(ភ្នំពេញ)៖ បន្ទាប់ពីត្រូវកងទ័ពដាយវៀតនៃសម័យរាជវង្សឡេរុញច្រានពីរាជធានីក្រុងសិង្ហបុរៈនោះមក ព្រះមហាក្សត្រចាមបានផ្លាស់រាជធានីថ្មីចុះមកខាងត្បូងទៀត នោះគឺឥន្ទ្របុរៈ (Indrapura)។

ឥន្ទ្របុរៈ (ទីក្រុងរបស់ព្រះឥន្ទ្រ) ជារាជធានីបុរាណមួយអាណាចក្រចាម្ប៉ាបុរាណ ដែលមានអត្ថិភាពចាប់ពីសតវត្សទី៩-១០។ រាជធានីបុរាណមួយនេះបង្កើតដោយក្សត្រចាមមួយអង្គដែលកាន់ពុទ្ធសាសនាមហាយាន គឺព្រះបាទឥន្ទ្រវម៌្មទី២ (Indravarma II) នាឆ្នាំគ្រិស្ដសករាជ៨៧៥។

ដោយសាររងការវាយប្រហារពីអាណាចក្រដាយវៀតពីភាគខាងជើងផង និងចក្រភពខ្មែរពីភាគខាងលិចផង ធ្វើឱ្យរាជអំណាចក្រុងឥន្ទ្របុរៈចុះខ្សោយកាន់តែខ្លាំង។ នៅឆ្នាំ៩៨២ កងទ័ពរាជវង្សឡេនៃអាណាចក្រមហាវៀតបានវាយចូលដល់រាជធានីឥន្ទ្របុរៈ ហើយក៏បានធ្វើគុតព្រះមហាក្សត្រចាម ព្រះបាទបរមេស្វរវម៌្មទី១ (Paramesvaravarma I) និងបានដណ្ដើមកាន់កាប់ទីក្រុងនេះជាស្ថាពរ។ ព្រះមហាក្សត្រក្រោយរបស់ចាមក៏បានផ្លាស់រាជធានីថ្មីវិញ ដែលមានចម្ងាយ៧០០លី ឬ៣០០គីឡូម៉ែត្រពីរាជធានីចាស់ នោះគឺអមរាវតី (Amaravati)។ ទោះបីជាយ៉ាងណា កងទ័ពចាមនៅតែអាចដណ្ដើមឥន្ទ្របុរៈមកជាដែនដីរបស់ខ្លួនដោយគ្រាវិញដែរ។

បច្ចុប្បន្ន ឥន្ទ្របុរៈ ត្រូវបានប្ដូរឈ្មោះហៅថា ដុងឌួង (Đồng Dương) តាមភាសាវៀតណាម ដែលមានទីតាំងស្ថិតនៅក្បែរក្រុងដាណាំង ខេត្តក្វាងណាម (Quang Nam) ភាគកណ្ដាលវៀតណាម៕