(ភ្នំពេញ)៖ ស្ថានីយបុរេប្រវតិ្តសាស្ត្រល្អាងស្ពាន ជាស្ថានីយបុរេប្រវតិ្តសាស្ត្រមានអាយុកាលចាស់ជាងគេបំផុតនៅប្រទេសកម្ពុជា ដែលរហូតមកដល់ពេលនេះពុំមានស្ថានីយណាមួយដែលបង្ហាញពីភស្តុតាងនៃការតាំងទីលំនៅមានអាយុកាលចាស់ជាងស្ថានីយល្អាងស្ពានឡើយ។

ស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាននេះបានធ្វើកំណាយរកឃើញលើកដំបូងដោយលោកស្រី សេស៊ីល ម៉ូរ៉េ និង​លោក រ៉ូឡង់ ម៉ូរ៉េ នៅទសវត្ស១៩៦០។ បន្ទាប់មកការស្រាវជ្រាវនេះបានអាក់ខានជាង៤០ឆ្នាំ លុះដល់ឆ្នាំ២០០៩ ទើបមានការសិក្សាស្រាវជ្រាវរកបន្ត ដែលធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការណ៍​រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិនៃប្រទេសបារាំង ​ដោយមានលោក ហេង សុផាឌី និងលោក អ៊ូប៊ែរ ហ្វ័ររេទីយ៉េ ជាអ្នកដឹកនាំ។

ការធ្វើកំណាយជាហូរហែកន្លងមក បានរកឃើញនូវ​វត្ថុ​បុរាណជាច្រើនដូចជា៖​ ឧបករណ៍ថ្មបំបែក ថ្មរំលីង ភាជន៍ គ្រឿងលម្អកាយ (អង្កាំ និងកងដៃធ្វើអីថ្ម ឬបន្តោង​ខ្សែ​ក​ធ្វើពីចង្កូមសត្វ) បំណែកឆ្អឹងសត្វ ព្រមទាំងផ្នូរសពជាដើម។

ការវិភាគទៅលើវត្ថុត្រូវបានរកឃើញពីកំណាយបានបង្ហាញថា ស្ថានីយល្អាងស្ពានមានមនុស្ស​រស់នៅពីរឬបី​ដំ​ណាក់​​កាលផ្សេងគ្នាមកហើយ។ សម័យថ្មបំបែកនេះមានអាយុកាលប្រហែល៧១,០០០ឆ្នាំ វប្បធម៌ហាវប៊ីនញៀន​មានអាយុចន្លោះពី១១,០០០ដល់៥,០០០ឆ្នាំ និងចុងក្រោយ គឺសម័យថ្មរំលីងមានអាយុប្រហែល៣០០០ឆ្នាំ ដោយគេបានយកល្អាងស្ពានជាកន្លែងបញ្ចុះសពនាសម័យនោះ។

កាលប្រវត្តិទទួលបាននាពេលនេះ គឺធ្វើឡើងតាមវិធីសាស្ត្របីផ្សេងៗគ្នា ដូចជា 14c, OSL, U-Th​ ទៅលើ​ស្រទាប់​ដី​​ផ្សេងៗ​គ្នាចាប់ពីផ្ទៃខាងលើរហូតដល់ជម្រៅ៥ម៉ែត្រ។ តែមកទល់ពេលនេះ ល្អាងស្ពាន​ជាស្ថានីយ​បុរេប្រវត្តិសាស្ត្រតែមួយគត់នៅប្រទេសកម្ពុជា ដែលគេបានរកឃើញដោយឧបករណ៍ថ្មី​នៃវប្បធម៌ហាវ​ប៊ីន​ញៀន​ច្រើ​នប្រភេទ ហើយស្ថិតក្នុងស្រទាប់ដីជាក់លាក់។ ផ្អែកលើកាលប្រវត្តិ បរិមាណ និងលក្ខណៈនៃ​ឧបករណ៍fjmI​ទាំងនោះជួយឱ្យយល់បានកាន់តែប្រសើរពីបច្ចេកទេសនៃការផលិតឧបករណ៍ថ្ម វប្បធម៌ បរិស្ថាន និងបរិបទទូទៅនៃវប្បធម៌ហាវប៊ីនញៀន ព្រមទាំងទំនាក់ទំនងជាមួយសង្គម អ្នកបរបាញ់ និងប្រមូលអនុ​ផល​ព្រៃឈើដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍នៅលើដីគោក៕