(ភ្នំពេញ)៖ តំបន់ប្រាសាទកោះកេរ គឺជាអតីតរាជធានីបុរាណនាសតវត្សទី១០ ប៉ុន្តែនៅចុងសតវត្សទី១០ ព្រះរាជាខ្មែរក៏បានចាកចេញពីកោះកេរនេះមកក្រុងអង្គរវិញ។ លុះដល់សតវត្សទី១៩ ក៏មានជនជាតិអឺរ៉ុបបានទៅដល់តំបន់ប្រាសាទដ៏អស្ចារ្យនេះ។ តើអ្នកដឹងទេថា ជនបរទេសរូបណាដែលបានទៅដល់តំបន់រាជធានីកោះកេរមុនគេបង្អស់?

តំបន់កោះកេរ មានចម្ងាយប្រមាណ៧០គីឡូម៉ែត្រ ភាគឦសានរាជធានីអង្គរ ដោយបច្ចុប្បន្នស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ តំបន់កោះកេរធ្លាប់មានឈ្មោះដើមជាភាសាខ្មែរបុរាណថា «ឆោកគគ៌្យរ»«ឆោកគគីរ» ដែលជាទីប្រជុំជនមួយរបស់អាណាចក្រខ្មែរនាសម័យអង្គរ។ ប៉ុន្តែនៅពេលព្រះបាទជ័យវម៌្មទី៤ (ជ័យវរ្ម័នទី៤) តាំងរាជធានីនៅតំបន់នេះ ព្រះអង្គក៏បានប្រសិទ្ធនាមថ្មីដល់រាជធានីនេះថា «លិង្គបុរៈ»

ខណៈដែលប្រទេសកម្ពុជាធ្លាក់ក្រោមអាណាព្យាបាល និងអាណានិគមនិយមបារាំង ក៏មានអ្នកស្រាវជ្រាវជនជាតិបារាំងចូលទៅដល់តំបន់កោះកេរនេះជាបន្តបន្ទាប់ ក្នុងនោះមានជាងគំនូរជនជាតិបារាំងម្នាក់ គឺលោក ល្វី ដឺឡាព័រ (Louis De Laporte) បានធ្វើដំណើរទៅដល់តំបន់ប្រាសាទកោះកេរដំបូងគេបង្អស់នៅឆ្នាំគ្រិស្ដសករាជ១៨៧៣។ លោក ល្វី ដឺឡាព័រ បានហៅទីនោះថា បន្ទាយកកែវ (Banteay Ka-Keo)។ លោកបានសិក្សាស្រាវជ្រាវនៅតំបន់នេះអស់ពេលជាច្រើនឆ្នាំ។ ក្រោយមក លោកក៏បានសរសេរជាសៀវភៅមួយក្បាល «សៀវភៅ Voyage au Cambodge- Architectures Khmers» បកប្រែជាខេមរភាសាថា «ការធ្វើដំណើរនៅកម្ពុជា- ស្ថាបត្យកម្មខ្មែរ» ដែលបានបោះពុម្ភផ្សាយនៅគ្រិស្ដសករាជ១៨៨០។

នៅអំលុងឆ្នាំគ្រិស្ដសករាជ១៨៨២ ក៏មានអ្នកប្រាជ្ញខាងភាសាវិទ្យាជនជាតិបារាំងម្នាក់ទៀត គឺលោក អេជែន អៃម៉ូនីញ៉េ (Etienne Aymonier) ក៏បានចូលទៅសិក្សាស្រាវជ្រាវ និងបកប្រែអក្សរលើសិលាចារឹកនៅតាមប្រាសាទនីមួយៗនៃតំបន់កោះកេរនេះ រហូតសរសេរបានជាសៀវភៅថ្មីមួយក្បាលទៀតមានចំណងជើងថា «Le Cambodge» បកប្រែជាខេមរភាសាថា «ប្រទេសកម្ពុជា» ដែលបានបោះពុម្ភផ្សាយនៅគ្រិស្ដសករាជ១៩០០។ ក្រៅពីនេះ ក៏នៅមានអ្នកស្រាវជ្រាវជាច្រើនទៀត ដែលមានទាំងជនជាតអឺរ៉ុប និងជនជាតិខ្មែរដែរ៕