(ភ្នំពេញ)៖ កាក់ (Coin) គឺជារូបីយវត្ថុមួយប្រភេទសម្រាប់ចាយវាយ ទិញដូរទំនិញ/ផលិតផល តាំងពីបុរាណកាលរហូតដល់ពេលបច្ចុប្បន្ន ប៉ុន្តែកាក់មានការវិវត្តទៅតាមសម័យកាលផ្សេងៗពីគ្នា។ តើកាក់ត្រូវបានប្រើប្រាស់ដំបូងនៅទីណា?

ប្រទេសចិន គឺជាប្រទេសដែលប្រើប្រាស់កាក់មុនដំបូងគេបង្អស់នៅលើពិភពលោក ដោយកាក់ទាំងនោះត្រូវបានផលិតផលឡើងយ៉ាងហោចណាស់ក៏ជាង៤,០០០ឆ្នាំដែរ, នេះបើយោងតាមសៀវភៅ វប្បធម៌ចិន៖ សម្ភារៈប្រើប្រាស់ និងជីវភាពប្រចាំថ្ងៃ។

សៀវភៅដដែលបានបន្តថា មុនពេលមានវត្តមានកាក់ មនុស្សយើងគឺផ្អែកលើការប្តូរផលិតផល ឬរបស់របរគ្នាទៅវិញទៅមក ប៉ុន្តែធ្វើដូចនេះវាមិនសូវជាងាយស្រួលប៉ុន្មានទេ ហេតុដូចនេះហើយទើបបានជា «កាក់» ចាប់ផ្តើមមានវត្តមាននៅក្នុងសង្គមមនុស្ស។ កាក់ មានវត្តមានដំបូងនៅសម័យរាជវង្សស្សាង (Shang Dynasty) កាក់ដំបូងដែលសំខាន់ជាងគេនោះ គឺកាក់ប៉ីខឺ។ ក្រោយមកទៀតក៏មានកាក់មួយប្រភេទទៀត គឺកាក់ធុងប៉ី (Tong Bei) ប៉ុន្តែនៅក្នុងរាជវង្សស្សាងមិនសូវមានការប្រើប្រាស់ទូលំទូលាយប៉ុន្មានទេ។

ចំណេរកាលមកដល់សម័យឈុនឈីវ (Chunqiu) ឬសម័យនគរសង្គ្រាម ទើបកាក់ធុងប៉ីត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ នៅសម័យឈុនឈីវនោះ នគរនីមួយៗបានចរាចរណ៍កាក់ខុសៗគ្នាជាច្រើន ក្នុងនោះវត្តមានកាក់មាសយីងយ៉ាង (Ying Yuan) របស់នគរឈូ (Chu State) គឺជាកាក់មាសដំបូងគេក្នុងចំណោមនគរទាំងឡាយនៅសម័យវឹកវរនោះ។ ការណ៍នេះបានធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសដំបូងគេបង្អស់ដែលប្រើកាក់ស្ពាន់ និងកាក់មាស។

នៅឆ្នាំ២២១មុនគ្រិស្តសករាជ ព្រះចៅអធិរាជឈីង ស៉ឺហ័ង (Emperor Qin Shi Huang) នៃនគរឈីង (Qin State) បានបង្រួបបង្រួមនគរនានានៅប្រទេសចិនបុរាណ ដែលជាការបង្រួបបង្រួមអ្វីៗទាំងឡាយដែលធ្លាប់តែខុសគ្នានៅតាមនគរនីមួយៗ មកជាការប្រើប្រាស់ ការអនុវត្តនូវអ្វីៗដែលមានឯកតាដូចគ្នាវិញ តួយ៉ាងដូចជាការទិញដូរទំនិញផលិតផលនានា គឺត្រូវប្រើប្រាស់រូបិយវត្ថុតែមួយ។

ក្រោមព្រះរាជឱង្ការបស់ព្រះចៅអធិរាជ ច្បាប់កំណត់ពេលនោះ គឺកាក់មាសប្រើសម្រាប់រូបិយវត្ថុថ្នាក់ខ្ពស់ កាក់ស្ពាន់ប្រើសម្រាប់រូបិយវត្ថុថ្នាក់ក្រោម ហើយកាក់ស្ពាន់ត្រូវបានគេកំណត់ថាជា «កាក់មូល ប្រហោងកណ្តាល»។ ចាប់ពីពេលនោះមក រូបរាងកាក់របស់ប្រជាជនចិន គឺកំណត់ថាត្រូវធ្វើជាកាក់មូល ប្រហោងកណ្តាល ដែលត្រូវបានគេប្រើប្រាស់អស់រយៈពេលជិត២,០០០ឆ្នាំ រហូតមកដល់ចុងសម័យរាជវង្សឆេង (Qing Dynasty)៕