(ភ្នំពេញ)៖ ប្រាសាទបាយ័ន្ត មានឈ្មោះដើមហៅថា ជយគិរី ត្រូវបានសាងសង់ឡើងក្នុងរាជ្យព្រះបាទជយវម៌្មទី៧ ចាប់ពីចុងសតវត្សទី១២ ដល់ដើមសតវត្សទី១៣ ដែលមានប្រាង្គជាព្រះភក្ត្រ៤ ដែលអ្នកគ្រប់គ្នាយល់ថាមានទម្រង់ដូចៗគ្នា។

ចំពោះព្រះភក្ត្រធំៗនៅប្រាសាទបាយ័ន្តនេះ មានទ្រឹស្ដីខ្លះនិយាយថា ព្រះភក្ត្រទាំងនោះជាព្រះភក្ត្រព្រះពោធិសត្វអវលោកតិស្វរៈ ឬព្រះពោធិសត្វអវលោកេស្វរៈ ខណៈទ្រឹស្ដីខ្លះទៀតថាជាព្រះភក្ត្រព្រះបាទជយវម៌្មទី៧ផ្ទាល់តែម្ដង។

ចំណែកការសិក្សាស្រាវជ្រាវរបស់គម្រោងសហការរវាងអភិរក្សអង្គរជប៉ុន និងអាជ្ញាធរជាតិអប្សរា (JASA) ស្ដីពីទម្រង់មុខរបស់កំពូលប្រាសាទបាយ័ន្ត បានបង្ហាញថា ព្រះភក្ត្រទាំងនោះគឺមាន៣ទម្រង់ផ្សេងៗគ្នា៖

ទម្រង់ទី១៖ ព្រះភក្ត្រមានរាងមូលក្នុងសភាពស្ងប់ស្ងាត់ ព្រះនេត្របើកល្មមរាងដូចផ្លែ Almon មានន័យថាមិនសូវតឹង ដែលអ្នកស្រាវជ្រាវចាត់ទុកថាជាព្រះភក្ត្រទេវតា។

ទម្រង់ទី២៖ ព្រះភក្ត្រមានរាងស្ដែងបន្តិច មានភ្នែកតូច កន្ទុយភ្នែកទាញទៅលើ ដែលអ្នកស្រាវជ្រាវចាត់ទុកថាជាព្រះភក្ត្រទេពធីតា។

ទម្រង់ទី៣៖ ព្រះភក្ត្រមានរាងជ្រុងបន្តិចដែលពោរពេញដោយអំណាច ហើយមានភ្នែកបើកធំៗជាងទម្រង់ខាងលើ ដែលអ្នកស្រាវជ្រាវចាត់ទុកថាជាភក្ត្រអសុរៈ។

ទ្រឹស្ដីទាំងនេះទំនងជាអាចគិតអំពីការពិតដែលព្រះភក្ត្រទាំងឡាយនោះជារបស់ទេពរក្សាការពារ ឬទេវរក្ស ដោយគេជឿថាលោកនៅចាំឃ្លាំមើលខុសត្រូវលើសាសនា និងកិច្ចការនយោបាយរបស់ព្រះរាជនគរកម្វុជទេសពីលើកំពូលប្រាសាទ។ ព្រលឹងនៃការថែរក្សាទាំង៣នេះ បូករួមជាមួយរាជអំណាច គឺជាការគោរពកោតក្រែងពីសំណាក់ប្រជារាស្ត្រខ្មែរ ដោយមិនកំណត់សម័យកាល ទីកន្លែង និងសាសនានោះឡើយ៕