(ភ្នំពេញ)៖ រដ្ឋអាឡាស្កា (Alaska) ត្រូវបានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដាក់បញ្ចូលជារដ្ឋទី៤៩ នៅឆ្នាំ១៩៥៩ ក្រោយសហរដ្ឋអាមេរិកទិញពីចក្រភពរុស្ស៊ីកាលពីឆ្នាំ១៨៦៧ ក្នុងតម្លៃត្រឹមតែ ៧,២០០,០០០ ដុល្លារអាមេរិកតែប៉ុណ្ណោះ ដែលកាលនោះមិនសូវមានអ្នកណាឃើញពីតម្លៃដ៏មហាសាលកប់ក្រោមដី និងសមុទ្រនៃដែនដីនេះនោះឡើយ ទើបតែក្រោយមក អាឡាស្កាបានបន្សល់ទុកនូវក្ដីសោកស្ដាយយ៉ានពន់ពេកសម្រាប់សហព័ន្ធរុស្ស៊ី និងបានផ្ដល់នូវភាពរុងរឿងផ្នែកសេដ្ឋកិច្ច នយោបាយ ឧស្សាហកម្ម យុទ្ធោបករណ៍ ទេសចរណ៍ និងវិស័យផ្សេងទៀតសម្រាប់សហរដ្ឋអាមេរិក រហូតក្លាយជាមហាអំណាចដ៏សម្បើមប្រចាំភពផែនដី។

តើឈ្មោះអាឡាស្កាបានមកពីណា? តើទឹកដីអាឡាស្កា ឬរដ្ឋអាឡាស្កានេះមានប្រវត្តិយ៉ាងដូចម្ដេចខ្លះ? តើមូលហេតុអ្វីបានជារុស្ស៊ីឆោតល្ងង់លក់អាឡាស្កាទៅឱ្យសហរដ្ឋអាមេរិក? ហើយអាឡាស្កាផ្ដល់នូវភាពរុងរឿងដល់សហរដ្ឋអាមេរិកយ៉ាងណាខ្លះនោះ? សូមស្វែងយល់នូវរឿងរ៉ាវសង្ខេបដូចតទៅនេះ។

ពួកអាណានិគមរុស្ស៊ីបានហៅឧបទ្វីបនេះថា អាលីយ៉ាស្កា (Alyaska) ឬ អាលីយ៉ាក្សា (Alyaksa) គឺហៅតាមភាសាជនជាតិអាលើត (Aleut) ដែលជាជនជាតិដើមលើទឹកដីនេះ។ នៅពេលទឹកដីអាលីយ៉ាស្កាក្លាយជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានហៅឈ្មោះរដ្ឋទី ៤៩ របស់ខ្លួននេះថា «អាឡាស្កា» វិញ។

* របកគំហើញអាឡាស្កាដំបូង៖

ទឹកដីអាឡាស្កា ត្រូវបានរកឃើញដំបូងក្នុងពេលដែលក្រុមអ្នករុករកមួយក្រុម ចំណុះក្រោមរាជការចក្រភពរុស្ស៊ីជិះនាវាដាណឺម៉ាកឈ្មោះ វីទូសបឺរីង (Vitus Bering) ទៅដល់ដែនកោះ និងដែនគោកអាឡាស្កានៅឆ្នាំ១៧៤១។ រហូតដល់ឆ្នាំ១៧៨៤ កងទ័ពអាណានិគមរុស្ស៊ីបានឡើងច្រាំងចូលទន្ទ្រានលុកលុយមកលើជនជាតិអាលើត។ ដោយរងការកាប់បាញ់សម្លាប់ពីកងទ័ពអាណានិគមផង និងឆ្លងជំងឺពីជនជាតិខាងក្រៅនេះផងនោះ ធ្វើឱ្យជនជាតិអាលើតលើដីអាឡាស្កាបានរងគ្រោះយ៉ាងខ្លាំង។

ក្នុងពេលធ្វើអាណានិគមនៅលើទ្វីបអាមេរិកខាងជើងនេះ រុស្ស៊ីបានទាញផលប្រយោជន៍ខ្លះដែរពីការធ្វើពាណិជ្ជកម្ម រហូតដល់ពេលខ្លះ ពោលគឺនៅអំលុងឆ្នាំ១៨១២ ជនជាតិរុស្ស៊ីក៏ធ្លាប់តាំងទីលំនៅក្បែរឆ្នេរបូដេហ្គា (Bodega) ដែលបច្ចុប្បន្ននៅក្នុងរដ្ឋកាលីហ្វរញ៉ាផងដែរ ដើម្បីទាញផលចំណេញពីការធ្វើជំនួញពាណិជ្ជកម្ម ប៉ុន្តែត្រូវបានកងទ័ពអង់គ្លេស និងសហរដ្ឋអាមេរិកដេញឱ្យថយទៅភាគខាងជើងវិញ។

* អាឡាស្កា ពីដែនអាណានិគមរបស់ចក្រភពរុស្ស៊ីទៅជារដ្ឋទី ៤៩ របស់សហរដ្ឋអាមេរិក៖

រាជការព្រះចៅត្សាអាឡិចហ្សង់ទី១ (Tsar Alexander I 1801-1825) ព្រះចៅនីកូឡាសទី១ (Nicholas I 1825-1855) និងពាក់កណ្ដាលនៃរជ្ជកាលព្រះចៅត្សាអាឡិចហ្សង់ទី២ (Tsar Alexander II 1855-1881) សុទ្ធតែបានគ្រប់គ្រងលើដែនដីអាឡាស្កានេះ។

មុនការទិញលក់ទឹកដីដ៏កម្សត់មួយនេះ មន្ត្រីជាន់ខ្ពស់របស់ព្រះចៅត្សាអាឡិចហ្សង់ទី២ បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចរចាអំពីការលក់ទឹកដីអាឡាស្កា នាកំលុងពេលដែលសហរដ្ឋអាមេរិកស្ថិតក្នុងអាណត្តិរបស់ប្រធានាធិបតីទី១៥ លោក ជេមីស ប៊ូខាណិន (James Buchanan 1857–1861) ប៉ុន្តែការចរចាត្រូវបានជាប់គាំងដោយសារការផ្ទុះសង្គ្រាមស៊ីវិលនៅសហរដ្ឋអាមេរិក (១៨៦១-១៨៦៥)។

ក្រោយចប់សង្គ្រាមស៊ីវិលខាងលើនេះ កិច្ចចរចារវាងសហរដ្ឋអាមេរិក និងចក្រភពរុស្ស៊ីស្ដីពីការទិញលក់ទឹកដីអាឡាស្កាត្រូវបានបន្តឡើងវិញ ប៉ុន្តែហាក់មានភាពយឺតយ៉ាវ។ ទាល់តែដល់ខែមេសា ឆ្នាំ១៨៦៧ ទើបព្រឹទ្ធសភាបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាទិញលក់ទឹកដីអាឡាស្កានេះ ដោយទទួលបានសំឡេងឆ្នោតលើសតែ ១ សំឡេងគត់ប៉ុណ្ណោះ។

នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៨៦៧ សហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងទិញទឹកដីអាឡាស្កាពីចក្រភពរុស្ស៊ី ក្នុងតម្លៃត្រឹមតែ ៧,២០០,០០០ ដុល្លារសហរដ្ឋអាមេរិក (បើគិតមកសម័យបច្ចុប្បន្នស្មើនឹងប្រមាណ ១០០,០០០,០០០ ដុល្លារ)។ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក វីល្លៀម សិវ៉ឺដ (Walliam H. Seward) និងភារធារីនៃស្ថានទូតចក្រភពរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក លោក អេឌូអាដ៍ ដឺស្តុកល៍ (Edouard de Stoeckl)។

ទោះបីជាតម្លៃតថ្លៃប្រហែល ២ សេនក្នុងមួយហិចតាក៏ដោយ ក៏ការទិញទឹកដីអាឡាស្កានេះនៅតែមានទទួលរងនូវការត្មិះដៀលពីសំណាក់ក្រុមអ្នករិះគន់សហរដ្ឋអាមេរិក ដោយពួកគេបានចាត់ទុកទង្វើនេះថាជា «ភាពល្ងង់ខ្លៅបំផុត ឬ Seward’s folly» ដែលសហរដ្ឋអាមេរិកយកលុយរាប់លានដុល្លារ ទៅទិញដីដែលពោរពេញដោយទឹកកកគ្មានប្រយោជន៍ ហើយនៅឆ្ងាយពីដែនដីដើមរបស់សហរដ្ឋអាមេរិកទៀតនោះ។

* មូលហេតុដែលរុស្ស៊ីដាច់ចិត្តលក់ទឹកដីអាឡាស្កាទៅឱ្យសហរដ្ឋអាមេរិក៖

នាកំលុងពេលនោះ ប្រហែលជាគ្មានជនជាតិរុស្ស៊ីណាដឹងថា «អាឡាស្កាជាឧបទ្វីបរ៉ែមាស និងសម្បូរធនធានប្រេងក្រោមសមុទ្រ» នោះទេ អ្វីដែលដក់ក្នុងកែវភ្នែករបស់មនុស្សទាំងនោះ អាឡាស្កាគ្រាន់តែជាជ្រោយទឹកកកនាតំបន់ប៉ូលខាងជើងប៉ុណ្ណោះ ទើបពួកគេដាច់ចិត្តលក់វាទៅឱ្យសហរដ្ឋអាមេរិកយ៉ាងដូច្នេះ។

ទី១៖ រុស្ស៊ីធ្លាប់បានពិចារណាថា តើគួររក្សាទឹកដីអាឡាស្កាទៀតដែរឬទេ? ពីព្រោះដែនដីដែលភាគច្រើនពោរពេញដោយភ្នំទឹកកកនេះនៅដាច់ឆ្ងាយពីរាជធានីមូស្គូ (Moscow) ពោលគឺនៅភាគខាងកើតតំបន់ស៊ីបេរី ដែលត្រូវធ្វើដំណើរឆ្លងសមុទ្រយ៉ាងឆ្ងាយទើបទៅដល់ ខណៈទីក្រុងមូស្គូស្ថិតនៅឯនាយភាគខាងលិចមួយចំហៀងចក្រភព។

ទី២៖ ដែនសីមាចក្រភពស្ថិតនៅទ្វីបអឺរ៉ុប ប៉ុន្តែទឹកដីអាឡាស្កាបែរជាស្ថិតនៅទ្វីបអាមេរិកខាងជើងទៅវិញ ប្រសិនបើមានការឈ្លានពានពីសំណាក់កងទ័ពបរទេស ច្បាស់ណាស់ថាកងទ័ពរបស់រុស្ស៊ីប្រាកដជាពិបាកក្នុងការទប់ទល់ ការពារដែនដីដែលសឹងតែគ្មានប្រជាជនរស់នៅនេះ។ នេះក៏ជាចំណុចពិចារណាមួយធ្វើឱ្យរុស្ស៊ីដាច់ចិត្តលះបង់អាឡាស្កាផងដែរ។

ទី៣៖ កំលុងពេលចក្រភពរុស្ស៊ីជួបវិបត្តិសង្គ្រាមនៅតំបន់គ្រីមៀ (Crimea) រាជការក្រុងមូស្គូរបស់ព្រះចៅនីកូឡាសទី១ ខំត្រដររ៉ាប់រងបន្ទុកយ៉ាងធ្ងន់ធ្ងរ ណាមួយត្រូវដោះស្រាយវិបត្តិគ្រីមៀផង ណាមួយត្រូវយកចិត្តទុកដាក់ចំពោះដែនដីអាឡាស្កាដ៏សែនឆ្ងាយថែមទៀត។ លុះដល់ក្រោយវិបត្តិគ្រីមៀនៅឆ្នាំ១៨៥០ ពិសេសនៅចុងរជ្ជកាលព្រះចៅនីកូឡាសទី១ រាជការចក្រភពរុស្ស៊ីស្ទើរតែរលំដួល ព្រោះតែបន្ទុកធំៗទាំងពីរខាងលើនេះ។ ម្ល៉ោះហើយ រុស្ស៊ីក៏កាន់តែបាត់បង់ចំណាប់អារម្មណ៍ ក្នុងការរក្សាដែនដីអាឡាស្កាថែមទៀត។

* របកគំហើយថ្មីលើដីអាឡាស្កា៖

ក្រោយទិញពីចក្រភពរុស្ស៊ីបានហើយ អាឡាស្កាប្រៀបដូចជាក្មេងតាមចិញ្ចើមថ្នល់ដែលត្រូវអ្នកមានម្នាក់រើសយកមកចិញ្ចឹម ហើយត្រូវបានកូនចៅម្ចាស់ផ្ទះស្អប់ខ្ពើមយ៉ាងអញ្ចឹង ពីព្រោះមិនសូវមានប្រជាជនសហរដ្ឋអាមេរិកទៅរស់នៅឡើយ ម្យ៉ាងនៅឆ្ងាយពីដែនដីដើមនៃសហរដ្ឋ អាកាសធាតុក៏ត្រជាក់ខ្លាំង មិនអំណោយផលដល់ការរស់នៅយូរអង្វែង ចំណែករដ្ឋាភិបាលក៏មិនទាន់ចាត់បញ្ចូលជារដ្ឋពេញលេញដូចរដ្ឋដទៃទៀតនៅឡើយដែរ។

រហូតដល់ឆ្នាំ១៨៩០ មានប្រជាជនសហរដ្ឋអាមេរិកខ្លះបានទៅដល់ទីនោះ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ ពួកគេបានរកឃើញរ៉ែមាសក្រោមដីដ៏ច្រើនសន្ធឹកសន្ធាប់ ហើយចាប់ផ្ដើមមានអ្នករុករកមាសជាច្រើនបានទៅរស់នៅលើទឹកដីនេះ។ ក្រៅពីរ៉ែមាស និងធនធានធម្មជាតិនៅលើដី អាឡាស្កាក៏សម្បូរទៅដោយប្រេងនៅក្រោមបាតសមុទ្រ និងធនធានរ៉ែជាច្រើនប្រភេទទៀត ដែលធ្វើឱ្យលេចឡើងនូវឧស្សាហកម្មរ៉ែ ជំរុញសេដ្ឋកិច្ចសហរដ្ឋអាមេរិកឱ្យកាន់តែរីកចម្រើនឈានឡើង អាចនិយាយបានថា ធនធានរ៉ែនៅទឹកដីមួយនេះជាកាតាលីករជំរុញការរីកចម្រើនសេដ្ឋកិច្ច និងគ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិកផងដែរ។

ជាមួយនឹងការជួយជំរុញការរីកចម្រើនសេដ្ឋកិច្ចនេះហើយ ទើបដាស់ស្មារតីឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលស្ថិតក្រោមអាណត្តិប្រធានាធិបតីទី៣៤ លោក ដ្វាយត៍ ឌីអាយសិនហោវ្វឺរ (Dwight D. Eisenhower 1953-1961) បានបញ្ចូលអាឡាស្កាជារដ្ឋទី៤៩ នៃសហរដ្ឋអាមេរិក នាថ្ងៃទី០៣ ខែមករា ឆ្នាំ១៩៥៩។

* រដ្ឋអាឡាស្កា និងសក្ដានុពលទេសចរណ៍៖

ជាមួយនឹងការរីកចម្រើនរហូតក្លាយជាមហាអំណាចសេដ្ឋកិច្ច និងសព្វាវុធលេខមួយលើពិភពលោក រដ្ឋអាឡាស្កាបានលេចចេញនូវសក្ដានុពលអេកូទេសចរណ៍យ៉ាងទាក់ទាញបំផុត ដោយសារតែរដ្ឋទី៤៩នេះពោរពេញទៅដោយទេសភាពធម្មជាតិ ដូចជា បឹងធម្មជាតិ ឆ្នេរសមុទ្រ តំបន់ Midnight of Sun ស្ទឹង ទន្លេ ភ្នំទឹកកក សត្វព្រៃ និងតំបន់ទេសចរណ៍ច្រើនកន្លែងទៀត៕