(ភ្នំពេញ)៖ តើអ្នកដឹងទេថា មានភាសាប្រហែលចន្លោះពី៦,៥០០ ទៅដល់ជាង៧,០០០ភាសា ដែលត្រូវគេកំពុងនិយាយនៅសព្វថ្ងៃនេះ ប៉ុន្តែមានត្រឹមតែប៉ុន្មានភាសាប៉ុណ្ណោះ ដែល​ត្រូវគេប្រើប្រាស់យ៉ាងទូលំទូលាយពេញពិភពលោក ខណៈមួយចំណែកធំផ្សេងទៀតគឺ​មនុស្សភាគច្រើនមិនទាំងធ្លាប់បានស្គាល់ ឬក៏លឺនោះឡើយ ហើយកំពុងតែប្រឈមនឹងការបាត់បង់ផងដែរ។ ខាងក្រោមគឺជាភាសា ដែលមានមនុស្សនិយាយច្រើនជាងគេ៖

១០. ភាសាអួរឌូ (Urdu)

អួរឌូស្ថិតក្នុងចំណោមភាសាផ្លូវការចំនួនពីរ របស់ប្រទេសប៉ាគីស្ថាន ដោយភាសាផ្លូវការមួយទៀតគឺភាសាអង់គ្លេស។ ទោះជាបែបនេះក្តី នៅទូទាំងប៉ាគីស្ថាន គឺជាប្រជាជននិយាយភាសាចម្រុះខុសៗគ្នាជាច្រើន។ ភាសាអួរឌូនេះ ក៏ត្រូវបានប្រើប្រាស់ទូលំទូលាយនៅតំបន់ខ្លះ នៃប្រទេសឥណ្ឌាផងដែរ។ សម្រាប់ការ​និយាយ ភាសាអួរឌូគឺអាចស្តាប់គ្នាយល់បានជាមួយភាសាហិណ្ឌី ប៉ុន្តែសម្រាប់ការសរសេរ អួរឌូប្រើប្រាស់តួអក្សរតាមភាសាពែក្សបុរាណ ខណៈហិណ្ឌីប្រើតួអក្សរសំស្រ្កឹត។ ភាសាអួរឌូមានអ្នកនិយាយសរុប២០០លាននាក់ ក្នុងនោះវាជាភាសាដើមកំណើតរបស់មនុស្ស៤៣.៦លាននាក់។

៩. ភាសាព័រទុយហ្កាល់ (Portuguese)

ព័រទុយហ្គាល់ ជាភាសាដែលមានអ្នកនិយាយសរុប២៥៧លាននាក់លើពិភពលោក ក្នុងនោះ២៣២លាននាក់ ជាអ្នកនិយាយភាសានេះ ជាភាសាដើមកំណើត និង​ប៉ុន្មានលាននាក់ទៀតប្រើវាជាភាសាទីពីរ៕

៨. ភាសារុស្ស៉ី (Russian)

រុស្ស៉ីជាភាសាដែលមានអ្នកនិយាយសរុប២៥៨លាននាក់ ក្នុងនោះវាជាភាសាដើមកំណើតរបស់មនុស្ស១៥៤លាននាក់។ រុស្ស៉ីជាភាសា​ផ្លូវការ​របស់ប្រទេស​រុស្ស៉ី កាហ្សាក់ស្ថាន បេឡារុស និងកៀ​ហ្ស៊ី​ស៊ី​ស្ថាន។ ភាសារុស្ស៉ី ក៏ត្រូវបានប្រើប្រាស់ទូលំទូលាយ នៅតាមប្រទេស​ជាច្រើននៃអតីតសហភាព​យូហ្គោស្លាវីផងដែរ។

៧. ភាសាបង់ហ្កាលី (Bengali)

បង់ហ្កាលី គឺជាភាសាដែលត្រូវគេប្រើភាគច្រើននៅក្នុងប្រទេសឥណ្ឌា និងនៅបង់ក្លាដែស។ ភាសាបង់ហ្កាលី មានអ្នកនិយាយ​សរុប​ប្រហែល២៧២លាននាក់ ក្នុងនោះវាជាភាសាដើមកំណើតរបស់មនុស្ស២៣៣លាននាក់។ នៅឥណ្ឌា ភាសានេះត្រូវគេប្រើប្រាស់ច្រើន​ជាងគេ បន្ទាប់ពី​​ភាសាហិណ្ឌី។

៦. ភាសាអារ៉ាប់ស្តង់ដាទំនើប (Modern Standard Arabic)

អារ៉ាប់ជាភាសាផ្លូវការនៃប្រទេសច្រើនជាង២០ នៅលើពិភពលោក ភាគច្រើននៅមជ្ឈិមបូព៌ា និងនៅភាគខាងជើងអាហ្វ្រិក។ អារ៉ាប់ក៏ជា​ភាសាដែលមានច្រើនប្រភេទដែរ ដោយក្នុងនោះប្រភេទដែលមានអ្នកនិយាយច្រើនជាងគេ គឺភាសាអារ៉ាប់ស្តង់ដា ដែលមានអ្នកនិយាយ​​​ប្រមាណ២៧៤លាននាក់។

៥. ភាសាបារាំង (French)

​បារាំងជាភាសាផ្លូវការរបស់ប្រទេសជិត៣០។ ប្រទេសដែលមានអ្នកនិយាយភាសាបារាំងច្រើនជាងគេ គឺប្រទេសបារាំង បែលហ្ស៉ិក កាណាដា និងស្វីស។ ភាសានេះ ក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅតាមតំបន់នៃអាហ្រ្វិកកណ្តាលនិងខាងលិច តំបន់សមុទ្រការីបង់ និងអាមេរិកខាងត្បូងផងដែរ។ នៅទូទាំងពិភពលោកមាន អ្នកនិយាយភាសាបារាំងប្រមាណ២៨០លាននាក់ ប៉ុន្តែក្នុងនោះវាជាភាសា​ដើមកំណើតរបស់មនុស្ស៨០លាននាក់។

៤. ភាសាអេស៉្បាញ (Spanish)

អេស៉្បាញ ជាភាសាធំជាងគេទី៤នៅលើពិភពលោក ហើយបើយើងគិតអំពីចំនួនអ្នកនិយាយវាជាភាសាដើមកំណើតវិញ គឺអេស៉្បាញនេះ​ហើយដែលឈរនៅលំដាប់ទីពីរ បន្ទាប់ពីភាសាចិនកុកងឺ។ សរុបជារួម មនុស្ស៥៤៨លាននាក់លើសកលោក និយាយភាសាអេស៉្បាញ ក្នុងនោះវាជាភាសាដើមកំណើតរបស់មនុស្ស៤៧៤លាននាក់។

៣. ភាសាហិណ្ឌី (Hindi)

ហិណ្ឌីជាភាសា ដែលមានអ្នកនិយាយសរុបប្រមាណ៦០២លាននាក់ ក្នុងនោះវាជាភាសាដើមកំណើតរបស់មនុស្សខ្ទង់៣៤៣លាននាក់។ ភាសានេះភាគច្រើន ត្រូវបានប្រើប្រាស់ដោយអ្នកកាន់សាសនាហិណ្ឌូនៅប្រទេសឥណ្ឌា។ វាជាភាសាផ្លូវការរបស់ឥណ្ឌា ហើយត្រូវគេប្រើ​នៅតាមប្រទេសដូចជា ហ្វីជី (Fiji), នេប៉ាល់, ហ្គីយ៉ាណា (Guyana) និងម៉ូរីស (Mauritius) ជាដើម។ មានពាក្យជាច្រើនក្នុងភាសា​អង់គ្លេស ដែលជាកញ្ចីពីភាសាហិណ្ឌី ដូចជាពាក្យ guru, karma, yoga, jungle, avatar និង bungalow ជាដើម។

២. ភាសាចិនកុកងឺ (Mandarin)

ភាសាចិនគឺមានច្រើនប្រភេទ ដែលក្នុងនោះភាសាចិនកុកងឺ (Mandarin) និងចិនកាតាំង (Cantonese)។ ភាសាចិនកុកងឺ មានអ្នកនិយាយ​​សរុបចំនួន១.១២លាននាក់ គឺច្រើនបំផុតបន្ទាប់ពីភាសាអង់គ្លេស។ មូលហេតុចម្បងនោះ គឺដោយសារតែចំនួនប្រជាជនចិនដ៏ច្រើនខ្លាំង។ ក្នុងនោះអ្នកនិយាយ៩២៩លាននាក់ គឺជាជនជាតិចិនផ្ទាល់។ ភាសាចិនកុកងឺ គឺជាភាសាផ្លូវការរបស់ប្រទេសចិន កោះតៃវ៉ាន់ និងសិង្ហបុរី ចំណែក ភាសាចិនកាតាំង ជាភាសាផ្លូវការប្រើប្រាស់នៅ ទីក្រុងហុងកុងនិង​ក្រុង​ម៉ាកាវ ជាចម្បង។

១. ភាសាអង់គ្លេស (English)

អង់គ្លេសគឺជាភាសា ដែលមានអ្នកនិយាយចំនួន១.៤៥ពាន់លាននាក់ នៅពាសពេញពិភពលោក។ អង់គ្លេសមិនសូវមានអ្នកប្រើប្រាស់វា ជា ភាសាដើមកំណើត (Native Speaker) ច្រើនប៉ុន្មាននោះទេ គឺ៣៧២លាននាក់ តែត្រូវបានប្រើយ៉ាងទូលំទូលាយបំផុត ដើម្បីធ្វើជាភាសាទីពីរ ព្រោះវាជាភាសាអន្តរជាតិ។ ប្រទេសជាច្រើនបានប្រើ ភាសាអង់គ្លេស ជាភាសាផ្លូវការរបស់ពួកគេ បើទោះបីជាវាមិនមែនជា ភាសាដើម កំណើតពួកគេក៏ដោយ។

តួយ៉ាងបណ្តាប្រទេសនៅអាហ្រ្វិក ដែលមានកុលសម្ព័ន្ធច្រើនខុសៗគ្នា បានសម្រេចជ្រើសរើសយកអង់គ្លេស ជាភាសាស្តង់ដារបស់ខ្លួន។ ភាពគ្រប​ដណ្តប់នៃភាសាអង់គ្លេសនៅជុំវិញពិភពលោក គឺដោយសារតែប្រវត្តិសាស្រ្តនៃការដើរដាក់អាណានិគមរបស់ចក្រភពអង់គ្លេស បូករួមជាមួយ​​ឥទ្ធិពលនៃវប្បធម៌និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលប្រើប្រាស់ភាសាអង់គ្លេសដែរ។

នៅសហរដ្ឋអាមេរិក អេស៉្បាញគឺជាភាសាមានអ្នកនិយាយច្រើនជាងគេ បន្ទាប់ពីភាសាអង់គ្លេស។ អាមេរិកមានអ្នកនិយាយអេស៉្បាញជា​ភាសាដើមកំណើត៤០លាននាក់ ធ្វើឲ្យអាមេរិកជាប់ឈ្មោះជា ប្រទេសមានអ្នកនិយាយអេស៉្បាញច្រើនជាងគេទីពីរ បន្ទាប់ពីម៉ិកស៉ិក ហើយអាចនឹង​វ៉ាម៉ិចស៉ិកនៅពេលខាងមុខ៕