(មជ្ឈិមបូព៌ា)៖ សត្វអូដ្ឋ (Camel) ជាសត្វពាហនៈមួយប្រភេទដែលមនុស្សប្រើប្រាស់ជាកម្លាំងដឹកជញ្ជូនអស់កាលរាប់ពាន់ឆ្នាំមកហើយ ដោយវាអាចឆ្លងកាត់វាលខ្សាច់រាប់ម៉ឺនគីឡូម៉ែត្រ និងអាចធ្វើដំណើរឆ្លងទ្វីបបានទៀតផង។ ថ្វីដ្បិតអូដ្ឋមានវត្តមានច្រើននៅតំបន់មជ្ឈិមបូព៌ាក៏ពិតមែន ប៉ុន្តែដើមកំណើតដំបូងរបស់វាមិនមែននៅតំបន់វាលខ្សាច់នេះឡើយ។

តាមការសិក្សាស្រាវជ្រាវ សត្វដែលលក្ខណៈប្លែកពីសត្វដទៃប្រភេទនេះ ការពិតមានដើមកំណើតដំបូងនៅទ្វីបអាមេរិកខាងជើងឯណោះទេ។ វាបានចាប់កំណើតក្នុងតំបន់វាលស្មៅបៃតងខ្ចីនៅលើទ្វីបនេះកាលពីប្រមាណ២០លានឆ្នាំមុនមកម្ល៉េះ គឺដំណាលគ្នាជាមួយសត្វសេះ សត្វឆ្កែ និងសត្វឆ្មាដែរ។ ក្នុងពេលកកើតមានដំបូង សត្វអូដ្ឋមានរូបរាងដូចទៅនឹងសត្វជីរ៉ាហ្វ (Giraffe) ហើយក៏ពុំទាន់មានមនុស្សណាយកវាមកធ្វើជាសត្វពាហនៈនៅឡើយដែរ។ រហូតដល់រយៈពេលប្រមាណ៤លានឆ្នាំក្រោយមក ទើបពពួកសត្វអូដ្ឋទាំងនោះចាប់ផ្ដើមបម្លាស់ទីចេញពីទ្វីបអាមេរិកខាងជើងឆ្លងមកដល់ទ្វីបអាស៉ី (អាឡាស្កា-ស៉ីបេរី) ដែលកាលណោះនៅមានដីទ្វីបអាចឆ្លងកាត់ទៅមកបាន។

រហូតមកដល់ចុងសម័យយុគទឹកកក (១០,០០០ឆ្នាំមុន) សត្វអូដ្ឋអម្បូរដំបូងខាងលើនោះក៏បានដាច់ពូជពីទ្វីបអាមេរិកខាងជើង។ គ្មានទិន្នន័យច្បាស់លាស់ដែលអាចបញ្ជាក់បានថា ហេតុអ្វីទើបសត្វអូដ្ឋអម្បូរអាមេរិកខាងជើងត្រូវដាច់ពូជនោះទេ មូលហេតុដ៏ច្បាស់លាស់បំផុត គឺបណ្តាលមកពីការផ្លាស់ប្តូរអាកាសធាតុ ប៉ុន្តែប្រសិននិយាយឱ្យកាន់តែជាក់លាក់ជាងនេះទៀត គឺបណ្តាលមកពីការផ្លាស់ប្តូរបរិមាណសារធាតុស៊ីលិកា (ជាតិស្វិត) ដែលមាននៅក្នុងស្មៅ។ អាកាសធាតុក្នុងទ្វីបអាមេរិកខាងជើងកាន់តែត្រជាក់ និងកាន់តែស្ងួត រហូតធ្វើឱ្យកម្រិតស៊ីលិកាក្នុងស្មៅកើនឡើងដល់ទៅ៣ដងឯណោះ។ អូដ្ឋ និងសេះអម្បូរដំបូងនៅអាមេរិកខាងជើងនោះ គឺមានធ្មេញវែងៗ ខណៈពួកវាមិនអាចទំពាស្មៅដ៏សែនស្វិតទាំងនោះបានឡើយ។

មានភស្តុតាងបន្ថែមទៀតថា ដោយសារផ្លូវភៀសខ្លួនពីអាមេរិកខាងជើងមកកាន់អាស៊ីត្រូវបានកាត់ផ្ដាច់ ដោយសារការកើនឡើងនៃកម្ពស់ទឹកសមុទ្រ និងការរសាត់ដាច់ចេញពីគ្នារវាងទ្វីបអាមេរិកខាងជើង និងទ្វីបអាស៉ី កាលពីប្រមាណ១០,០០០ឆ្នាំមុន ទើបធ្វើឱ្យសត្វដ៏ទន់ជ្រាយទាំងនោះ ត្រូវមនុស្សតាមប្រមាញ់រហូតទាល់តែដាច់ពូជអស់។ ចំពោះក្រុមសត្វអូដ្ឋដែលបានឆ្លងមកដល់ទ្វីបអាស៉ីផុតហើយនោះ ក៏បានបន្តរស់នៅ និងវិវត្តរាងកាយបន្តិចម្ដងៗក្លាយជាសត្វអូដ្ឋដូចសព្វថ្ងៃ ហើយក៏បានមនុស្សចាប់យកមកចិញ្ចឹម និងធ្វើជាសត្វពាហនៈរហូតដល់ពេលបច្ចុប្បន្ន៕