(ភ្នំពេញ)៖ ចម្លាក់ភាគច្រើននៅរចនាបថកោះកេរ បដិមាត្រូវបានគេឆ្លាក់ពីភក់ ដែលកម្រឃើញមានរូបធ្វើអំពីសំរឹទ្ធណាស់ ប៉ុន្តែមានចម្លាក់សត្វតោធ្វើអំពីសំរឹទ្ធមួយគួរឱ្យកត់សម្គាល់ ដែលត្រូវបានសិល្បករឆ្លាក់ឱ្យឈរលើទម្ររាងមូលភ្ជាប់ជាមួយនឹងសត្វតោតែម្តង។

ចម្លាក់សត្វតោនោះមានភ្នែកក្រឡោតមូល រោមចិញ្ចើមក្រាស់ បង្ហាញចង្កូមនិងធ្មេញយ៉ាងមុតស្រួច សក់រួញធ្លាក់ចុះដូចទឹករលកតាមថ្នាក់ៗ បង្កើតបាននូវគំរូមួយពីដងខ្លួនរលោង ហើយចម្លាក់តោដើរតួនាទីយ៉ាងសំខាន់ជាឆ្មាំយាមប្រាសាទនៃលំនៅស្ថានរបស់អាទិទេព។

សត្វតោនេះជានិមិត្តរូបនៃភក្តីភាព ជំនឿដែលពាក់ព័ទ្ធទេវកថាឥណ្ឌារវាងព្រះនាងទុគ៌ា កើតឡើងដោយភ្លើងកំហឹងរបស់អាទិទេពទាំងអស់
ដើម្បីសម្លាប់អសុរៈក្បាលក្របីឈ្មោះ មហិង្សៈ។

គេតែងតែធ្លាក់សត្វគ្រប់ប្រភេទហាមាត់បញ្ចេញសួរសំឡេងគ្រហឹមបង្អើលសត្វនិងបណ្ដេញឧបទ្រព្យទាំងឡាយ។ ជើងមុខទាំងពីរប្រកបដោយក្រចកយ៉ាងមុតលើកឡើងខ្ពស់ជាកាយវិការហាក់ដូចជាសង្ក្រប់អ្វីមួយ ជាលក្ខណៈចាំវាយប្រហារសត្រូវ។

លក្ខណៈបែបនេះឆ្លុះបញ្ចាំងពីសត្វមានចលនាដែលបង្ហាញពីរបាំខ្មែរ ហើយនៅតែជាវប្បធម៌សំខាន់រហូតមកដល់បច្ចុប្បន្ន។ ក្នុងរបាំខ្មែរមានប្រវត្តិដ៏យូរលង់មុនសម័យអង្គរ (សតវត្សទី៦-៨) មកម្ល៉េះ ការសម្តែងតាមរយៈកាយវិការ និងឥរិយាបថដងខ្លួន តែងតែបង្ហាញតាមចម្លាក់ខ្មែរ។

សិលាចារឹកខ្មែរជាច្រើនអនេករៀបរាប់អំពីដង្វាយ (តម្ងាយ ឬវ្រះជំនួន) ជាអ្នករាំ (ម៌្មាំ) អ្នកចម្រៀង (ចំយ៌្យង) និងតន្ត្រី ថ្វាយដល់ទេពផ្សេងៗនៅតាមប្រាសាទ៕