(ភ្នំពេញ)៖ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ មានប្រទេសចំនួន៨ធ្លាប់ប្រកាន់របបរាជានិយមដែលមានព្រះមហាក្សត្រកាន់អំណាចពេញសិទ្ធិ ក្នុងនោះរួមមានឥណ្ឌូណេស៉ី ថៃ វៀតណាម មីយ៉ាន់ម៉ា ឡាវ ព្រុយណេ ម៉ាឡេស៉ី និងកម្ពុជា ខណៈប្រទេសទាំងនេះបានបន្សល់នូវព្រះរាជវាំងដ៏ប្រណីតៗនៅក្នុងប្រទេសរៀងៗខ្លួនរហូតមកដល់សព្វថ្ងៃ។

ព្រះបរមរាជវាំងក្នុងប្រទេសទាំង៨នោះ រួមមាន៖

១. ព្រះរាជវាំងចតុម្មុខ

ស្ថិតនៅជាប់ទន្លេប្រសព្វគ្នាបួនមុខ ញ៉ាំងព្រះបរមរាជវាំងចតុម្មុខសិរីមង្គល (Preah Barom Reachaviang Chaktomuk Serei Mongkol) រំលេចខ្លួនត្រដែតស្កឹមស្កៃប្រណីតនៅរាជធានីភ្នំពេញ។ ព្រះបរមរាជវាំងចុងក្រោយរបស់ព្រះរាជាណាចក្រកម្ពុជាមួយនេះ ត្រូវបានកសាងឡើងតាំងពីរជ្ជាកាលព្រះបាទសម្ដេចព្រះនរោត្តម (King Norodom) បន្ទាប់ពីព្រះអង្គប្ដូររាជធានីពីក្រុងឧដុង្គមានជ័យកាលពីគ្រិស្ដសករាជ១៨៦៥។ ចាប់តាំងពីពេលនោះមក ភ្នំពេញបាននៅបន្តជារាជធានីរបស់ប្រទេសកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ន ហើយប្រសិនបើគិតត្រឹមឆ្នាំ២០២២ ព្រះបរមរាជវាំងភ្នំពេញនេះមានអាយុកាល១៥៧ឆ្នាំហើយ។ គួរជម្រាបថា ភ្នំពេញក៏ធ្លាប់ជារាជធានីរបស់អាណាចក្រខ្មែរពីមុនមកដែរចាប់ពីឆ្នាំ១៤៣២-១៥១២ ពោលគឺនៅក្នុងសម័យចតុម្មុខ។

២. រាជវាំងរតនកោសិន្ទ្រ

គេហៅព្រះរាជវាំងនៅកណ្ដាលទីក្រុងបាងកកនេះថា ព្រះរាជវាំងរតនកោសិន្ទ្រ (Rattanakosin) ឬ Grand Palace ដែលត្រូវបានកសាងឡើងតាំងពីគ្រិស្ដសករាជ១៧៨២ ក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វា ចូឡាលោក (Phra Phutthayotfa Chulalok) ឬព្រះចៅរាមាទី១ បន្ទាប់ពីព្រះអង្គប្ដូររាជធានីពីក្រុងធនបុរី (Thon Buri) ដែលស្ថិតនៅភាគខាងលិចទន្លេចៅព្រះពញា (Chao Praya)។ បច្ចុប្បន្ន ព្រះរាជវាំងរបស់ថៃមួយនេះបានក្លាយជាកន្លែងប្រារព្ធព្រះរាជពិធីរបស់ព្រះមហាក្សត្រ និងកម្មវិធីមួយចំនួនរបស់រដ្ឋាភិបាលថៃនៅរៀងរាល់ឆ្នាំ ហើយក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ល្បីល្បាញបំផុតមួយប្រចាំនៅប្រទេសថៃផងដែរ។

៣. រាជវាំងក្រុងវ៉េ

អតីតព្រះរាជវាំងក្រុងវ៉េ (Huế) មានទីតាំងស្ថិតនៅភាគកណ្តាលប្រទេសវៀតណាមបច្ចុប្បន្ន ដែលត្រូវបានកសាងឡើងតាំងពីគ្រិស្ដសករាជ១៨០៤ ក្នុងរជ្ជកាលអធិរាជយ៉ាឡុង (Emperor Gia Long) នៃរាជវង្សង្វៀន (Nguyễn dynasty)។

៤. រាជវាំងមណ្ឌាល័យ

ព្រះរាជវាំងមណ្ឌាល័យ ឬម៉ាន់ដាឡេយ (Mandalay) ត្រូវបានកសាងឡើងនៅចន្លោះគ្រិស្ដសករាជ១៨៥៧-១៨៥៩ ក្រោមស្នាព្រះហស្ដរបស់ព្រះមហាក្សត្រភូមា មីនតន (Mindon) នៃរាជវង្សកូនបោង។ ព្រះចៅមីនតនបានជ្រើសយកទីក្រុងមណ្ឌាល័យជារាជធានីថ្មីនៃចក្រភពកូនបោងរបស់ព្រះអង្គ។ រាជវង្សកូនបោង គឺជារាជវង្សចុងក្រោយរបស់ប្រទេសភូមា។ បច្ចុប្បន្ន ទីក្រុងមណ្ឌាល័យជាទីក្រុងធំជាងគេទីពីររបស់មីយ៉ាន់ម៉ាបន្ទាប់ពីទីក្រុងយ៉ាងហ្គន (Yangon)។

៥. រាជវាំងហ្លួងព្រះបាង

ហ្លួងព្រះបាង (Luang Prabang) ធ្លាប់ជារាជធានីរបស់អាណាចក្រឡានសាងរួចមកហើយ ប៉ុន្តែព្រះរាជវាំងចុងក្រោយបង្អស់ត្រូវបានកសាងឡើងវិញនៅគ្រិស្ដសករាជ១៩០៤ ពោលគឺនាអំលុងសម័យអាណានិគមនិយមបារាំង ក្រោមស្នាព្រះហស្តរបស់ព្រះចៅស៉ីសាវ៉ាងភូមីវង្ស (King Sisavang Phoumivong)។ បច្ចុប្បន្ន ទីក្រុងហ្លួងព្រះបាងគឺជាទីក្រុងធំជាងគេទីពីររបស់ប្រទេសឡាវបន្ទាប់ពីទីក្រុងវៀងចន្ទន៍ រដ្ឋធានីនៃឡាវប្រជាមានិត ហើយក៏ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយប្រចាំប្រទេសនេះផងដែរ។

៦. រាជវាំងយុក្យាការតា

ព្រះរាជវាំង Kraton Ngayogyakarta Hadiningrat ស្ថិតនៅតំបន់ស្វយ័តយុក្យាការតា (Yogyakarta) លើកោះជ្វា ប្រទេសឥណ្ឌូណេស៉ី ដែលត្រូវបានសាងសង់ឡើងចាប់ពីគ្រិស្ដសករាជ១៧៥៥-១៧៥៦ ក្រោមស្នាព្រះហស្ដព្រះចៅស៊ុលតង់ជ្វា ហាម៉េងគូប៊ូវ៉ូណូទី១០ (Hamengkubuwono X) ដែលធ្លាប់គ្រប់គ្រងនៅនគរយុក្យាការតា (អតីតរដ្ឋធំមួយនៅលើកោះជ្វា)។ បច្ចុប្បន្នអតីតព្រះរាជវាំងនេះបានក្លាយជាមជ្ឈមណ្ឌលវប្បធម៌របស់ជនជាតិជា្វ ហើយក៏មានសារមន្ទីរតម្កល់នូវព្រះរាជទ្រព្យផ្សេងៗនៃព្រះមហាក្សត្រស៊ុលតង់ជ្វានៅទីនោះផងដែរ។

៧. រាជវាំងនូរូលអ៉ីម៉ាន់

ព្រះរាជវាំងនូរូលអ៉ីម៉ាន់ (Istana Nurul Iman) ស្ថិតនៅទីក្រុងបង់ដាសិរីបេកាវ៉ាន់ នៃប្រទេសព្រុយណេ ដែលជាទីគង់ប្រថាប់របស់ព្រះចៅស៊ូលតង់ព្រុយណេ ហាស្សាណាល់ ប៊ុលគាស (King Hassanal Bolkiah)។ ព្រះបរមរាជវាំងនេះត្រូវបានសាងសង់ឡើងនៅគ្រិស្ដសករាជ១៩៨៤ ដែលបានចំណាយថវិកាស្មើនឹង៤០០លានដុល្លារអាមេរិក។

៨. រាជវាំងជាតិ

ព្រះរាជវាំងជាតិ ដែលភាសាម៉ាឡេហៅថា Istana Negara ស្ថិតនៅរាជធានីគូឡាឡាំពួរ នៃប្រទេសម៉ាឡេស៉ី បច្ចុប្បន្នជាទីគង់ប្រថាប់របស់ព្រះមហាក្សត្រម៉ាឡេស៉ីដែលដល់វេនសោយរាជ្យ។ ព្រះរាជវាំងនេះត្រូវបានកសាងឡើងនៅគ្រិស្ដសករាជ២០០៧ និងបើកសម្ពោធជាផ្លូវការនៅគ្រិស្ដសករាជ២០១១ ដើម្បីជំនួសព្រះរាជវាំងចាស់នៅកន្លែងផ្សេងមួយទៀត។

គួរជម្រាបថា ចំពោះប្រទេសសិង្ហបុរី និងប្រទេសហ្វីលីពីនបានបោះបង់របបរាជានិយមនេះតាំងពីពួកអាណានិគមចាស់មានវត្តមាននៅលើដែនដីអាស៉ីអាគ្នេយ៍មកម្ល៉េះ (ព័រទុយហ្កាល់ អេស្ប៉ាញ ហូឡង់) ដូច្នេះមិនមានបន្សល់នូវព្រះរាជវាំងនោះឡើយ៕