(ភ្នំពេញ)៖ ពិធីបុណ្យ ស៊ែងហ្គីវវីង (Thanksgiving) គឺជាទិវាជាតិមួយរបស់សហរដ្ឋអាមេរិក ខណៈក្នុងឆ្នាំនេះ វាត្រូវប្រារព្ធឡើង នៅថ្ងៃទី២៤ ខែវិច្ឆិកា។ ពិធីបុណ្យនេះត្រូវគេសន្មត់ថា មានដើមកំណើតដំបូងកាលពីឆ្នាំ១៦២១ ក្នុងទម្រង់ជាពិធីជប់លៀង ក្នុងឱកាសប្រមូលផលដំណាំរួចរាល់ នារដូវស្លឹកឈើជ្រុះ ដែលរៀបចំឡើងនៅឯក្រុងផ្លៃម៉ោស (Plymouth) ដោយក្រុមអ្នកតាំងអាណានិគមអង់គ្លេស និងក្រុមកុលសម្ព័ន្ធជនជាតិដើមអាមេរិក វ៉ាមផាណូអាក (Wampanoag)។

អស់រយៈពេលជាងពីរសតវត្សរ៍ ពិធីបុណ្យ Thanksgiving ត្រូវបានគេរប្រារព្ធឡើងរៀងៗខ្លួន តាមតំបន់អាណានិគមនិងរដ្ឋនីមួយៗ។ ទាល់តែមកដល់ឆ្នាំ១៨៦៣ អំលុងសង្គ្រាមស៊ីវិលអាមេរិក ទើបលោកប្រធានាធិបតី អាប្រាហាំ លីនខុន (Abraham Lincoln) បានចេញសេចក្ដីប្រកាស កំណត់យកថ្ងៃ Thankgiving រួមមួយ ដែលត្រូវប្រារព្ធឡើងក្នុងខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។

* ប្រវត្តិពិធី Thanksgiving នៅក្រុង Plymouth

កាលពីខែកញ្ញា ឆ្នាំ១៦២០ កូនសំពៅមួយដែលមានឈ្មោះថា ម៉េហ្វ្លូវើ (Mayflower) រួមជាមួយនិងអ្នកដំណើរចំនួន ១០២នាក់ បានចាកចេញពីទីក្រុង Plymouth របស់អង់គ្លេស ដើម្បីមកស្វែងរកទីជម្រកថ្មី នៅទ្វីបអាមេរិក ដែលសម័យនោះ ត្រូវពួកអឺរ៉ុបចាត់ទុកជា ដែនដីដ៏ថ្មីសន្លាងមួយ។

ក្នុងការធ្វើដំណើរឆ្លងសមុទ្រដ៏លំបាកអស់រយៈពេលជាច្រើនសប្តាហ៍ ពួកគេបានមកដល់ដែនដីថ្មី ហើយចាប់ផ្តើមកសាងទីលំនៅថ្មីរបស់ខ្លួន ហៅថាក្រុង Plymouth គឺដូចឈ្មោះទីក្រុង ដែលពួកគេបានចាកចេញពីអង់គ្លេសយ៉ាងដូច្នោះ។ យោងតាមកំណត់ត្រាប្រវត្តិសាស្រ្តអាមេរិក នៅពេលមកដល់ ជនជាតិអង់គ្លេសទាំងនោះ ត្រូវបានទទួលការស្វាគមន៍ ដោយក្រុមជនជាតិដើមអាមេរិក។

ចំពោះមុខដែនដីដ៏ថ្មីសន្លាងដែលពួកគេមិនធ្លាប់ស្គាល់ អ្នកតាំងអាណានិគមអង់គ្លេស ទទួលបានការបង្ហាត់បង្រៀនឲ្យដាំដុះ និងប្រមូលផលផ្លែពោត, ចាប់ត្រីក្នុងទន្លេ, និងចៀសវាងរុក្ខជាតិពុលជាដើម។ មិនតែប៉ុណ្ណោះ ពួកគេក៏បានផ្សាភ្ជាប់ទំនាក់ទំនងរឹងមាំ ជាមួយកុលសម្ព័ន្ធឈ្មោះថា Wampanoag ផងដែរ។

នៅឆ្នាំ១៦២១ បន្ទាប់ពីជោគជ័យ នៃការប្រមូលភោគផលដំណាំពោតលើកដំបូង នៅដែនដីថ្មី លោកអភិបាល វីលាម ប្រេដហ្វដ (William Bradford) បានរៀបចំកម្មវិធីហូបអាហាររមួយ ដើម្បីអបអរ ហើយបានអញ្ជើញបណ្តាកុលសម្ព័ន្ធជនជាតិដើមអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់ក្រុងអាណានិគមទើបបង្កើតថ្មីនេះ ក្នុងនោះរួមមានទាំងមេកុលសម្ព័ន្ធ Wampanoag ផងដែរ។

ព្រឹត្តិការណ៍ខាងលើ ត្រូវមនុស្សភាគច្រើនចាត់ទុកជាថ្ងៃបុណ្យ Thanksgiving ដំបូងបង្អស់របស់សហរដ្ឋអាមេរិក ប៉ុន្តែពាក្យ Thanksgiving នេះ ប្រហែលជាមិនទាន់ត្រូវបានប្រើប្រាស់ ជាផ្លូវការនាពេលនោះទេ ហើយវាប្រព្រឹត្តទៅរយៈពេលពេលបីថ្ងៃ និងថាតើមានមុខម្ហូបអ្វីខ្លះ ក៏មិនត្រូវបានគេដឹងច្បាស់ដែរ។

* ពិធីបុណ្យ Thanksgiving ក្លាយជាទិវាជាតិមួយរបស់អាមេរិក

អំលុងនិងក្រោយសម័យបដិវត្តន៍អាមេរិក ថ្ងៃ Thanksgiving បានចាប់ផ្តើមមានការទទួលស្គាល់បន្តបន្ទាប់ ពីរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក។ នៅឆ្នាំ១៨១៧ ញូយ៉កបានស្ថិតក្នុងចំណោមរដ្ឋដំបូងៗ ដែលបានអនុម័តឲ្យមានថ្ងៃឈប់សម្រាក Thanksgiving ប្រចាំឆ្នាំ ប៉ុន្តែវាប្រារព្ធឡើង នៅថ្ងៃខុសៗគ្នា ហើយទំនៀមទម្លាប់ Thanksgiving នេះ មិនទាន់ត្រូវបានស្គាល់ទូលំទូលាយ នៅតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក នៅឡើយទេ។

មកដល់ឆ្នាំ១៨៦៣ ស្របពេលដែលសង្រ្គាមស៉ីវិល ស្ថិតក្នុងដំណាក់កាលក្តៅគគុកបំផុត លោក Abraham Lincoln បានកំណត់យក «ថ្ងៃព្រហស្បតិ៍នៃសប្ដាហ៍ចុងក្រោយបំផុត ក្នុងខែវិច្ឆិកា» សម្រាប់ប្រារព្ធពិធីបុណ្យ Thanksgiving ហើយវាត្រូវបានអនុវត្តតៗមកជារៀងរាល់ឆ្នាំ រហូតមកទល់ឆ្នាំ១៩៣៩ នៅពេលលោក ហ្រ្វេងឃ្លីន ឌី រូសស៊្វែល (Franklin D. Roosevelt) រំកិលថ្ងៃបុណ្យនេះ មកខាងមុខមួយសប្តាហ៍។

លោក Roosevelt បានធ្វើយ៉ាងដូច្នោះក្នុងគោលបំណង ចង់ជំរុញឲ្យមានសន្ទុះនៃការទិញទំនិញ អំលុងវិបត្តិសេដ្ឋកិច្ចសកល ហ្គ្រេត ឌីប្រេសសិន (Great Depression)។ ប៉ុន្តែគម្រោងរបស់លោក Roosevelt ទទួលបានការជំទាស់យ៉ាងខ្លាំងខ្លា។ លុះក្រោយមក នៅក្នុងឆ្នាំ១៩៤១ លោក Roosevelt បានបង្ខំចិត្តចុះហត្ថលេខាលើច្បាប់ ដែលកំណត់យកថ្ងៃព្រហស្បតិ៍នៃសប្តាហ៍ចុងក្រោយ ក្នុងខែវិច្ឆិកា ធ្វើជាថ្ងៃនៃការប្រារព្ធពិធីបុណ្យ Thanksgiving សាជាថ្មីឡើងវិញ។

* ប្រពៃណីនិងទំនៀមទម្លាប់នៃការរៀបចំបុណ្យ Thanksgiving

បច្ចុប្បន្ន គេសង្កេតឃើញថាពិធីបុណ្យ Thanksgiving ផ្តោតជាសំខាន់ទៅលើ ការជួបជុំពិសាអាហារជាមួយក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិ ពោលគឺអត្តសញ្ញាណដំបូងរបស់វា ហាក់ត្រូវបានបាត់បង់ភាគច្រើនទៅហើយ។ ពាក់ព័ន្ធនឹងមុខម្ហូបវិញ គឺសត្វមាន់តួកគី (Turkey) ជាគ្រឿងសម្គាល់លេចធ្លោបំផុត ប្រចាំពិធីបុណ្យនេះ។ ប្រជាជនអាមេរិកខ្ទង់៩០ភាគរយ តែងនាំគ្នាបរិភោគសត្វមាន់នេះ នៅថ្ងៃ Thanksgiving អមជាមួយម្ហូបអាហារប្រពៃណីមួយចំនួនទៀត។ រីឯការដង្ហែក្បួនព្យុហយាត្រា ក៏បានក្លាយជាផ្នែកដ៏សំខាន់មួយនៃពិធីបុណ្យនេះផងដែរ នៅតាមទីក្រុងនិងទីប្រជុំជន ទូទាំងសហរដ្ឋអាមេរិក។

ដោយសារសម័យឥឡូវ សមាជិកគ្រួសារភាគច្រើនរស់នៅឆ្ងាយៗពីគ្នា បុណ្យ Thanksgiving បានក្លាយជាឱកាសដ៏សំខាន់ប្រចាំឆ្នាំសម្រាប់ ឲ្យពួកគេមានពេលវេលាជួបជុំគ្នាយ៉ាងហោចមួយឆ្នាំម្តង។ មួយវិញទៀត ពិធីបុណ្យនេះឥឡូវ ក៏បានបើកទូលាយឲ្យជនអន្តោប្រវេសន៍ មិនថាសាវតារមកពីណាឡើយ គឺមានឱកាសចូលរួមប្រារព្ធបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា នៅឯប្រទេសកាណាដាឯណោះវិញ ក៏មានថ្ងៃ Thanksgiving ដូចគ្នាដែរ ដែលមានប្រភពចេញមកតាំងពី សម័យអាណានិគម ប៉ុន្តែវាប្រារព្ធពេលខុសគ្នា គឺបុណ្យ Thanksgiving នៅកាណាដា ធ្វើឡើងជារៀងរាល់ថ្ងៃចន្ទ នៃសប្តាហ៍ទីពីរ ក្នុងខែតុលា៕