(ភ្នំពេញ)៖ ក្រោមស្នាព្រះហស្ដព្រះបាទជយវម៌្មទី៤ «ឆោកគគ៌្យរ» ក៏បានក្លាយជា «រាជធានីលិង្គបុរៈ» ដែលត្រូវបានស្ថាបនាឡើងយ៉ាងអស្ចារ្យ ប្រៀបដូចមហាទេវស្ថានដ៏លេចធ្លោ។ ប្រាសាទប្រាង្គ ឬប្រាសាទធំ ដែលប្រជាជនខ្មែរស្គាល់ច្រើនជាងគេនោះ ត្រូវបានស្ថាបនាឡើងយ៉ាងខ្ពស់ស្កឹមស្កៃកាលពីជាង១០០០ឆ្នាំមុន (កម្ពស់៣៥ម៉ែត្រ)។

យោងតាមការស្រាវជ្រាវតាមសិលាចារឹក ទីក្រុងឆោកគគ៌្យរ នៅពេលក្លាយជារាជធានីរបស់ព្រះបាទជយវម៌្មទី៤ ក៏ត្រូវបានប្រសិទ្ធនាមថ្មីថា «លិង្គបុរៈ»។ រាជធានីលិង្គបុរៈនេះត្រូវបានស្ថាបនាឡើងយ៉ាងអស្ចារ្យ ប្រៀបដូចទេវស្ថានដ៏លេចធ្លោមួយដែរ។ ប្រាសាទប្រាង្គ ឬប្រាសាទធំ ត្រូវបានស្ថាបនាឡើងដើម្បីឧទ្ទិសថ្វាយព្រះសិវៈ ឬព្រះឥស្វរៈ ឬព្រះឥសូរ តំណាងដោយព្រះសិវលិង្គត្រីភូវនេស្វរៈ។ ថ្វីដ្បិតព្រះបាទជយវម៌្មទី៤មកតាំងមូលដ្ឋាននៅទីនេះតាំងពីឆ្នាំ៩២១ក៏ពិតមែន ប៉ុន្តែប្រាសាទរាជ្យមួយនេះទើបតែស្ថាបនាឡើងនៅឆ្នាំ៩៣១នោះទេ នេះក៏ជាសម្មតិកម្មមួយទៀតដែលជួយបញ្ជាក់ថាព្រះអង្គមិនមែនជាក្សត្រជ្រែករាជ្យ។ នៅប៉ែកអាគ្នេយ៍មានប្រាសាទបន្ទាយពីរជាន់ ត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះព្រហ្ម និងនៅទិសនិរតីមានប្រាសាទចិនឧទ្ទិសថ្វាយព្រះវិស្ណុ ឬព្រះនរាយណ៍ ដែលរំលេចបាននូវគោលគំនិត «ត្រីមូរតិ»។ ការរៀបចំរាជធានីរបស់ព្រះបាទជយវម៌្មទី៤ ប្រៀបដូចជាមហាទេវស្ថានដ៏ពិសិដ្ឋ សមនឹងព្រះមហា​ឫទ្ធានុភាពរបស់ព្រះអង្គ ក្នុងនាមជាស្ដេចចក្រវាទិន ឬស្ដេចចក្រពត្តិ (King of kings) ត្រួតត្រាលើចក្រភពខ្មែរដ៏ធំ បន្ទាប់ពីព្រះបាទឦសានវម៌្មទី២សោយទិវង្គតនៅឆ្នាំ៩២៥។ ព្រះបាទជយវម៌្មទី៤ បានសោយរាជ្យនៅរាជធានីលិង្គបុរៈរហូតដល់សោយទិវង្គតក្នុងឆ្នាំ៩៤១។ ក្រោយពេលសោយទិវង្គត ព្រះរាជបុត្ររបស់ព្រះអង្គ គឺព្រះបាទហស៌វម៌្មទី២ បានសោយរាជ្យនៅរាជធានីលិង្គបុរៈចាប់ពីឆ្នាំ៩៤១-៩៤៤។ បន្ទាប់មក រាជ្យបល្ល័ង្កក៏បានទៅលើព្រះបាទរាជេន្ទ្រវម៌្មទី២ ដែលជាព្រះញាតិវង្សរបស់ព្រះបាទហស៌វម៌្មទី២។ ព្រះបាទរាជេន្ទ្រវម៌្មទី២ ជាព្រះរាជបុត្ររបស់ស្ដេចត្រាញ់មួយអង្គត្រួតត្រានៅក្រុងភវបុរៈ គឺបាទមហេន្ទ្រវម៌្ម និងព្រះនាងមហេន្ទ្រទេវី ដោយក្សត្រីអង្គនេះជាប្អូនស្រីម្នាក់ទៀតរបស់ព្រះបាទយសោវម៌្មទី១ ដូច្នេះបើរាប់តាមលំដាប់សែស្រឡាយ ព្រះបាទរាជេន្ទ្រវម៌្មទី២ ត្រូវជាក្មួយរបស់ព្រះបាទជយវម៌្មទី៤ ហើយក៏ជាបងប្អូនជីដូនមួយខាងព្រះមាតាជាមួយព្រះបាទហស៌វម៌្មទី២ផងដែរ។ បន្ទាប់ពីព្រះបាទហស៌វម៌្មទី២សោយទិវង្គតទៅ ព្រះបាទរាជេន្ទ្រវម៌្មទី២ក៏បានស្នងរាជ្យបន្តទាំងវ័យក្មេង ប៉ុន្តែព្រះអង្គមិនបានតាំងរាជធានីនៅក្រុងលិង្គបុរៈទៀតនោះទេ ដោយព្រះអង្គបានលើករាជធានីមកក្រុងយសោធរបុរៈវិញ (ក្រុងអង្គរ) នាឆ្នាំ៩៤៤ រហូតដល់សោយទិវង្គនៅឆ្នាំ៩៦៨។

តែយ៉ាងណា មកដល់រជ្ជកាលព្រះបាទសូយ៌្យវម៌្មទី១ (១០០២-១០៥០) ព្រះអង្គបានយកព្រះទ័យទុកដាក់លើការថែរក្សានិងស្ថាបនាក្រុងលិង្គបុរៈដែលជាទីសក្ការដ៏សំខាន់។ បើតាមសិលាចារឹក K.682 ចុះកាលបរិច្ឆេទឆ្នាំ១០០២ ព្រះបាទសូយ៌្យវម៌្មទី១សព្វព្រះទ័យក្នុងការថ្វាយដង្វាយដល់ព្រះអាទិទេព និងសាសនានៅក្នុងអតីតរាជធានីលិង្គបុរៈ។ ចាប់ពីសម័យអង្គរមក ឆោកគគីរ ឬកោះកេរ នៅតែជាទីក្រុងដ៏សំខាន់មួយ តាមរយៈការតភ្ជាប់ផ្លូវជាតិសម័យបុរាណទៅដល់ប្រាសាទវត្តភូ ប្រទេសឡាវបច្ចុប្បន្ន ហើយនៅតែជាប្រជុំជនមួយរហូតដល់សម័យកណ្ដាលសតវត្សទី១៥ (សិលាចារឹកសម័យកណ្ដាលនៅប្រាសាទអង្គរវត្ត K.296)។

គេកត់សម្គាល់ឃើញថា សំណង់ស្ថាបត្យកម្មក្នុងរជ្ជកាលព្រះបាទជយវម៌្មទី៤ ភាគច្រើនគឺមានទំហំធំៗជាងរជ្ជកាលមុនៗ តួយ៉ាងដូចជាប្រាសាទប្រាង្គ វិសាលភាពរាជធានី បដិមា និងសិលាចារឹក និងអ្វីៗជាច្រើនទៀត គឺសុទ្ធតែមានទំហំធំៗសម្បើម ខណៈចម្លាក់ក៏មានចលនារស់រវើកដូចជា បដិមាព្រះសិវនាថរាជ (ព្រះសិវៈរាំ) នៅប្រាសាទក្រហម ក្រុមចម្លាក់ដែលដកស្រង់ចេញពីរឿងមហាភារតៈត្រង់ឈុតប្រយុទ្ធគ្នារវាងទុយ៌ោធន និងភីម នៅប្រាសាទចិន ចម្លាក់ដែលដកស្រង់ចេញពីរឿងរាមកេរ្តិ៍ត្រង់ឈុតប្រយុទ្ធគ្នារវាងពាលីនិងសុគ្រីព ទាំងនោះគឺជាផ្នែកខ្លះនៃបដិមាសាស្ត្រក្នុងរចនាបទកោះកេរ។

រហូតមកដល់ពេលនេះគេរកឃើញសិលាចារឹកចំនួន៧៣ផ្ទាំងនៅទូទាំងតំបន់កោះកេរ។ តាមរយៈសិលាចារឹកខ្លះបានបញ្ជាក់ថា មានប្រជាជនប្រមាណជាង១០,០០០នាក់បានរស់នៅរាជធានីលិង្គបុរៈ ព្រមទាំងបញ្ជាក់ពីព្រះរាជសកម្មភាពរបស់ព្រះរាជាក្នុងការធ្វើពិធីសាសនា ថ្វាយដង្វាយដល់សាសនា ពិសេសគឺការស្ថាបនាព្រះសិវលិង្គដែលមាននាមថា «ត្រីភូវនេស្វរៈ» តម្កល់នៅលើប្រាសាទប្រាង្គ ឬប្រាសាទធំ ដែលមានតួនាទីជាប្រាសាទរាជ្យ។ លក្ខណៈបច្ចេកទេសដ៏ពិសេសមួយទៀត គឺការកសាងប្រព័ន្ធធារាសាស្ត្រ ដែលមានរហាល ឬបារាយណ៍ដ៏ធំនៅក្នុងរាជធានី និងមានប្រឡាយច្រើនខ្វាត់ខ្វែងក្នុងការនាំទឹកយកទៅស្រោចស្រពផ្ទៃដីកសិកម្ម។ មិនតែប៉ុណ្ណោះ ក៏មានការរៀបចំរចនាសម្ពនផ្លូវថ្នល់ សំណង់មន្ទីរពេទ្យ រហាល ស្រះទឹក សំណង់រក្សាទឹក ពិសេសការៀបចំប្រព័ន្ធទឹកឱ្យសមស្របជាមួយទីតាំងភូមិសាស្ត្រ។ ក្នុងរាជធានីក៏មានជាកន្លែងធ្វើឧស្សាហកម្មដែក ក៏ដូចជាការឧស្សាហកម្មផលិតកុលាលភាជន៍សម្រាប់បម្រើដល់ការប្រើប្រាស់ និងផ្គត់ផ្គង់ក្នុងតំបន់ ក៏ដូចជានាំចេញផងដែរ៕