(ភ្នំពេញ)៖ ចាម (Cham) ចាម្ប៍ (Champ) ចាម្ប៉ា/ចម្ប៉ា (Champa) គឺជាអតីតអាណាចក្របុរាណមួយនៅតំបន់អាស៉ីអាគ្នេយ៍ដែនគោក ខណៈទីក្រុងដំបូងរបស់អាណាចក្រនេះមានឈ្មោះ គន្ធរបុរៈ (Kandarapura) ក្រៅពីនោះចាមក៏មានទីក្រុងកំពង់ផែអន្តរជាតិមួយដែរដែលមានឈ្មោះថា សិង្ហបុរៈ (Simhapura)។

សិង្ហបុរៈ ជាកំពង់ផែពាណិជ្ជកម្មមួយរបស់អាណាចក្រចាម្ប៉ាតាំងពីដើមមក ហើយនៅពេលដែលអ្នកស្រុកចាមទទួលឥទ្ធិពលហិណ្ឌូនិយមពីពួកពាណិជ្ជករឥណ្ឌាចាប់ពីសតវត្សទី៤នោះមក សិង្ហបុរៈក៏បានក្លាយជាមជ្ឈមណ្ឌលហិណ្ឌូសាសនាថែមទៀត និងបានក្លាយជារាជធានីរបស់អាណាចក្រចាម្ប៉ាចាប់ពីសតវត្សទី៤-៨។

មានអ្នកជំនួញមកពីប្រទេសចិន ខ្មែរ យួន ឥណ្ឌា ពែរ្ស អារ៉ាប់ជាដើម បានធ្វើជំនួញចេញចូលកំពង់ផែអន្តរជាតិសិង្ហបុរៈនេះ។ មកដល់សម័យអាណានិគម ទោះបីទឹកដីចាម្ប៉ាមួយភាគធំធ្លាក់ក្រោមការត្រួតត្រារបស់អាណាចក្រអណ្ណាមក៏ដោយ ក៏ទីក្រុងសិង្ហបុរៈនេះនៅតែជាកំពង់ផែពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់សម្រាប់ក្រុមពាណិជ្ជករមកពីភាគខ្លះនៃពិភពលោក។

បច្ចុប្បន្នទីក្រុងកំពង់ផែសិង្ហបុរៈ ស្ថិតនៅទីក្រុងហួយអាន (Hội An) ខេត្តក្វាងណាម (Quang Nam) ភាគកណ្ដាលប្រទេសវៀតណាម ដែលគេហៅថា ចាគៀវ (Trà Kiệu)៕