(ភ្នំពេញ)៖ នៅតំបន់ប៉ូលខាងជើង និងប៉ូលខាងត្បូងរបស់ផែនដីយើង មានបាតុភូតពន្លឺដ៏ស្រស់ស្អាតម៉្យាងបង្ហាញខ្លួនលើផ្ទៃមេឃ ហៅថា «ពន្លឺអូរ៉ូរ៉ា (Aurora)»។ នៅប៉ូលខាងជើងពន្លឺនេះ អាចត្រូវគេហៅថា «អូរ៉ូរ៉ាបូរាលីស (Aurora Borealis) ឬពន្លឺអូរ៉ូរ៉ាខាងជើង (Northern Light) ខណៈនៅប៉ូលខាងត្បូងវិញ វាអាចត្រូវគេហៅថា «អូរ៉ូរ៉ាអូស្រ្តាលីស (Aurora Australis) ឬមួយក៏ពន្លឺអូរ៉ូរ៉ាខាងត្បូង (Southern Light)»

* តើពន្លឺ Aurora កើតឡើងដោយសារអ្វី?

ទោះបីជាពន្លឺ Aurora អាចត្រូវមើលឃើញយ៉ាងច្បាស់ល្អបំផុតនាពេលរាត្រីក៏ដោយ បាតុភូតពន្លឺនេះគឺបង្កឡើងដោយសារតែព្រះអាទិត្យ។ អ្វីដែលព្រះអាទិត្យបញ្ចេញមកភពរបស់យើង មិនមែនមានតែកម្តៅហើយនិងពន្លឺប៉ុណ្ណឹងទេ គឺរួមមាននូវថាមពល និងភាគល្អិតតូចៗដទៃៗទៀត។ ស្រទាប់ការពារម៉ាញេទិចនៅជុំវិញភពយើង ជួយរារាំងមិនឲ្យថាមពលនិងភាគល្អិតមួយចំនួនធំរបស់ព្រះអាទិត្យ ចូលមកដល់ផែនដីបាន។

ក៏ប៉ុន្តែព្រះអាទិត្យមិនបញ្ចេញថាមពលក្នុងបរិមាណដដែលៗ រាល់តែពេលនោះទេ។ ជាប្រចាំព្រះអាទិត្យជះចំហាយដែលគេហៅថា solar wind ចេញពីខ្លួនវា ប៉ុន្តែពេលខ្លះក៏មានបាតុភូតដែលខ្លាំងក្លាជាងនេះហៅថា solar storm ផងដែរ។ នៅពេល solar storm ភាយមកដល់ផែនដី ថាមពលនិងភាគល្អិតមួយចំនួនរបស់ព្រះអាទិត្យ អាចរត់តាមខ្សែស្រទាប់ម៉ាញេទិចនៅប៉ូលខាងជើងនិងខាងត្បូង ចូលមកក្នុងបរិយាកាសផែនដីបាន។

នៅតំបន់ប៉ូលទាំងពីរនៃភពរបស់យើងនេះហើយ ដែលភាគល្អិតព្រះអាទិត្យទាំងនោះ ធ្វើប្រតិកម្មជាមួយឧស្ម័ននៅក្នុងបរិយាកាសផែនដី ហើយបង្កើតចេញជាបាតុភូតពន្លឺដ៏ស្អាតអស្ចារ្យនៅលើផ្ទៃមេឃ។ ដោយសារតែនៅក្នុងបរិយាកាសយើង សម្បូរទៅដោយអុកស៉ីហ្សែននិងនីត្រូហ្សែន ទើបពន្លឺ Aurora ជាទូទៅមានពណ៌បៃតង ប៉ុន្តែជួនកាលក៏ចេញពណ៌ក្រហម ខៀវ ឬស្វាយផងដែរ។

* តើពន្លឺ Aurora មានតែនៅលើភពយើងទេឬ?

បាតុភូតពន្លឺ Aurora មិនមែនមានតែនៅលើភពផែនដីនោះទេ គឺមាននៅតាមភពដទៃៗទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ហើយបណ្តាភព Exoplanet ដែលនៅតាមប្រព័ន្ធផ្កាយផ្សេងៗ ក្រៅពីប្រព័ន្ធព្រះអាទិត្យ ក៏ប្រហែលជាអាចមានបាតុភូតពន្លឺនេះដែរ ឲ្យតែវាមានស្រទាប់បរិយាកាស និងស្រទាប់ដែនម៉ាញេទិច។

គួរជម្រាបថា ក្រៅពីផែនដី ក្រុមភពឧស្ម័នយក្សនៅក្នុងប្រព័ន្ធផ្កាយយើង គឺភពព្រហស្បតិ៍ (Jupiter), ភពសៅរ៍ (Saturn), ភពអ៊ុយរ៉ាណុស (Uranus) និង ភពណិបទូន (Neptune) សុទ្ធតែមានបាតុភូតពន្លឺ Aurora ខណៈពួកវាសុទ្ធតែមានស្រទាប់បរិយាកាសក្រាស់ៗ និងស្រទាប់ដែនម៉ាញេទិចរឹងមាំ។ ប៉ុន្តែពន្លឺ Aurora នៅតាមភពទាំងនេះ មានលក្ខណៈខុសគ្នាបន្តិចបន្តួចពី Aurora របស់ផែនដី ដោយសារតែពួកវាក៏កកើតឡើង នៅក្រោមលក្ខខណ្ឌខុសគ្នា៕