(ភ្នំពេញ)៖ នាគ ជានិម្មិតរូបនៃទឹក ក្រៅពីនេះខ្មែរនៅមានជំនឿថា នាគជាបុព្វបុរសរបស់ខ្លួនទៀតផងដែរនៅតាមប្រាសាទខ្មែរ គេនិយមឆ្លាក់រូបរូបនាគតុចតែងបង្កាន់ដៃ ឬស្ពាននាគ និងតុបតែងក្របហោជាងផងដែរ។

ក្នុងសិល្បខ្មែរមុនសម័យអង្គរ (សតវត្សទី៦-៨) សិល្បករបានបង្ហាញចម្លាក់នាគចែងដំបូងនៃហោជាង ក្រុមខាងត្បូងនៃប្រាសាទយាយព័ន្ធ តួប៉មS1 ក្នុងរចនាបថសំបូរព្រៃគុក រាជ្យព្រះបាទឦសានវម៌្មទី១ (៦១៦-៦៣៥) នាដើមសតវត្សទី៧។ លុះដល់រចនាបថព្រៃក្មេង ក្នុងរជ្ជកាលព្រះបាទជយវម៌្មទី១ (៦៥៧-៦៨១គស) ចុងសតវត្សទី៧ គេបានបង្ហាញរូបនាគម្ដងទៀតជាចម្លាក់ផ្តែរ គឺព្រះវិស្ណុទ្រង់ផ្ទុំលើនាគអនន្ត (វិស្ណុអនន្តសៃយន)។

ចម្លាក់នាគក្នុងសិល្បៈខ្មែរនាសម័យអង្គរ (សតវត្សទី៩-១៣) សិល្បករបានបង្កើតចម្លាក់នាគសណ្ដូកខ្លួនគ្មានទម្រជើងទៀនដំបូងនៅប្រាសាទបាគង ដែលបានសង់ឡើងនាឆ្នាំ៨៨១។ ចម្លាក់នាគក្បាល៧ រាងខ្លី ហើយឃ្លាតពីគ្នា ពាក់ក្បាំង ក្នុងរចនាបថព្រះគោ ហើយបានអវត្តមានរចនាបថបាខែង ក្នុងរជ្ជកាលព្រះបាទយសោវម៌្មទី១ (៨៨៩-៩១០គស)។

ជាថ្មីម្តងទៀត ចម្លាក់សត្វនាគបានលេចឡើងវិញសណ្ដូកខ្លួនលើដីផ្ទាល់ តាមបណ្ដោយផ្លូវចូលទៅកាន់ប្រាសាទធំ គ្មានទម្រដដែល មានក្បាល៧ ពាក់ក្បាំងកំពូលពីរ ដោយកន្ទុយលើកឡើងខ្ពស់ ក្នុងរចនាបថកោះកេ។

ជាទូទៅ ចម្លាក់សត្វនាគបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងអរិយធម៌ និងវប្បធម៌ខ្មែរ យ៉ាងណាមិញវាក៏បានបំពេញតួនាទីនិងនិមិត្តរូបក្នុងសិល្បបុរាណ៕