(ភ្នំពេញ)៖ សំណួរជាច្រើនបានចោទសួរថា តើគេលាងលុយកខ្វក់ (Dirty Money) ដោយរបៀបណា? តាមពិតទៅ គ្មាននរណាម្នាក់អាចឆ្លើយនឹងសំណួរនេះបានឡើយ ទោះបីជាគេបានដឹងអំពីវិធីនៃការលាងលុយកខ្វក់ ក៏គេនៅតែពិបាកក្នុងការចាប់កំហុសកម្មភាពនេះខ្លាំងណាស់ ព្រោះវាមានលក្ខណៈស្មុគស្មាញជាពន់ពេក។

ទោះជាយ៉ាងណាក៏ដោយ Fresh News Plus នឹងបង្ហាញពីវិធីសាស្ត្រយ៉ាងពេញនិយម ដែលពួកឧក្រិដ្ឋជនប្រើប្រាស់ដើម្បីលាងលុយកខ្វក់ ដូចខាងក្រោមនេះ៖

ជាបឋម គេគួរឈ្វេងយល់ពីអត្ថន័យនៃពាក្យ «ការលាងលុយកខ្វក់» ជាមុនសិន។ ការលាងលុយកខ្វក់ មានន័យថា គឺជាអំពើអនីត្យានុកូល (ខុសច្បាប់) នៃការធ្វើឲ្យចំនួនលុយខុសច្បាប់ជាច្រើនដែលបានមកពីឧក្រិដ្ឋកម្ម ដូចជា ការជួញដូរគ្រឿងញៀន ការរត់ពន្ធទំនិញ និងការធ្វើភេរវកម្ម ឲ្យមើលទៅក្លាយទៅលុយនីត្យានុកូល (ឬស្របច្បាប់) វិញ។ ពួកឧក្រិដ្ឋជនបានប្រើវិធីសាស្ត្រជាច្រើន ដើម្បីលាងលុយកខ្វក់របស់ខ្លួន។

ការលាងលុយកខ្វក់ប្រព្រឹត្តទៅតាម ៣ ជំហាន ដូចខាងក្រោមនេះ៖
* ជំហានទី១ គេហៅថា Placement៖ មានន័យថា ដាក់លុយកខ្វក់ទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុស្របច្បាប់។
* ជំហានទី២ គេហៅថា Layering៖ មានន័យថា ដកយកលុយទាំងនោះម្តងហើយម្តងទៀត តាមរយៈប្រតិបតិ្តការនានា។
* ជំហានទី៣ គេហៅថា Integration៖ មានន័យថា លុយកខ្វក់ដែលត្រូវបានលាងសម្អាត ត្រូវបានដកចេញពីគណនេយ្យស្របច្បាប់ ហើយពួកឧក្រិដ្ឋជនយកទៅប្រើប្រាស់តាមអ្វីដែលគេចង់បាន។

វិធីសាស្ត្រយ៉ាងពេញនិយម ដើម្បីលាងលុយកខ្វក់មានអ្វីខ្លះ?

* លាងលុយតាមរយៈការបំបែកលុយ (Money Laundering Variants)
នៅក្នុងទម្រង់ទូទៅមួយនៃការលាងលុយកខ្វក់ គេហៅថា Smurfing (ឬគេស្គាល់ទូទៅថា Structuring)។ បច្ចេកទេសនេះ គឺឧក្រិដ្ឋជនបំបែកលុយទៅជាទំហំតូចៗ ដែលជារឿយៗចែកចាយវាទៅតាមគណនេយ្យខុសៗគ្នា។ ការធ្វើបែបនេះ ដើម្បីគេចចេញពីការស៉ើបអង្កេត ព្រោះគេតម្រូវឲ្យធនាគារមួយ ត្រូវប្រកាសទៅអាជ្ញាធរនៃប្រទេសនោះពីភាពមិនប្រក្រតី បើឃើញមានការផ្ញើប្រាក់ និងវេរប្រាក់នៅកន្លែងខ្លួនច្រើនគួរឲ្យសង្ស័យ។

ការលាងលុយកខ្វក់ អាចត្រូវបានដំណើរការតាមរយៈការដូររូបិយប័ណ្ណ និងការនាំយកលុយសុទ្ធឆ្លងកាត់ព្រំដែន ដើម្បីដូរយកលុយបរទេសនៅប្រទេសផ្សេងទៀត ដែលមិនសូវយកចិត្តទុកដាក់ លើសកម្មភាពលាងលុយកខ្វក់។ មធ្យោបាយផ្សេងទៀតនៃការលាងលុយកខ្វក់ គឺពាក់ព័ន្ធនឹងការវិនិយោគលើវត្ថុមានតម្លៃ ដូចជាត្បូង និងមាស និងការវិនិយោគផ្សេងទៀត ដូចជាអចលនទ្រព្យ និងការបើកបនល្បែងជាដើម។

* ការលុយកខ្វក់តាមរយៈលុយអេឡិចត្រូនិច (Electronic Money Laundering)
ការលុយកខ្វក់នេះទៀតសោត ក៏អាចត្រូវបានលាងសម្អាតតាមរយៈការដេញថ្លៃ និងទិញទំនិញតាមអ៉ីនធើណេត គេហទំព័រល្បែងស៉ីសង និងអាជីវកម្មអនឡាញជាច្រើនទៀត។ ប្រការនេះ នាំឲ្យលុយកខ្វក់ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងសកម្មភាពខាងលើនេះ បម្លែងខ្លួនទៅជាលុយដែលបរិសុទ្ធ និងដកយកមកប្រើប្រាស់បានវិញ។

លុយ cryptocurrencies ដែលជាក់ស្តែងពួក Bitcoins កំពុងតែក្លាយជាសកម្មភាពលាងលុយកខ្វក់យ៉ាងពេញនិយមលើអ៉ីនធើណេត។ ច្បាប់ប្រឆាំងការលាងលុយកខ្វក់ (AML) មានភាពយឺតយ៉ាវក្នុងការចាប់កំហុសលើប្រភេទឧក្រិដ្ឋកម្ម តាមប្រព័ន្ធអ៉ីនធើណេតទាំងនេះណាស់ ពីព្រោះច្បាប់ភាគច្រើននៅតែផ្តោតលើការចាប់លុយខុសច្បាប់ នៅតាមធនាគារ។

ទោះជាយ៉ាងនេះក្តី នៅសម័យថ្មីនេះដែរ បណ្តាប្រទេសនានាសុទ្ធតែចាប់អារម្មណ៍លើការលាងលុយកខ្វក់តាមរយៈសកម្មភាពខាងលើ ដោយបង្កើតជាច្បាប់មួយ ដែលគេហៅថា បទល្មើសបច្ចេកវិទ្យា (cybercrimes)។

* វីធីសាស្ត្រសាមញ្ញៗ
មានវិធីសាស្ត្រជាច្រើនដើម្បីលាងលុយកខ្វក់ ផ្តើមចេញវិធីសាមញ្ញទៅវិធីសាំញ៉ាំ។ ទិចនិចសាមញ្ញមួយក្នុងចំណោមទិចនិចជាច្រើនទៀតនោះ គឺត្រូវប្រើអាជីវកម្មស្របច្បាប់។ ឧទាហរណ៍ ប្រសិនបើឧក្រិដ្ឋជនបើកហាងរកស៉ីមួយកន្លែង គាត់អាចបំប៉ោងបង្កាន់ដៃទទួលប្រាក់ប្រចាំថ្ងៃ ដើម្បីយកលុយទាំងនោះទៅដាក់ក្នុងគណនេយ្យហាងនោះ។ ក្រោយមកទៀត លុយទាំងនោះអាចដកយកមកប្រើប្រាស់តាមសេចក្តីត្រូវការ។

សូមបញ្ជាក់ថា លុយខុសច្បាប់ចែកចេញជា ២ ប្រភេទ គឺលុយខ្មៅ (Black Money) និងលុយកខ្វក់ (Dirty Money) ។ លុយខ្មៅ ជាលុយដែលបានមកដោយមិនមានប្រភពត្រឹមត្រូវ ដែលមិនអនុញ្ញាតឲ្យមានការតាមដានបាននោះទេ និងរឹតតែមិនបានកាត់ពន្ធជូនរដ្ឋថែមទៀត ពោលវាជាប្រភេទលុយដែលមានការលាក់បាំងពីរដ្ឋ។ លុយកខ្វក់ គឺជាលុយបានមកពីឧក្រិដ្ឋកម្ម ដូចជាការជួញដូរគ្រឿងញៀន ការរត់ពន្ធគយ ការជួញដូរមនុស្ស និងអំពើពុករលួយ ហើយបន្ថែមលើនេះ លុយខ្មៅក៏អាចត្រូវបានចាត់ទុកថាជាលុយកខ្វក់ផងដែរ។

សហរដ្ឋអាមេរិក គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៧ (G7) ដែលបានផ្តួចផ្តើមបង្កើតឲ្យក្រុមការងារសកម្មភាពហិរញ្ញវត្ថុប្រឆាំងនឹងការលាងលុយកខ្វក់ (FATF) ប៉ុន្តែបើតាមរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ (TI) ដែលបានផ្សាយនៅចុងឆ្នាំ២០២០ បញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាទីកន្លែងដែលមានការលាងលុយកខ្វក់ច្រើនជាងគេបំផុត៕