខែមីនា ឆ្នាំ១៩៥៣ MGB ត្រូវបានរួមបញ្ចូលត្រឡប់ទៅក្នុងក្រសួងមហាផ្ទៃសូវៀត MVD វិញ។ ប៉ុន្មានខែកន្លងមកទៀត មេដឹកនាំថ្មីរបស់សហភាពសូវៀតគឺ លោក នីគីតា គ្រូសឆេវ (Nikita Khrushchev) ក៏បានកម្ចាត់ថ្នាក់ដឹកនាំក្រសួង MVD គឺលោក ឡាវរិនទី បឺរៀ (Lavrenty Beria) ដែលជាបុគ្គលស្រេកឃ្លានអំណាច ហើយដល់ឆ្នាំ១៩៥៦ មនុស្សជំនិតៗរបស់លោក Beria ក៏ត្រូវបានកម្ចាត់ចោល ជាបន្តបន្ទាប់ដែរ។ ក្រសួង MVD ត្រូវបានរុះរើបន្តិចម្តងៗ រហូតដល់ឆ្នាំ១៩៦០ ក៏ត្រូវបានរំលាយចោលទាំងស្រុង។

* ការបង្កើតនិងតួនាទីរបស់ KGB

KGB ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ ដើម្បីបម្រើជា «ដាវនិងខែលការពាររបស់គណបក្សកុម្មុយនិស្តនៃសហភាពសូវៀត»។ ទីភ្នាក់ងារ សន្តិសុខ-ចារកម្មថ្មីនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបោសសម្អាតក្រុមមនុស្សជំនិត ក៏ដូចជាអ្នកគាំទ្រនានារបស់លោក Beria។ KGB ត្រូវបានបែងចែកជានាយកដ្ឋានប្រហែល២០ ប៉ុន្តែក្នុងនោះនាយកដ្ឋានដែលសំខាន់ៗគឺទទួលបន្ទុកទាក់ទងនឹង ការធ្វើចារកម្មនៅបរទេស ការទប់ទល់ចារកម្មក្នុងប្រទេស ការស៉ើបអំពីសព្វាវុធរបស់គូបដិបក្ខ ការធានាសុវត្ថិភាពថ្នាក់ដឹកនាំយោបាយ និងការធានាសន្តិសុខតាមព្រំដែន។

នៅអំលុងចុងទសវត្សរ៍ឆ្នាំ១៩៦០ នាយកដ្ឋានមួយត្រូវបានបង្កើតឡើងថែមទៀត ដែលផ្តោតលើការឃ្លាំមើលក្រុមអ្នកប្រឆាំង គណបក្សកុម្មុយនិស្តសូវៀត នៅតាមព្រះវិហារនិងក្នុងចំណោមបញ្ញវន្ត។ សម្រាប់រយៈពេល២០ឆ្នាំក្រោយមក ទីភ្នាក់ងារ KGB កាន់តែងប់ងុលឡើងក្នុងការរុករកសត្រូវនៅក្នុងប្រទេស ដោយបានធ្វើបាប ចាប់ខ្លួន និងពេលខ្លះនិរទេសក្រុមអ្នកគាំទ្រសិទ្ធិមនុស្ស សកម្មជនគ្រិស្តសាសនានិងជ្វីប ព្រមទាំងបញ្ញាជន ដែលត្រូវបានចាត់ទុកថា មានភាពពុំស្មោះស្រង់ចំពោះរបបបក្សកុម្មុយនិស្តសូវៀត។ ក្នុងចំណោមជនល្បីៗដែលរងគ្រោះ ក្រោមស្នាដៃរបស់ KGB រួមមានម្ចាស់ពានរង្វាន់ណូបែល លោក អាឡិចសាន់ដឺ សូលស្នីតស៉ីន (Aleksandr Solzhenitsyn) និង លោក អាន់ឌ្រេ សាខារ៉ូវ (Andrey Sakharov)។

ទីភ្នាក់ងារ KGB បានពង្រីកប្រតិបត្តិការចារកម្មបរទេសរបស់ខ្លួនបន្តិចម្តងៗ រហូតក្លាយជាទីភ្នាក់ងារចារកម្មធំបំផុតនៅលើពិភពលោក គឺធំជាងទីភ្នាក់ងារចារកម្ម CIA របស់សហរដ្ឋអាមេរិកទៅទៀត។ ស្របពេលដែលសង្រ្គាមត្រជាក់ជាមួយអាមេរិកកាន់តែតានតឹង KGB ត្រូវគេចាត់ទុកថា គឺប្រៀបដូចជាទីភ្នាក់ងារចារកម្ម CIA របស់ទីក្រុងវ៉ាស៉ីនតោនយ៉ាងដូច្នោះ។ ប៉ុន្តែមិនដូចជា CIA ឡើយ គឺ KGB ធ្វើសកម្មភាពភាគច្រើននៅក្នុងប្រទេសផ្ទាល់ ហើយប្រឆាំងនឹងពលរដ្ឋខ្លួនឯង ខណៈ CIA ត្រូវបានច្បាប់អាមេរិក ហាមឃាត់មិនឲ្យធ្វើចារកម្មក្នុងប្រទេស ប្រឆាំងលើពលរដ្ឋខ្លួនឯងនោះទេ។

ភ្នាក់ងារជាច្រើនរបស់ KGB ពេលខ្លះបន្លំខ្លួនជាពាណិជ្ជករ និងជាអ្នកសារព័ត៌មាន ក៏ប៉ុន្តែពួកគេភាគច្រើននៅតែបន្លំខ្លួនតាមផ្នែកការទូត ដែលជាមធ្យោបាយទូទៅរបស់ពួកចារជន។ ស្នាដៃជោគជ័យជាច្រើនរបស់ KGB រួមមានការចូលលុកលុយ ក្នុងប្រតិបត្តិការចារកម្មនានា របស់ប្រទេសលោកខាងលិចធំៗ និងការបង្កប់ភ្នាក់ងារនៅស្ទើរតែគ្រប់រាជធានីនិងរដ្ឋធានីសំខាន់ៗ ជុំវិញពិភពលោកជាដើម។ KGB ក៏បានជួយយោធារបស់សូវៀត ប្រមែប្រមូលព័ត៌មានប្រកបដោយសារសំខាន់ ទាក់ទងវិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាផងដែរ។ KGB ប្រមូលបានជាច្រើននូវទិន្នន័យបច្ចេកវិទ្យាទំនើបៗ ដែលចាំបាច់សម្រាប់ការអភិវឌ្ឍនាវាមុជទឹក យន្តហោះ និងគ្រាប់រ៉ុក្កែតរបស់សូវៀត។ នៅដំណាច់ទសវត្សរ៍ឆ្នាំ១៩៦០ KGB បានឈរជើងយ៉ាងរឹងមាំជា ស្ថាប័នឃ្លាំមើលផ្នែកសន្តិសុខ បម្រើឲ្យគណបក្សកុម្មុយនិស្តសូវៀត។

យ៉ាងណាឥទ្ធិពលរបស់ KGB បានថយចុះនៅក្រោមមេដឹកនាំសូវៀត លោក មីឃែល ហ្គោបាឆេវ (Mikhail Gorbachev) (១៩៨៥-១៩៩១) ដែលមាននិន្នាការកំណែទម្រង់សហភាពសូវៀត។ ទោះបីលោក Gorbachev គោរពទេសកោសល្យរបស់ KGB ក្នុងផ្នែកចារកម្មបរទេសក៏ដោយ គោលការណ៍កំណែទម្រង់របស់លោក បានកាត់បន្ថយអំណាចរបស់ទីភ្នាក់ងារចារកម្មនេះ និងអំណាចរបស់គណបក្សកុម្មុយនិស្តផ្ទាល់។ នៅខែសីហា ឆ្នាំ១៩៩១ មន្រ្តីជាន់ខ្ពស់មួយចំនួនរបស់ KGB រួមមានទាំងលោក វ៉្លាឌីមៀ គៀរអ៊ូឆ្កូវ (Vladimir Kryuchkov) ជានាយក KGB ដែលបានដើរតួនាទីគន្លឹះក្នុងការប៉ុនប៉ងរដ្ឋប្រហារបរាជ័យមួយ ដែលរៀបចំឡើង ដោយបក្សកុម្មុយនិស្តសូវៀត ក្រោមគោលដៅដណ្តើមអំណាចពីដៃលោក Gorbachev មកវិញ។ បន្ទាប់ពីនោះ KGB ក៏កាន់តែត្រូវបានដកហូតឥទ្ធិពលថែមទៀត។

បន្ទាប់ពីសហភាពសូវៀតបានដួលរលំនៅខែធ្នូ ឆ្នាំ១៩៩១ ទីភ្នាក់ងារ KGB បានធ្លាក់មកស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី។ រដ្ឋាភិបាល ប្រធានាធិបតីរុស្ស៉ី លោក បូរីស យេតស៉ីន (Boris Yeltsin) បានគ្រប់គ្រងចាត់ចែងលើការបែងចែក KGB ឲ្យទៅជាទីភ្នាក់ងារចំនួនពីរដាច់ដោយឡែកពីគ្នា ដែលមួយទទួលបន្ទុកលើកិច្ចការសន្តិសុខក្នុងប្រទេស ហៅថា Federal Security Service (FSB) និងមួយទៀតសម្រាប់ការងារចារកម្មនៅក្រៅប្រទេស ហៅថា Foreign Intelligence Service (SVR)។ អ៊ុយក្រែន បេឡារុស និងអតីតសាធារណរដ្ឋសូវៀតដទៃៗទៀត បានចេញទៅបង្កើតទីភ្នាក់ងារសន្តិសុខ-ចារកម្មរៀងៗខ្លួន តែភាគច្រើននៅរក្សាទំនាក់ទំនង ជាមួយទីភ្នាក់ងាររបស់រុស្ស៉ី។

* ការវាយតម្លៃលើឥទ្ធិពលរបស់ KGB

នៅពេលមានឥទ្ធិពលបំផុត KGB គឺជាស្ថាប័នប៉ូលិសសម្ងាត់ និងចារកម្មបរទេសធំជាងគេនៅលើពិភពលោក។ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា KGB មានបុគ្គលិកច្រើនជាង៤៨០,០០០នាក់ ក្នុងនោះ២០០,០០០នាក់ ជាទាហានក្នុងជួរកងកម្លាំងការពារព្រំដែន។ មេដឹកនាំសូវៀតនីមួយៗ ពឹងផ្អែកលើ KGB ព្រមទាំងបណ្តាទីភ្នាក់ងារសន្តិសុខ-ចារកម្មមុនៗ សម្រាប់ការផ្តល់ព័ត៌មាន និងការឃ្លាំមើលបុគ្គលសំខាន់ៗ ព្រមទាំងការគ្រប់គ្រងប្រជាជនសូវៀត។ ជាមួយគណបក្សកុម្មុយនិស្ត និងកងកម្លាំងយោធា KGB បានបង្កើតជាអំណាចត្រីមុខមួយដែល គ្រប់គ្រងសហភាពសូវៀតដ៏ធំសម្បើម។

KGB បានដើរតួនាទីសំខាន់ពិសេស ក្នុងគោលនយោបាយការបរទេសរបស់សូវៀត។ ការធ្វើចារកម្មនៅបរទេសបានអនុញ្ញាតឲ្យសហភាព សូវៀតមានសមត្ថភាពប្រហាក់ប្រហែលនឹង ក្រុមប្រទេសលោកខាងលិច បើនិយាយអំពីអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធសព្វាវុធឯទៀតៗ។ យ៉ាងណាមិញ តួនាទីរបស់ KGB នៅក្នុងប្រទេសគឺឃោរឃៅជាទីបំផុត ព្រោះប្រជាជនសូវៀតផ្ទាល់ជាច្រើននាក់បានស្លាប់ ក្រោមស្នាដៃរបស់ KGB និង ស្ថាប័នជំនាន់ៗមុនរបស់ទីភ្នាក់ងារចារកម្មនេះ។ ក្រុមអ្នកជំនាញជាច្រើនបានព្យាករណ៍ថា មនុស្សអាចរហូតដល់រាប់សិបលាននាក់ បានបាត់បង់ជីវិត ដោយសារតែទីភ្នាក់ងារសន្តិសុខ-ចារកម្មសម័យសូវៀត។

ជាចុងក្រោយសំណួរដ៏សំខាន់មួយទាក់ទងនឹងការវាយតម្លៃលើ KGB គឺថាតើហេតុអ្វីដែលជាទីភ្នាក់ងារចារកម្មនេះ បរាជ័យក្នុងការទប់ស្កាត់ការដួលរលំនៃសហភាពសូវៀត។ មានភស្តុតាងជាច្រើនបានបង្ហាញថា KGB ក៏បានទទួលរង នូវបញ្ហានៃប្រព័ន្ធដឹកនាំដែលគ្មានប្រសិទ្ធភាព និងអំពើពុករលួយក្នុងជួរថ្នាក់ដឹកនាំដែរ គឺមិនសូវជាខុសអ្វីពីរបបមុនៗឡើយ។ ម៉្យាងវិញទៀត អំឡុងទសវត្សរ៍ចុងក្រោយនៃអំណាចរបស់សូវៀត មន្រ្តី KGB ជាច្រើននាក់បានរត់ទៅចុះចូល ជាមួយលោកខាងលិច ឬក៏ព្រមធ្វើការជាគិញសម្ងាត់ឲ្យបរទេសនៅទីក្រុងម៉ូស្គូ។ ក្រៅពីនេះការសិក្សាមួយចំនួនបានបង្ហាញថា ទោះបីមានសមត្ថភាពខ្លាំង ក្នុងការធ្វើចារកម្មក៏ដោយ KGB ហាក់ខ្វះជំនាញផ្នែកវិភាគ ដែលចាំបាច់ក្នុងការបង្កើតឡើង នូវរូបភាពជាក់ស្តែងនៃស្ថានការណ៍អន្តរជាតិ និងស្ថានការណ៍នៅក្នុងប្រទេសផ្ទាល់។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន មានប្រវត្តិធ្លាប់បម្រើជា មន្រ្តីស៉ើបការណ៍សម្ងាត់បរទេសរបស់ទីភ្នាក់ងារ KGB សម្រាប់រយៈពេល១៦ឆ្នាំ មុនពេលលោកលាលែងពីការងារនេះ នៅឆ្នាំ១៩៩១ ដើម្បីចាប់ផ្តើមអាជីពជាអ្នកនយោបាយ៕