(ភ្នំពេញ)៖ នៅពេលដែលយើងនឹកដល់ឈ្មោះស្លាកសញ្ញា Gucci ភាគច្រើនយើងអាចនឹងនឹកដល់ម៉ូតសម្លៀកបំពាក់ដែលត្រូវបានកែច្នៃឡើងដោយលោក Alessandro Michele ឬម៉ូដសម្លៀកបំពាក់របស់លោក Tom Ford។

ជាការពិតណាស់មុននឹងអ្នកច្នៃម៉ូដសម្លៀកបំពាក់មានកេរ្តិ៍ឈ្មោះទេពកោសល្យជាច្រើន មានវត្តមានចូលរួមក្នុងការរៀបចំប្រត្តិបត្តិការ ដើរម៉ូដសម្លៀកបំពាក់ដ៏ល្បីល្បាញលើពីភពលោកនោះ ដំបូងឡើយវាត្រឹមតែជាហាងរចនាម៉ូដសម្លៀកបំពាក់តូចតាចមួយប៉ុណ្ណោះ។

លោក Guccio Gucci កើតនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ១៨៨១ គឺជាបុគ្គលិកយួរអីវ៉ាន់ធ្វើការនៅក្នុងសណ្ឋាគារ Savoy ឯទីក្រុងឡុង ប៉ុន្តែចុងក្រោយលោកក៏បានសម្រេចចិត្តវិលទៅប្រទេសកំណើតរបស់លោកវិញ ដោយធ្វើនៅក្នុងហាងលក់វ៉ាលីមួយកន្លែងក្នុងទីក្រុងហ្វ្ល័រ៉ង់ (Florence) ប្រទេសអ៉ីតាលី ដែលមានស្លាកយីហោឈ្មោះថា Franzi។ រហូតដល់ឆ្នាំ១៩២១ លោកបានសម្រេចចិត្តបើកហាងដែលមានស្លាកយីហោថ្មីមួយជារបស់ខ្លួនឯងតែម្ដង។

ដំណាក់កាលដំបូង អាជីវកម្មរបស់លោក Gucci ត្រឹមជាអ្នកផលិតសម្ភារគ្រឿងសម្រាប់កីឡាជិះសេះតែប៉ុណ្ណោះ ដែលភាគច្រើនត្រូវបានកែច្នៃធ្វើឡើងពីពពួកប្រភេទស្បែកដ៏ល្អបំផុតរបស់ប្រទេសអ៉ីតាលី។ ការរចនាម៉ូដរបស់លោកកាន់តែទទួលបានប្រជាប្រិយភាពជាខ្លាំងឡើងថែមទៀត នៅពេលដែលលោកបានពង្រីកទីផ្សារអាជីវកម្មវាយនភណ្ឌបន្ថែមទៀត ដោយមានពួកអភិជនអង់គ្លេសជាអ្នកគាំទ្រដ៏សំខាន់។ ពេលនោះលោកក៏បាននាំកូនប្រុសទាំងបីរបស់លោកឈ្មោះ Aldo, Vasco និង Rodolfo ដើម្បីចូលរួមចំណែកក្នុងអាជីវកម្មមួយនេះផងដែរនាអំឡុងឆ្នាំ១៩៣៨ ហើយពួកគេត្រូវបានប្រគល់តួនាទីឱ្យពង្រីកទីតាំងអាជីវកម្មនៃស្លាកយីហោរបស់ឪពុកខ្លួនមួយនេះ ដើម្បីនាំចូលទៅកាន់ទីផ្សារអន្តរជាតិ។ មិនយូរប៉ុន្មាន ស្លាកយីហោ Gucci ត្រូវបានទទួលស្គាល់ក្នុងទីផ្សារបរទេសដទៃទៀត ដូចជាទីក្រុងរ៉ូម និងទីក្រុងមីឡាន (Milan) ជាដើម។

នៅពាក់កណ្តាលទសវត្សឆ្នាំ១៩៣០ វត្ថុធាតុដើមក្នុងការផលិតមានផលវិបាកក្នុងការនាំចូលមកដោយសារមានបញ្ហារកាំរកូសទៅនឹងប្រទេសអ៉ីតាលី ដូច្នេះហើយលោក Gucci បានចាប់ផ្តើមផ្លាស់ប្ដូរវាយនភណ្ឌសម្រាប់ការផលិតថ្មីដែលលោកពុំធ្លាប់អនុវត្តពីមុនមក ពេលនោះលោកបានបង្កើតបានជាគំនិតនៃការបោះពុម្ព Gucci ដំបូងបំផុតទៅលើក្រណាត់តម្បាញដែលរួមច្នៃជាមួយនឹងគ្រាប់ពេជ្រពណ៌ត្នោតតូចៗ។ ប្រភេទកាបូបឫស្សីដ៏ល្បីល្បាញក៏ត្រូវបានបង្កើតឡើងក្នុងស្ថានភាពកាលៈទេសៈស្រដៀងកាលពីឆ្នាំ១៩៤៧។ រហូតដល់ការបញ្ចប់សង្គ្រាមលោកលើកទី២ ម្ចាស់ស្លាកយីហោ Gucci បានរកឃើញប្រភេទឫស្សីជប៉ុនដែលអាចយកមកប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ការរចនាកែច្នៃចេញជាកាបូបយួរដៃបាន។

លោក Guccio បានទទួលមរណភាពក្នុងឆ្នាំ១៩៥៣ ក្រោយរយៈពេល១៥ថ្ងៃ បន្ទាប់ពីការបើកសាខាថ្មីដំបូងរបស់លោកក្នុងទីក្រុងញូវយ៉ក។ ប៉ុន្តែទោះជាលោកបានបាត់បង់ជីវិតក្ដី ក៏កេរ្តិ៍ឈ្មោះស្លាកយីហោរបស់លោកនៅតែបន្តរីកដុះដាលឈានចូកមកឈរជើងក្នុងទីផ្សារសហរដ្ឋអាមេរិក និងត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងពីអតិថិជននៅទីនោះ។

ក្នុងទសវត្ស៧០ ស្លាកយីហោ Gucci មានបំណងវាយលុកទីផ្សារភាគខាងកើតវិញម្ដង ដោយចាប់ផ្ដើដំបូងពីទីក្រុងតូក្យូ បន្ទាប់មកទីក្រុងហុងកុង ប៉ុន្តែយុគសម័យដែលពោរពេញទៅដោយភាពជោគជ័យ ហាក់ដូចជាត្រូវបានបញ្ចប់មួយរំពេច។ ម្ចាស់ស្លាកយីហោ គឺបងប្អូនប្រុសទាំងពីរនាក់មានការឈ្លោះប្រកែកគ្នាឥតឈប់ឈរ នៅពេលនោះកូនប្រុសរបស់ Rodolfo គឺ Aritzio បានឡើងកាន់កាប់ក្រុមហ៊ុន និងបណ្តេញពូរបស់ខ្លួនចេញពីតំណែង គឺលោក Aldo ខណៈហាងរបស់ខ្លួនកំពុងប្រឈមនឹងវិបត្តិក្ស័យធន។

ក្រុមហ៊ុនទាំងមូលបានចូលរួមចំណែកដើម្បីស្ដារស្លាកយីហោ Gucci ឡើងវិញជាមួយនឹងកិច្ចពិភាក្សាពីអ្នកដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងនោះរួមមានលោក Mello ជាប្រធានផ្នែករចនាម៉ូដ ព្រមទាំងលោកស្រី Bergdorf Goodman ជាអតីតប្រធានបានចូលរួមក្នុងឆ្នាំ១៩៨៩ និងបាននាំក្រុមការងាររួមមកជាមួយមានដូចជាលោក Richard Lambertson ជាប្រធានផ្នែករចនាម៉ូដ លោក Neil Barrett ផ្នែករចនាម៉ូដសម្លៀកបំពាក់បុរស ព្រមជាមួយលោក Tom Ford ផ្នែករចនាម៉ូដសម្លៀកបំពាក់សម្រាប់នារី។ ក្រោមការដឹកនាំរបស់លោក Mello ស្លាកយីហោ Gucci ត្រូវបានបង្កើតកេរ្តិ៍ឈ្មោះសាជាថ្មីឡើងវិញ។ ប៉ុន្តែរយៈកាលកន្លងផុត ការរចនាម៉ូដសម្លៀកបំពាក់ដទៃទៀតរបស់លោក Mello ពុំសូវទទួលបានការពេញនិយមឡើយ។

លោក Tom Ford គឺជាអ្នករចនាច្នៃម៉ូដសម្លៀកបំពាក់ដ៏មានទេពកោសល្យមួយរូបដែលគេយល់ថាលោកជួយសង្គ្រោះដល់ស្លាកយីហោមួយនេះយ៉ាងពិតប្រាកដ។ លោកបានក្លាយជាប្រធាននាយកច្នៃម៉ូតរបស់ Gucci បន្ទាប់ពីការចាកចេញរបស់លោក Mello ប៉ុន្តែដោយសារតែមានភាពល្អក់កករជាមួយនឹងក្រុមហ៊ុន Pinault Printemps Redoute ដែលជាភ្នាក់ងារបានទិញយកស្លាកយីហោ Gucci ក្នុងឆ្នាំ២០០៤ លោក Ford បានសម្រេចចាកចេញ។

លោកស្រី Alessandra Facchinetti ក៏បានសម្រេចចិត្តចូលមកទទួលបន្ទុកបន្តទៅលើការរចនាម៉ូដសម្លៀកបំពាក់របស់នារីនេះ។ នាងបានបន្សល់ស្នាដៃចំនួន២ មុននឹងចាកចេញពីក្រុមហ៊ុនក្នុងឆ្នាំ២០០៥។

តំណែងទំនេររបស់លោកស្រីត្រូវបានបន្សល់ទុកដល់ Frida Giannini ឈានចូលមកកាន់កាប់បន្ត។ នាងគឺជាបុគ្គលិករបស់ក្រុមហ៊ុនតាំងពីឆ្នាំ២០០២មកម៉្លេះ វ័យ២៤ឆ្នាំក្នុងតំណែងប្រធាននាយករចនាកាបូបយួរដៃដែលវិស័យនេះបានផ្ដល់នូវផលចំណេញយ៉ាងច្រើនមកសម្រាប់ក្រុមហ៊ុន។ នាងត្រូវបានឡើងឋានៈទទួលមើលការខុសត្រូវគ្រប់ផ្នែកគ្រឿងបន្លាស់ទាំងមូលវិញម្ដង ដែលវាជាភាពជោគជ័យដ៏ធំធេងមួយរបស់ Giannini ក្នុងវិស័យការងាររបស់នាងនៅទីនោះ។

លោក Alessandro Michele អាចត្រូវបានគេប្រទះឃើញនៅក្នុងខ្សែវីដេអូភាពយន្តដោយលោកមានតួនាទីជាអ្នកដឹកនាំមួយផងដែរ។ លោក Michele ត្រូវបានក្រុមហ៊ុនប្រកាសឲ្យចូលកាន់កាប់តំណែងបន្តក្នុងឆ្នាំ២០១៥។ លោកបានធ្វើការក្នុងក្រុមហ៊ុនអស់រយៈពេលជាង១២ឆ្នាំមកហើយ ដោយបានត្រៀមខ្លួនរួចជាស្រេចក្នុងការកាន់កាប់តំណែងនេះ។ ជំហានដ៏ធំដំបូងរបស់លោក Michele គឺលោកបានធ្វើការច្រានចោលនូវការរចនាម៉ូដសម្លៀកបំពាក់បុរសទាំងអស់របស់នាង Giannini ហើយបានរៀបចំឡើងវិញទាំងស្រុងត្រឹមតែរយៈពេល៥ថ្ងៃប៉ុណ្ណោះមុននឹងការបង្ហាញម៉ូដក្នុងរដូវស្លឹកឈើជ្រុះ ឆ្នាំ២០១៥មកដល់។ មួយខែក្រោយមក ការរចនានូវម៉ូដសម្លៀកបំពាក់សម្រាប់នារីជាលើកដំបូងរបស់លោកត្រូវបានដាក់បង្ហាញក្នុងទីក្រុងមីឡាន ព្រមទាំងទទួលបានភាពជោគជ័យជាខ្លាំង។ ក្នុងរយៈពេលបួនឆ្នាំមកនេះលោក Michele បានប្រែក្លាយ Gucci ទៅជាស្លាកយីហោមួយដែលទទួលបានការគាំទ្រពីអតិថិជនជាខ្លាំង ជាមួយនឹងការរចនាម៉ូដសម្លៀកបំពាក់ពោរពេញដោយភាពរសនិយមថ្មីប្លែកទៅតាមរដូវកាលនីមួយៗរបស់យុគសម័យថ្មីនេះ៕