(ភ្នំពេញ)៖ ភាសាខ្មែរបុរាណ គឺជាភាសាចំណាស់ជាងគេនៅតំបន់អាស៉ីអាគ្នេយ៍ ក្នុងចំណោមភាសាចំណាស់ទាំង៦ដែលបានកើតមាននៅក្នុងតំបន់នេះ ក៏ព្រោះតែរដ្ឋមុនដំបូងគេនៅក្នុងតំបន់ត្រូវបានបង្កើតដោយជនជាតិខ្មែរ នោះគឺរាជាណាចក្រភ្នំ (ហ្វ៊ូណន) ដែលកើតចេញពីសម្ពន្ធភាពរវាងព្រាហ្មណ៍មកពីឥណ្ឌា ឈ្មោះ កោណ្ឌញ្ញ (ព្រះបាទកៅណ្ឌិន្យ) និងព្រះនាងសោមា (ព្រះនាងលីវយី) ដែលជាមេដឹកនាំម្ចាស់ស្រុក។ នេះបើតាមសៀវភៅភាសានៅណ្ឌូចិន (ប៉ារីស ឆ្នាំ១៩៤៨)។

សៀវភៅដដែល លោក ហ្ស៊ក សឺដេស (George Cœdès) បានកត់សម្គាល់ថា ក្នុងចំណោមភាសានៃអរិយធម៌បុរាណនៅតំបន់អាស៉ីអាគ្នេយ៍ ភាសាខ្មែរបុរាណជាភាសាចំណាស់មួយដែលមានភស្តុតាងនៅលើសិលាចារឹកចាប់ពីសតវត្សទី៦មក តាមរយៈសិលាចារឹកភាសាខ្មែរដំបូងបង្អស់ នោះគឺសិលាចារឹកទួលវត្តគំនូរ K.557 និង K.600 នៅស្រុកអង្គរបុរី ខេត្តតាកែវ។ លោក ហ្ស៊ក សឺដេស បានបញ្ជាក់ទៀតថា ភាសាខ្មែរបុរាណនេះគឺមានប្រើប្រាស់នៅតំបន់ដែលស្ថិតក្រោមការគ្រប់គ្រង និងឥទ្ធិពលអរិយធម៌ខ្មែរបុរាណ ព្រមទាំងមានទំនាក់ទំនងពាក់ព័ន្ធជាមួយអរិយធម៌ឥណ្ឌាបុរាណផងដែរ ពិសេសគឺការប្រើប្រាស់លាយផ្សំជាមួយភាសាសំស្ក្រឹត ដែលមានប្រភពមកពីឥណ្ឌាប៉ែកខាងត្បូង។ នៅសម័យអង្គរទឹកដីបុរាណខ្មែរពីមុនធំធេង ពោលគឺគ្របដណ្ដប់ភាគច្រើននៅតំបន់អាស៉ីអាគ្នេយ៍ដែនគោក។

ភាសាចំណាស់ទី២នៅតំបន់អាស៉ីអាគ្នេយ៍ គឺភាសាមនបុរាណ ដែលមានឥទ្ធិពលចាប់ពីសតវត្សទី៧ និងមានប្រើប្រាស់លាយឡំជាមួយភាសាខ្មែរនៅតំបន់ក្រោមឥទ្ធិពលអរិយធម៌ខ្មែរបុរាណ ពិសេសនៅប្រទេសកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ាបច្ចុប្បន្ន។ ពិតណាស់ ជនជាតិមនក៏ធ្លាប់មានរាជាណាចក្ររបស់ខ្លួនដែរ ដូចជារាជាណាចក្រទ្វារវតី (Dvaravati Kingdom) ដែលមានអត្ថិភាពចាប់ពីសតវត្សទី៧-១១ អាណាចក្រហរិបុញ្ជ័យ (Haripuñjaya Kingdom) ដែលមានអត្ថិភាពចាប់ពីសតវត្សទី៧-១៣ អាណាចក្រហង្សាវតី (Hanthawaddy Kingdom) ដែលមានអត្ថិភាពចាប់ពីសតវត្សទី១៣-១៦ ជាដើម។

ភាសាចាមបុរាណមានឥទ្ធិពលចាប់ពីសតវត្សទី៧ដូចគ្នា និងត្រូវបានប្រើប្រាស់នៅក្នុងអាណាចក្រចាម្ប៉ាបុរាណ ដែលនៅភាគកណ្ដាលប្រទេសវៀតណាមបច្ចុប្បន្ន។ អាណាចក្រចាម្ប៉ា (Champa Kingdom) និងរដ្ឋបុរីមួយចំនួនរបស់ជនជាតិចាម (Cham City-States) គឺមានអត្ថិភាពចាប់ពីសតវត្សទី២-១៩។

ក្រៅពីនេះមានភាសាម៉ាឡាយូ ដែលឃើញមានប្រើប្រាស់នៅលើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៉ីបច្ចុប្បន្ន ចាប់ពីសតវត្សទី៧ដូចគ្នាដែរ។ ចំណែកភាសាជ្វាមានប្រើប្រាស់នៅលើកោះជ្វា ប្រទេសឥណ្ឌូណេស៉ីបច្ចុប្បន្ន ចាប់ពីសតវត្សទី៨។

ភាសាភូមាបុរាណចាប់មានឥទ្ធិពលបន្ទាប់ពីភាសាមន។ អាណាចក្របាកាន (Pagan Kingdom) បានពង្រីកឥទ្ធិពលយ៉ាងរហ័ស បន្ទាប់ធ្វើសញ្ជ័យលើរដ្ឋបុរីរបស់ជនជាតិព្យូ (Pyu City-States) រដ្ឋបុរីរបស់ជនជាតិមន (Mon City-States) និងពួកសៀមនៅភាគខាងជើង។

ភាសាសៀមបុរាណទើបតែមានឥទ្ធិពលចាប់ពីសតវត្សទី១៣ក្រោយមកទេ ស្របពេលដែលជនជាតិសៀមកាន់តែមានឥទ្ធិពលដណ្ដើមការគ្រប់គ្រងនៅលើទឹកដីខ្មែរបុរាណ និងមនបុរាណ ព្រមទាំងលើទឹកដីឡាវបច្ចុប្បន្នផងដែរ។ អាណាចក្រសុខោទ័យ (Sukhothai Kingdom) គឺជាអាណាចក្រផ្លូវការដំបូងគេបង្អស់នៃជនជាតិសៀម បន្ទាប់ពីបះបោរផ្ដាច់ទឹកដីពីចក្រភពខ្មែរនាសម័យអង្គរ។ អាណាចក្រអយុធ្យា (Ayutthaya Kingdom) គឺជារដ្ឋស្នងពីអាណាចក្រសុខោទ័យ បន្ទាប់ពីប្រកួតប្រជែងឈ្នះអាណាចក្រសុខោទ័យ និងអាណាចក្រខ្មែរនាចុងសម័យអង្គរ ព្រមទាំងបានពង្រីកឥទ្ធិពលកាន់តែខ្លាំងឡើងៗនៅតំបន់អាស៉ីអាគ្នេយ៍៕