(ភ្នំពេញ)៖ ខ្យល់បក់ គឺជាចលនារបស់ខ្យល់តាមផ្ទៃដេកពីតំបន់សម្ពាធខ្លាំងទៅតំបន់សម្ពាធខ្សោយ។ មនុស្សយើងក៏អាចប្រើប្រាស់ខ្យល់បកនេះជាប្រយោជន៍សម្រាប់ការធ្វើដំណើរតាមសមុទ្រ និងយន្តហោះផងដែរ។ តើមានមូលហេតុអ្វីខ្លះទើបបណ្ដាលឱ្យមានខ្យល់បក?

* មូលហេតុនៃខ្យល់បក់

ខ្យល់បក់ (Winds) កើតឡើងដោយសារសម្ពាធខ្យល់ពីរខុសគ្នា។ សម្ពាធខុសគ្នាកាន់តែខ្លាំង ខ្យល់ធ្វើចលនាកាន់តែលឿន។ ភាពខុសគ្នានៃសម្ពាធខ្យល់បណ្តាលមកពីកម្ដៅមិនស្មើគ្នានៅលើផែនដី។ ឧទាហរណ៍ ខ្យល់នៅតំបន់អេក្វាទ័រក្តៅ ហើយស្រាលស្ទុះឡើងលើ បណ្តាលឱ្យតំបន់នេះមានសម្ពាធខ្សោយ។ ចំណែកឯខ្យល់នៅតំបន់ប៉ូលត្រជាក់ ធ្ងន់ ហើយធ្លាក់ចុះ ដែលធ្វើឱ្យតំបន់នេះមានសម្ពាធខ្លាំង។ ភាពខុសគា្ននៃសម្ពាធក្នុងបរិយាកាសនៅតំបន់អេក្វាទ័រ និងតំបន់ប៉ូលជាមូលហេតុបណ្តាលឱ្យខ្យល់ធ្វើចលនា។ ជាទូទៅ ខ្យល់ធ្វើចលនាពីប៉ូលទៅអេក្វាទ័រ ពីតំបន់សម្ពាធខ្លាំងទៅតំបន់សម្ពាធខ្សោយ។

* ប្រភេទខ្យល់បក់

ខ្យល់បក់មាន២ប្រភេទធំៗ គឺខ្យល់បក់ប្រចាំទី និងខ្យល់បក់ប្រចាំតំបន់។ ខ្យល់បក់ប្រចាំទី គឺជាខ្យល់ដែលធ្វើចលនាក្នុងរយៈចម្ងាយខ្លី ហើយអាចបក់មកពីគ្រប់ទិសទី។ រីឯខ្យល់បក់ប្រចាំតំបន់ គឺជាខ្យល់ដែលធ្វើចលនាក្នុងរយៈចម្ងាយវែងតាមទិសមួយជាក់លាក់។ ជាទូទៅ ខ្យល់បក់ប្រចាំតំបន់គឺជាផ្នែកមួយនៃគំរូចរន្តខ្យល់ដែលធ្វើចលនាកាត់ផែនដី។ ខ្យល់ខ្យល់បក់ប្រចាំតំបន់ រួមមាន ខ្យល់ជំនួញ ខ្យល់បក់ពីទិសខាងលិច និងខ្យល់ប៉ូលបក់ពីទិសខាងកើត។

* គុណប្រយោជន៍ពីខ្យល់បក់

មនុស្សយើងអាចប្រើប្រាស់ចរន្តខ្យល់បកជាប្រយោជន៍សម្រាប់ការរស់នៅ ការធ្វើដំណើរ ការត្រួតពិនិត្យផ្នែកឧតុនិយម អាកាសធាតុ និងការប្រើប្រាស់ក្នុងផ្នែកផ្សេងៗទៀត តួយ៉ាងដូចជាខ្យល់ជំនួញ (Trade Winds) ខ្យល់សេតស្ទ្រីម (Jet Streams) ខ្យល់បស្ចិម (Westerlies) ខ្យល់ប៉ូលបូព៌ា (Polar Easterlies) ជាដើម។

មូលហេតុដែលគេហៅខ្យល់ជំនួញ គឺដោយសារកាលពីសម័យអាណានិគមអឺរ៉ុប ពួកឈ្មួញអឺរ៉ុបតែងតែធ្វើដំណើរតាមនាវាសមុទ្រ ដោយពួកគេចេះដឹងពីចរន្តខ្យល់ និងប្រើប្រាស់ខ្យល់នេះឱ្យបក់នាំសំពៅ នាវារបស់ពួកគេទៅកាន់ទីឆ្ងាយជិតនានា ដើម្បីរុករកដីថ្មីធ្វើជំនួញជួញដូរជាមួយពិភពខាងក្រៅ ដូចជាអាស៉ី អាហ្វ្រិក អាមេរិក បណ្ដាកោះផ្សេងៗជាដើម ដូច្នេះទើបគឺហៅខ្យល់នេះថា «ខ្យល់ជំនួញ»

អាកាសយានិកក៏អាចសន្សំសំចៃឥន្ធនៈនិងពេលវេលាក្នុងការបើកបរយន្តហោះផងដែរ ប្រសិនបើយន្តហោះនោះធ្វើដំណើរស្របនឹងចរន្តខ្យល់បក់ ពិសេសចរន្តសេតស្ទ្រីម (Jet Streams)។

បច្ចុប្បន្ន មនុស្សយើងបានបង្កើតបង្គោលទូរប៊ីនខ្យល់ (Wind Turbine) ដែលមានស្លាបវិលដែលគេដាំបញ្ឈរទៅលើ ហើយនៅពេលស្លាបវាប៉ះនឹងខ្យល់បក់ វានឹងវិល បង្កើតបានជាចរន្តអគ្គិសនីយកទៅប្រើប្រាស់៕